អត្ថប្រយោជន៍ ៦យ៉ាង​នៃ​ការ​វិនិយោគ​នៅ​ផ្សារ​មូលបត្រ​ ​ដែល​លោក​អ្នក​គួរ​ដឹង​​



បច្នុប្បន្ន ទីផ្សារភាគហ៊ុនកំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ជាពិសេសក្រុមហ៊ុនដែលបានចុះបញ្ជី និងលក់ភាគហ៊ុននៅក្នុងទីផ្សារមូលបត្រកម្ពុជា។ ទន្ទឹមនឹងនោះ អ្នកទិញភាគហ៊ុនឬអ្នកវិនិយោគិន ក៌ទទួលបានអត្ថប្រយោជន៍ជាច្រើន​ផង​ដែរ តាមការវិនិយោគលើវិស័យភាគហ៊ុននេះ។ ថ្ងៃនេះយើងនឹងលើកយកចំនុចសំខាន់ៗ ៦ យកមកចែកលែក។ ចង់ដឹងថា មានអ្វីខ្លះអានជាមួយ Bizkhmerទាំងអស់គ្នា!

១-ទទួលបានប្រាក់ចំណេញពីការជួញដូរភាគហ៊ុន និង ទទួលបានភាគលាភ

អត្ថប្រយោជន៍ចម្បងពីការវិនិយោគក្នុងទីផ្សារភាគហ៊ុន គឺ ឱកាសទទួលបានប្រាក់ចំណេញ។ ការវិនិយោគជាមួយក្រុមហ៊ុនដែលមានស្ថេរភាព និង សក្ដារនុពល អាចនឹងធ្វើឱ្យ​វិនិយោគិន ទទួលបានប្រាក់ចំនេញ ដោយទិញនៅពេលភាគហ៊ុនមានតម្លៃទាប ហើយលក់ទៅវិញនូវពេលហ៊ុនឡើងថ្លៃ។ ភាគហ៊ុនជាច្រើនបានផ្ដល់ឱ្យ​លោកអ្នកនូវប្រាក់ចំណូល ក្នុងទម្រង់ជាភាគលាភ ដែលជាចំណែកនៃប្រាក់ចំនេញដែលក្រុមហ៊ុនរកបាន ហើយបង់ចំណែកនោះជូនវិនិយោគិនប្រចាំឆ្នាំ។

២-ជាជម្រើសល្អបំផុតសម្រាប់ការសន្សំ

ការវិនិយោគភាគហ៊ុនមានសារៈសំខាន់ណាស់ សម្រាប់សន្សំ និងវិនិយោគសម្រាប់អនាគត ហើយអ្នកជំនាញផ្នែកវិនិយោគភាគច្រើនក្នុងពិភពលោក សុទ្ធតែយល់ស្របថាការវិនិយោគភាគហ៊ុន ជាជម្រើសល្អបំផុត សម្រាប់ការសន្សំ ដោយសារតែភាគហ៊ុនជាជម្រើសសម្រាប់ការវិនិយោគដ៌ល្អមួយ ដែលអាចបង្កើនប្រាក់ក្នុងអត្រាចំនូលខ្ពស់ ជាងជម្រើសវិនិយោគផ្សេងៗទៀតក្នុងរយៈពេលវែង។

៣-ការធ្វើពិពិធកម្ម (Diversification)

ការធ្វើពិពិធកម្មទៅលើភាគហ៊ុនគឺជាបច្ចេកទេសមួយដែលអាចជួយកាត់បន្ថយហានិភ័យក្នុងការវិយោគ ដោយការបែងចែកទឹកប្រាក់វិនិយោគ ទៅលើឧបករណ៍ហិរញ្ញវត្ថុផ្សេងៗគ្នា ឬ ទៅលើក្រុមហ៊ុនផ្សេងៗគ្នា។ គោលបំណងនៃការធ្វើបែបនេះ គឺ ដើម្បីបង្កើនឱកាសទទួល បានបានប្រាក់ចំណេញ ពី ការវិនិយោគ ក្នុងឧបករណ៍ហិរញ្ញវត្ថុច្រើនផ្សេងៗគ្នា ។ ការធ្វើពិពិធកម្មដោយវិនិយោគភាគហ៊ុនអាចជួយវិនិយោគិន កាត់បន្ថយការខាតបង់ និង ជៀសវាងការវិនិយោគ ដែលមានភាពអភិរក្សពេក។

៤-ទទួលបានជាម្ចាស់កម្មសិទ្ធិក្នុងក្រុមហ៊ុនជោគជ័យ

ការទិញភាគហ៊ុន គឺមានន័យថាលោកអ្នកទទួលយកចំណែក នៃភាពជាម្ចាស់កម្មសិទ្ធពីក្រុមហ៊ុនដែលបានលក់ភាគហ៊ុន ហើយលោកអ្នកក៌មានសិទ្ធិទទួលបាននូវ ចំណែក នៃប្រាក់ចំនេញដែលក្រុមហ៊ុនទទួលបានបានផងដែរ ។ ភាគហ៊ុនិក មានសិទ្ធិបោះឆ្នោត នឹងមានចំណែក ចូលរួមសម្រេចចិត្តក្នុងអាជីវកម្មរបស់ក្រុមហ៊ុន តាមសមាមាត្រ នៃភាគហ៊ុនដែលខ្លួនកាន់កាប់។

៥-រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

ការវិនិយោគភាគហ៊ុនរបស់វិនិយោគិន មិនគ្រាន់តែទទួលបានប្រាក់ចំណេញប៉ុណ្ណោះទេ ថែមទាំងអាចជួយក្រុមហ៊ុនដែលបោះផ្សាយលក់ភាគហ៊ុន អោយទទួលបានដើមទុនបន្ថែមសម្រាប់ពង្រឹងអាជីវកម្ម និង សមត្ថភាពជួលបុគ្គលិកធ្វើការបន្ថែម។ ក្នុងន័យនេះ ការវិនិយោគភាគហ៊ុន គឺជាការចូលរួមចំណែកជួយបង្កើតការងារ និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។

៦-ទីផ្សារភាគហ៊ុនជាឧបករណ៍វាស់ស្ទង់សេដ្ឋកិច្ច

ទីផ្សារភាគហ៊ុន ត្រូវបានគេចាត់ទុកជាជីពចរនៃសេដ្ឋកិច្ច ឬ ជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស ត្បិតទីផ្សារភាគហ៊ុន ជាសូចនាករសេដ្ឋកិច្ចសំខាន់ ដែលជជំនួយសម្រាប់វិនិយោគិនក្នុងការរៀបចំ និង សម្រេចចិត្តវិនិយោគ អោយបានត្រឹមត្រូវ ហើយទីផ្សារភាគហ៊ុនក៌អាចជួយពង្រីកចំណេះដឹងរបស់ប្រជាជន អំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។ ដោយ៖ គីម ច័ន្ទលាភ ប្រភព៖ផ្សារមូលបត្រកម្ពុជា

X
5s