មូលហេតុ​​នៅ​ពីក្រោយ​ប្រជាជន​ហុងកុង​ម្នាក់​ក្នុង​ចំណោម​ ១០ នាក់ គឺ​ជា​សេដ្ឋី​



កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ​គេ​​បាន​រក​ឃើញ​ថា ទីក្រុង​ហុងកុង​មាន​សេដ្ឋី ១​លាន​អ្នក ពោល​គឺ​បាន​កើន​ឡើង ១៥% ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៦ កន្លង​ទៅ។ ក្នុង​ចំណោម​សេដ្ឋី​ទាំង​នេះ មាន​សេដ្ឋី ៦៨ ០០០ នាក់​មាន​ទ្រព្យសម្បត្តិ​ចាប់​ពី ១,២៥ លាន​ដុល្លារ​ឡើង​ទៅ នេះ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ធនាគារ​អាមេរិក​ Citibank។

ជា​មួយ​នឹង​ប្រជាជន​សរុប​ប្រមាណ​ ៧,៣៦ លាន​អ្នក ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​មាន​ដ៏​ច្រើន​របស់​ប្រទេស​នេះ​គឺ​ដោយសារតែ​ការ​ឡើង​ថ្លៃ​នៃ​ទីផ្សារ​ភាគហ៊ុន និង​កំណើន​​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​​។ កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ សន្ទស្សន៍​ផ្សារភាគហ៊ុន Hang Seng Index របស់​ខ្លួន​បាន​ឡើង​ថ្លៃ​សរុប ៣៦% ខណៈ​ដែល​វិស័យ​អចលនទ្រព្យ​បាន​កើន​ឡើង ១៤% ធ្វើ​ឲ្យ​ប្រជាជន​ហុងកុង​ទាំង​ប្រុស​ទាំង​ស្រី កាន់តែ​មាន​ឡើង។ បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក Lawrence Lam តំណាង​ឲ្យ​ធនាគារ Citibank ប្រចាំ​ទីក្រុង​ហុងកុង​បាន​ឲ្យ​ដឹង​ថា កំណើន​​ក្នុង​វិស័យ​ផ្សារភាគហ៊ុន និង​អចលនទ្រព្យ​គឺ​ជា​​ហេតុផល​ដ៏​សំខាន់​ធ្វើ​ឲ្យ​ប្រជាជន​ទីក្រុង​នេះ​ក្លាយ​ជា​សេដ្ឋី​កាន់តែ​ច្រើន​ឡើង​ និង​មាន​កំណើន​ថែម​ទៀត​នៅ​​ក្នុង​ឆ្នាំ ២០១៨​នេះ។

លោក​បាន​​បកស្រាយ​​ថា ក្នុង​ចំណោម​សេដ្ឋី​​ហុងកុង និង​ចិន​ដីគោក ទ្រព្យសម្បត្តិ​ ៧០% របស់​​ពួកគេ​ បាន​មក​ពី​​វិស័យ​អចលនទ្រព្យ។ គិត​ជា​មធ្យម សេដ្ឋី​ហុងកុង​ម្នាក់​បាន​កាន់កាប់​អចលនទ្រព្យ ៣,២ កន្លែង​នៅ​ក្នុង​ទីក្រុង​ហុងកុង​ ខណៈ​ដែល​​​សេដ្ឋី​ចិន​ដីគោក កាន់កាប់​អចលនទ្រព្យ​ ៣,៧ កន្លែង។ ប៉ុន្តែ​សេដ្ឋី​​នានា​របស់​ដែន​កោះ​មួយ​​នេះ​កាន់កាប់​អចលនទ្រព្យ​នៅ​ក្រៅ​ប្រទេស​ច្រើន​ជាង​សេដ្ឋី​ចិន​ដីគោក ពោល​គឺ​មាន ១,៣% ខណៈ​សេដ្ឋី​ចិន​ដីគោក មាន​ត្រឹមតែ ០,៧% ប៉ុណ្ណោះ។

ក្រៅ​ពី​វិស័យ​អចលនទ្រព្យ​​​អ្នក​មាន​នៅ​ហុងកុង​ចូលចិត្ត​វិនិយោគ​​ជួញដូរ​លើ​ផ្សារភាគហ៊ុន និង​​​​រូបិយប័ណ្ណ​នៅ​លើ​ទីផ្សារ​ជួញដូរ​ធំៗ​ជុំវិញ​ពិភពលោក។ ក្រុម​សេដ្ឋី​ទាំង​នេះ​​បាន​វិយោគ​លើ​ទីផ្សារ​រូបិយប័ណ្ណ​ចំនួន ១៤% និង ៩% ផ្សេង​ទៀត​វិនិយោគ​លើ​ផ្សារភាគហ៊ុន ខណៈ​ដែល​សេដ្ឋី​ចិន​ដីគោក វិនិយោគ​លើ​រូបិយប័ណ្ណ ១២% និង ៧% លើ​ផ្សារភាគហ៊ុន។ យ៉ាងណាមិញ ​ចំណូល​របស់​ប្រជាជន​​ហុងកុង និង​ចិន​ដីគោក​គឺ​​មាន​ប្រភព​ខុស​គ្នា។ សេដ្ឋី​ហុងកុង​ទាំង​នោះ​និយាយ​ថា ៥៥% នៃ​​ចំណូល​ដែល​ពួកគេ​រក​បាន​ គឺ​បាន​មក​ពី​ប្រាក់​ខែ ខណៈ​ដែល​សេដ្ឋី​ចិន​ដីគោក​និយាយ​ថា ៥៥% នៃ​ចំណូល​របស់​ពួកគេ​បាន​មក​ពី​​ការ​រកស៊ី។ ក្រៅ​ពី​នោះ​​ពួកគេ​បាន​និយាយ​ថា ពួកគេ​មាន​លុយ​ដោយសារ​តែ​បាន​មក​ពី​ការ​វិនិយោគ និង​មរតក​ពី​ឪពុកម្ដាយ​របស់​ពួកគេ។ ធនាគារ​ខាងលើ​បាន​រក​ឃើញ​​ទៀត​ថា ៧១% នៃ​សេដ្ឋី​​​សរុប​មក​ពី​ចិន​ដីគោក មាន​ជំនួញ​ផ្ទាល់​ខ្លួន ខណៈ​ដែល​​សេដ្ឋី​ហុងកុង​មាន​ត្រឹមតែ ២១% តែប៉ុណ្ណោះ។ ប៉ុន្តែ​សេដ្ឋី​មក​ពី​តំបន់​ទាំង​​ពីរ​នេះ​និយាយ​ថា បរិស្ថាន​ទីក្រុង​ហុងកុង​​មិន​គួរ​ឲ្យ​ចង់​រស់នៅ​នោះ​ឡើយ​ ខណៈ​ដែល​សេដ្ឋី​ចិន​ដីគោក មាន​ការ​ព្រួយបារម្ភ​ពី​សុខភាព​របស់​ខ្លួន​​កាន់តែ​ច្រើន​ឡើងៗ ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​​សេដ្ឋី​ហុងកុង ១៧% មាន​គម្រោង​​ផ្លាស់ទី​លំនៅ​​ទៅ​រស់​នៅ​ប្រទេស​ផ្សេង ប្រៀបធៀប​នឹង​សេដ្ឋី​ចិន​ ២៦% មាន​គម្រោង​ដូចគ្នា​នេះ៕

​​ដោយ៖ សុរ៉ាន់ដា​

X
5s