ទម្លាប់ប្រចាំថ្ងៃ១ដែលអ្នកគួរធ្វើរាល់ថ្ងៃដើម្បីអាចក្លាយជាអ្នកមានបាន
សុបិនក្លាយជាអ្នកមាន អ្នកណាៗក៏មានដែរ ប៉ុន្តែវិធីដើម្បីក្លាយជាអ្នកមាន មិនមែនមនុស្សគ្រប់គ្នារកឃើញ និងអាចធ្វើបាននោះទេ។ ទម្លាប់ប្រចាំថ្ងៃរបស់លោកអ្នក គឺពិតជាសំខាន់ ក្នុងការនាំអ្នកទៅកាន់ភាពជោគជ័យបាននោះ។
ទម្លាប់មួយដែលអាចផ្លាស់ប្ដូរអ្នក ពីអ្នកក្រ ក្លាយទៅជាអ្នកមានបាននោះ គឺ វិន័យ (discipline)។ ប្រសិនបើលោកអ្នកមានវិន័យច្បាស់លាស់សម្រាប់ខ្លួនឯងនោះ ច្បាស់ណាស់ថា លោកអ្នកអាចសម្រេចគោលដៅជាច្រើនបាន។ ចុះធ្វើម៉េចដើម្បីធ្វើខ្លួនឱ្យកាន់តែមានវិន័យក្នុងកិច្ចការងារប្រចាំថ្ងៃនោះ? នេះគឺជាគន្លឹះ៖
១) មានទស្សនវិស័យច្បាស់លាស់៖ លោកអ្នកត្រូវមាន និងកំណត់ទស្សនវិស័យផ្ទាល់ខ្លួនឱ្យបានច្បាស់លាស់។ មានតែអ្នកខ្លួនឯងទេ ដែលដឹងថា អ្នកអាចធ្វើអ្វីបាន ហើយដឹងច្បាស់ពីផ្លូវដែលត្រូវទៅ។
២) ទទួលយកដំណើររាំងស្ទះ៖ ផ្លូវទៅកាន់ជោគជ័យមិនមែនមានក្រាលព្រំនោះទេ ច្បាស់ណាស់ថាលោកអ្នកជាន់បន្លា។ ដូច្នេះត្រូវចេះទទួលយកដំណើររាំងស្ទះ ហើយត្រូវតែកំណត់ថា អ្នកត្រូវទៅ ឬក៏មិនត្រូវទៅមុខទៀត។
៣) ធ្វើខ្លួនឱ្យរវល់៖ ត្រូវខិតខំបំពេញការងារ ពោលគឺធ្វើខ្លួនឱ្យរវល់ទៅនឹងកិច្ចការដែលអ្នកត្រូវសម្រេចឱ្យបាននោះ។ ត្រូវតែរវល់នឹងរឿងមានប្រយោជន៍ចំពោះខ្លួនឯង។
៤) ដើរទៅមុខមិនរាថយ៖ ទោះលូន ទោះវារ ទោះក្រាប គឺត្រូវតែទៅមុខជានិច្ច។ ចេះស្វែងរកវិធីដោះស្រាយបញ្ហាពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ធ្វើចំណុចទាំងបួនខាងលើបាន អ្នកប្រាកដជាមានវិន័យសម្រាប់ខ្លួនឯង និងអាចផ្លាស់ប្ដូរបានជាវិជ្ជមាន៕
ដោយ៖ រតនៈវិភូ