រឿងរ៉ាវទាំង៣ យ៉ាងដែលអ្នកគ្រប់គ្រងអាជីវកម្មគួរតែដឹង
ពិតណាស់ដើម្បីធ្វើជាអ្នកគ្រប់គ្រងម្នាក់វាពិតជាមិនមានភាពងាយស្រួលនោះទេ។ បើធ្វើជាអ្នកគ្រប់គ្រងដែលពូកែទៀតនោះគឺរឹតតែពិបាកទៅទៀត ព្រោះថាអ្នកត្រូវមានជំនាញ សមត្ថភាព បទពិសោធន៍ និងភាពឆ្លាតវៃស្ទើរគ្រប់ស្ថានការណ៍។
ហេតុនេះហើយអត្ថបទខាងក្រាមនេះនឹងបង្ហាញអ្នកអំពីរឿងរ៉ាវ ៣យ៉ាងដែលអ្នកគ្រប់គ្រងទាំងឡាយគួរដឹង៖
១) អ្នកត្រូវបណ្ដុះបណ្ដាលអ្នកនៅក្នុងក្រុមរបស់អ្នក៖
ក្នុងនាមជាអ្នកគ្រប់គ្រងម្នាក់គឺត្រូវមានទំនួលខុសត្រូវទៅលើការគ្រប់គ្រងបុគ្គលិក ការវាស់ស្ទុងសមត្ថភាពរបស់បុគ្គលិក និងការដឹកនាំពួកគេឲ្យរួបរួមគ្នា ចេះសហការគ្នាដើម្បីធ្វើការជាក្រុម និងសម្រេចគោលដៅរបស់ក្រុមហ៊ុនទាំងមូល។ ទោះបីជាដឹងហើយថា មនុស្សគ្រប់រូបតែងតែមានភាពជាបុគ្គល ប៉ុន្តែអ្នកត្រូវប្រាកដថាធ្វើយ៉ាងណាដើម្បីឲ្យពួកគេអាចធ្វើការរួមគ្នាជាក្រុមមួយបាន។
២) អ្នកត្រូវចេះស្តាប់អ្នករួមក្រុម
ជាអ្នកគ្រប់គ្រងម្នាក់គឺទាមទារឲ្យអ្នកដឹងថាដំណើរការរលូតនៃការងារទាំងឡាយដែលកើតមានឡើងនៃក្រុមរបស់អ្នកគឺដោយសារតែមានការសហការគ្នា សាមគ្គីគ្នារបស់សមាជិកម្នាក់ៗក្នុងក្រុមរបស់អ្នក។ ដូចច្នេះហើយអ្នកត្រូវតែចេះផ្តល់សិទ្ធិអាទិភាពដល់ពួកគេដើម្បីឲ្យមានការបញ្ចេញមតិយោបល់ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើននៃក្រុមហ៊ុន ឬអាជីវរកម្មរបស់អ្នក។
៣) អ្នកត្រូវមានការតាមដានសមត្ថភាពបុគ្គលិកនៅក្នុងក្រុម
ជាការពិតណាស់ការគ្រប់គ្រងការងារជាក្រុមមួយគឺពិតជាមានការលំបាកបន្តិចហើយ ព្រោះថាការងារមួយជោគជ័យទៅបានលុះត្រាតែមានការសហការពីមនុស្សនៅក្នុងក្រុមទាំងអស់ សមត្ថភាពរបស់មនុស្សនៅក្នុងក្រុមក៏ត្រូវតែមានភាពប្រហាក់ប្រហែលគ្នានោះផងដែរ។ ហេតុនេះហើយអ្នកគ្រប់គ្រងត្រូវត្រូវមានភាពឆ្លាតវៃក្នុងការតាមដាន និងកែលំអអ្នកណាដែលមានចន្លោះខ្វះខាត និងបង្ហាត់បង្រៀនពួកគេបន្ថែម៕