យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ជប៉ុន កែប្រែខ្លួនពីប្រទេសរងគ្រោះដោយគ្រាប់បែកបរមាណូ​ ជាមហាអំណាចសេដ្ឋកិច្ច​



បើគេចង់រៀនសូត្រអំពីការអភិវឌ្ឍន៍ប្រទេស ឥរិយាបថរបស់ប្រជាជន ក៏ដូចជាគោលនយោបាយផ្សេងៗ គេប្រហែលជាជ្រើសយកប្រទេសជប៉ុនជាឧទាហរណ៍ ដើម្បីរៀនតាមហើយ ដោយសារតែប្រទេសនេះសឹងតែក្លាយជាប្រទេសដែលល្អឥតខ្ចោះមួយដែលពិបាកនឹងរកអ្នកដទៃមកប្រៀបបានទៅហើយ។ ប៉ុន្តែមុននឹងបានប៉ុននេះ ជប៉ុនធ្លាប់រងគ្រោះគ្រោះមួយដែលគ្មានប្រទេសណាផ្សេងៗធ្លាប់ឆ្លងកាត់នោះទេ ក្នុងមួយប្រវត្តិសាស្ត្រមនុស្សលោកនេះ នោះគឺការរងគ្រោះដោយការទម្លាក់គ្រាប់បែកបរិមាណូរបស់អាមេរិចកាលពីសង្គ្រាមលោកលើកទី២។

ប៉ុន្តែថ្វីបើខេត្តទាំង២របស់ខ្លួនដែលរងគ្រោះដោយគ្រាប់បែកប្រល័យលោក ជាមួយនឹងគ្រោះធម្មជាតិជិះជាន់គ្រប់ពេលវេលាមែនក៏ដោយ ជប៉ុននៅតែអាចអភិវឌ្ឍន៍ប្រទេសខ្លួនឱ្យ​ក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយនៅក្នុងតំបន់ និងនៅក្នុងពិភពលោក (បច្ចុប្បន្ន​ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ ៣ក្នុងលោក បន្ទាប់​ពី​អាមេរិក និង​ចិន)។ ខាងក្រោមនេះជាយុទ្ធសាស្ត្រមួយចំនួនដែលរដ្ឋាភិបាលជប៉ុនបានអនុវត្តន៍៖

១. ឱ្យ​អាទិភាពទៅឧស្សាហកម្មមួយចំនួនតូច កាលពីពេលដែលជប៉ុនចាប់ផ្តើមស្តារប្រទេសរបស់ខ្លួនឡើងវិញ ជប៉ុនបានឱ្យ​អាទិភាពទៅលើវិស័យមួយចំនួនតូចប៉ុណ្ណោះ គឺវិស័យឧស្សាហកម្មដែក និងឧបករណ៍អេឡិចត្រូនិចព្រោះរដ្ឋាភិបាលជប៉ុនយល់ថាប្រទេសខ្លួនមានជំនាញខ្ពស់ជាងគេ​នៅក្នុងវិស័យនេះ។ដើម្បីអាច​ឱ្យ​វិស័យទាំងនេះដើរទៅមុខបានដោយរលូន រដ្ឋាភិបាលជប៉ុនបានព្យាយាមបង្កើតរោងចក្រឧស្សាហកម្ម​ឱ្យ​បានច្រើនតាមតំបន់ផ្សេងៗក្នុងប្រទេសខ្លួន ដើម្បីបង្កើតជាសំណាញ់រោងចក្រធន់ធ្ងន់មួយនៅពាសពេញផ្ទៃប្រទេសតែម្តង។

២. គោលនយោបាយវិមជ្ឈការ (Japan Inc.) គោលនយោបាយនេះគឺផ្តោតសំខាន់ទៅលើអំណាច និងទំនួសខុសត្រូវដ៏ធំរបស់ក្រសួងពាណិជ្ជកម្មនៅក្នុងការគ្រប់គ្រងលើក្រុមហ៊ុន និងការវិនិយោគទាំងអស់នៅក្នុងប្រទេស។ ទន្ទឹមនឹងនេះ ជប៉ុនក៏បានបើកដៃយ៉ាងទូលាយ ឱ្យ​អាមេរិក​ចូលមកបណ្តាក់ទុនក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីសង្គ្រាមចប់មិនទាន់បានប៉ុន្មានផង។ លើសពីទៅទៀត ជប៉ុនបានពង្រឹងវិស័យនាំចេញ ពោល​គឺ​ពង្រីក​ទីផ្សារ​ក្រៅ​ប្រទេស​ច្រើន​ ដោយកាត់បន្ថយការនាំចូលយ៉ាងច្រើន។ ក្នុងនោះផងដែរ ធនាគារជប៉ុនបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនឱ្យ​ទៅអាជីវកម្ម និងក្រុមហ៊ុនផ្សេងៗ ដើម្បីលើកទឹកចិត្ត​ឱ្យ​បានការវិនិយោគច្រើន។

៣. ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍អេឡិចត្រូនិចក្នុងការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ជប៉ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ ប៉ុន្តែបន្ទាប់ពីការផ្តោតសំខាន់លើវិស័យនេះអស់រយះពេលជិត ២០ឆ្នាំ ជប៉ុនបានយល់ថា ខ្លួនមិនអាចនៅតែចំណាយ​ប្រាក់នៅក្នុងវិស័យនេះតែមួយទៀតបាននោះទេ ដូច្នេះហើយខ្លួនចាប់ផ្តើមងាកមករកផលិតកម្មឧបករណ៍អេឡិចត្រូនិចវិញម្តង។ ការសម្រេចចិត្តនេះបានធ្វើឱ្យ​​ជប៉ុនក្លាយជាប្រទេសនាំចេញសម្ភារៈ​អេឡិចត្រូនិក​យ៉ាងល្បីមួយនៅក្នុងពិភពលោក។

៤. គោលនយោបាយ “suriawase” គោលនយោបាយនេះគឺត្រូវបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ដោយគោលនយោបាយនេះ គឺផ្តោតសំខាន់ទៅលើការសហការធ្វើការជាមួយគ្នារវាងបុគ្គលិកគ្រប់វិស័យដើម្បីសម្រេច​ឱ្យ​បាននូវភាពជោគជ័យមួយ។ មានន័យថា ជៀសវាងការដែលបុគ្គលិកមួយផ្នែកៗធ្វើការរៀងៗខ្លួនតាមទំនួលខុសត្រូវរបស់ខ្លួន គោលនយោបាយនេះតម្រូវ​ឱ្យ​បុគ្គលិកគ្រប់ផ្នែកចូលរួមជួយគ្នាធ្វើយ៉ាងណា​ឱ្យ​ការងារនោះសម្រេចទៅដោយរលូន មិនថាវាគឺជាទំនួលខុសត្រូវរបស់នរណាឡើយ។

៥. វិស័យអប់រំត្រូវបានពង្រឹង​ឱ្យ​ល្អ​បំផុត​ ដើម្បីផលិតធនធានមនុស្សដែលមានសមត្ថភាព ពោរពេញដោយចំណេះដឹង និងចំណេះធ្វើ ជប៉ុនបានរៀបចំថវិការជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដោយសារតែមានធនធានដែលប្រកបដោយគុណភាពនេះហើយដែលបានរួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍន៍គំនិតថ្មី​ច្នៃ​ប្រឌិតជាច្រើន ដែលជួយដល់ការអភិវឌ្ឍន៍ ​ឱ្យជប៉ុនក្លាយជាមហាអំណាចសេដ្ឋកិច្ចមកទល់ពេលនេះ៕

ដោយ៖ វត្តី សុត្ថា

X
5s