មេរៀនជីវិតទាំង ៦ដ៏មានតម្លៃដែលអ្នកអាចរៀនសូត្រពី សត្វឃ្មុំ
សត្វឃ្មុំជាសត្វដែលមានរូបរាងតូច ប៉ុន្តែវាជាសត្វដែលមានប្រយោជន៍ខ្លាំង។ ទឹកឃ្មុំ ត្រូវគេចាត់ទុកថាមានអត្ថប្រយោជន៍មាហាសាលដល់សុខភាពនិងសម្រស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចរៀនសូត្រពីសត្វឃ្មុំនូវមេរៀនជីវិតដ៏មានតម្លៃបានផងដែរ បើទោះបីជាវាជាសត្វដែលគ្មានការគិតពិចារណាដូចមនុស្សក៏ដោយ។ ខាងក្រោមនេះ គឺជាមេរៀនជីវិតទាំង ៦ ដែលអ្នកអាចរៀនសូត្រពីសត្វឃ្មុំ៖
១) មិនអាត្មានិយម៖ សត្វឃ្មុំទាំងអស់ក្នុងសំបុកដឹងពីតួនាទីរៀងៗខ្លួន ហើយពួកវាខិតខំធ្វើការអស់ពីសមត្ថភាពដើម្បីសបុកទាំងមូល។ ដូចនេះ កុំអនុញ្ញាតិឲ្យការច្រណែនពីឋានៈតួនាទីរបស់អ្នកក្នុងគ្រួសារឬស្ថាប័នធ្វើឲ្យអ្នកមិនសប្បាយចិត្ត អាក់អន់ស្រពន់ចិត្ត។ អ្នកត្រូវបំពេញភារៈកិច្ចរៀងៗខ្លួនរបស់អ្នកឲ្យអស់ពីសមត្ថភាពដើម្បីភាពរីកចម្រើន។
២) ការធ្វើការជាក្រុម៖ ប្រសិនបើក្រុមឃ្មុំមិនខិតខំធ្វើការជាក្រុមទេ ក្រុមទាំងមូលនឹងប្រាកដជាបែកបាក់សាមគ្គីស្លាប់ទាំងអស់។ ដូចនេះ ឃ្មុំទាំងអស់ត្រូវតែខិតខំផ្គត់ផ្គង់សំបុក ខិតខំសាងសង់ក្រុមរបស់ខ្លួន។ មនុស្សយើងក៏មិនខុសពីសត្វឃ្មុំដែរ យើងត្រូវធ្វើការជាក្រុមដើម្បីឲ្យគ្រួសារក៏ដោយសារស្ថាបនមួយរីកចម្រើន។ អ្នកមិនអាចជោគជ័យតែម្នាក់ឯងបានទេប្រសិនបើគ្មានការជួយជ្រោមជ្រែងពីអ្នកនៅជុំវិញខ្លួនអ្នក។
៣) គម្រោងក្នុងពេលអនាគត៖ ក្នុងពេលរដូវត្រជាក់ឃ្មុំត្រូវការចំណីអាហារដើម្បីផ្គត់ផ្គង់សមាជិករបស់វា។ ដូចនេះ ឃ្មុំទាំងអស់ត្រូវស្វែងរកចំណីដើម្បីត្រៀមទុករួចជាស្រេច។ មនុស្សយើងម្នាក់ៗមិនខុសពីសត្វឃ្មុំនោះដែរ អ្នកត្រូវតែមានគោលដៅសម្រាប់ថ្ងៃអនាគត។ នៅពេលអ្នកមានគោលដៅ អ្នកនឹងចាប់ផ្ដើមធ្វើសកម្មភាពរៀងរាល់ថ្ងៃ ដើម្បីសម្រេចគោលដៅធំរបស់អ្នកក្នុងពេលអនាគត។
៤) ការពារសំបុក៖ មានសត្វជាច្រើនដែលចង់បំផ្លាញសំបុកសត្វឃ្មុំដូចជា សត្វអណ្ដើកមាស សត្វចៃផ្សេងៗ។ សត្វឃ្មុំមានភាពអង់អាចក្លាហានក្នុងការប្រឆាំងរារាំងនឹងសត្រូវ ដើម្បីឲ្យសំបុកវាមានសុវត្តិភាព។ ដូចទៅនឹងសត្វឃ្មុំ អ្នកត្រូវធ្វើជាមនុស្សក្លាហានហ៊ានការពារគ្រួសាររបស់អ្នក។ កុំក្លាចក្នុងការជួយអ្នកដទៃ។
៥) ប្រសិទ្ធភាព៖ សត្វឃ្មុំមិនធ្វើការច្រើនមុខក្នុងពេលតែមួយនោះទេ។ ពួកវាធ្វើការតែធ្វើដែលជាចាំបាច់ដែលជាភារៈកិច្ចរបស់វាតែប៉ុណ្ណោះ ពីព្រោះថាសត្វឃ្មុំមានកិច្ចការរៀងៗខ្លួន។ អ្នកត្រូវផ្ដោតលើអ្វីដែលអ្នកកំពុងធ្វើ កុំខ្ជះខ្ជាយពេលវេលារបស់អ្នក។ អ្នកត្រូវរៀនធ្វើកិច្ចការឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល កុំធ្វើការលំៗឲ្យរួចពីដៃ។ ការធ្វើការយ៉ាងហ្មត់ចត់ជួយឲ្យអ្នកមានទម្លាប់ល្អ ក្លាយជាមនុស្សហ្មត់ចត់។
៦) ទំនាក់ទំនង៖ សត្វឃ្មុំទំនាក់ទំនងតាមរយៈការផ្លាស់ប្ដូរ និងរាំដើម្បីឲ្យក្រុមរបស់ខ្លូនដឹងពីទីកន្លែងដែលមានលំអងផ្កា។ ប្រសិនបើសត្វឃ្មុំប្រើប្រាស់ទ្រនិចរបស់វា វាបញ្ចេញក្លិនម្យ៉ាងដែលប្រាប់ទៅដល់សមាជិកក្រុមរបស់វាថាមានអ្នកឈ្លានពាន។ ការទំនាក់ទំនងដែលមានភាពច្បាស់លាស់ ធ្វើឲ្យការឃ្មុំទាំងអស់អាចធ្វើការបានយ៉ាងល្អ។ អ្នកក៏ត្រូវមានទំនាក់ទងផងដែរជាមួយមិត្តរួមការងារ គ្រួសារ និងអ្នកដទៃ។ ទំនាក់ទំនងល្អជួយបង្កើនប្រសិទ្ធភាពការងារ និងកសាងភាពជោគជ័យក្នុងជីវិតរបស់អ្នក៕
ចុចអាន៖ មេរៀនជីវិតទាំង ៦ ដែលអ្នកអាចរៀនសូត្រពី «សត្វតោ»
ដោយ៖ លង់ វណ្ណៈ