អ្វីទៅ​ជា​បំណុល​សាធារណៈ (Public Debt)?​



បើ​គេ​និយាយ​ពី​បំណុល​សាធារណៈ (Public Debt) គឺ​​​គេ​ចង់​សំដៅ​​លើ​​ចំនួន​ទឹកប្រាក់​​ដែល​​រដ្ឋាភិបាល​ប្រទេស​មួយ​ជំពាក់​​ភាគី​ផ្សេង​ទៀត​​​។ បំណុល​​ដែល​ជំពាក់​​​នេះ​​មាន​ដូច​ជា ​បំណុល​ដែល​ជំពាក់​លើ​​​​បុគ្គល​​​ឯកជន​ណា​ម្នាក់​​ អាច​ជា​ក្រុមហ៊ុន​អាជីវកម្ម ​ឬ​រដ្ឋាភិបាល​បរទេស​​ជា​ដើម​។ បំណុល​សាធារណៈ (Public Debt) ពេល​ខ្លះ​​​គេ​​ក៏​អាច​ហៅ​បាន​ម្យ៉ាង​ទៀត​​ថា “Sovereign Debt" ផង​ដែរ​។

ទោះបី​ជា​បែប​នេះ​ក្តី ជារឿយៗ​បំណុល​សាធារណៈ​​នេះ​គឺ​គេ​សំដៅ​ទៅ​លើ​បំណុល​ជាតិ​នេះ​ឯង (National Debt)។ ប៉ុន្តែ​​នៅ​តាម​បណ្តា​ប្រទេស​​មួយ​ចំនួន​​បំណុល​ជាតិ​នេះ​មិនមែន​ទាល់តែ​​​រដ្ឋាភិបាល​​ជំពាក់​ទើប​ហៅ​ថា បំណុល​ជាតិ​នោះ​ទេ​។ សូម្បីតែ​​រដ្ឋបាល​​ថ្នាក់​ខេត្ត​​ និង​ក្រុង​​នៃ​ប្រទេស​ទាំង​នោះ​​ដែល​ជំពាក់​​បំណុល​​គេ​ ក៏​បំណុល​នោះ​គេ​ហៅ​បំណុល​ជាតិ​ដែរ។ បើ​និយាយ​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ​ទៀត បំណុល​សាធារណៈ​គឺ​ជា​​​ឱនភាព​ថវិកា​ជាតិ​ (Budget Deficits) ប្រចាំ​ឆ្នាំ​ដែល​រដ្ឋ​​មួយ​មាន​នៅ​ក្នុង​ដៃ​។ នេះ​​ដោយសារតែ​ការ​ចំណាយ​លើស​​ចំណូល​ដែល​រដ្ឋាភិបាល​​​របស់​ប្រទេស​នោះ​​រក​បាន​តាម​រយៈ​គោលនយោបាយ​ពន្ធដារ​របស់​ខ្លួន និង​គោលនយោបាយ​ផ្សេង​ទៀត។

​​តើ​បំណុល​សាធារណៈ (Public Debt)​ ខុស​គ្នា​ពី​​​បំណុល​​បរទេស (External Debt) ដូចម្តេច​ខ្លះ? សូម​កុំ​យល់​ច្រឡំ​បំណុល​សាធារណៈ​​ទៅ​នឹង​​បំណុល​​បរទេស​។ បំណុល​​បរទេស​​វា​គឺ​ជា​ចំនួន​ទឹកប្រាក់​ដែល​​រដ្ឋាភិបាល ​វិស័យ​ឯកជន ឬ ក្រុមហ៊ុន​អាជីវកម្ម​ណា​មួយ​​ជំពាក់​​វិនិយោគិន​បរទេស​​ប៉ុណ្ណោះ​​។ បំណុល​សាធារណៈ​​វា​អាច​ប៉ះពាល់​ដល់​បំណុល​បរទេស​ ពី​ព្រោះ​ថា​ប្រសិន​បើ​អត្រា​ការប្រាក់​​នៃ​​បំណុល​សាធារណៈ​កើន​ឡើង​ ​ ​នោះ​​បំណុល​ឯកជន​ទាំង​អស់​ក៏​កើន​ឡើង​ដែរ​។ នេះ​ហើយ​ជា​មូលហេតុ​​ដែល​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​អាជីវកម្ម​​​​តែង​ដាក់​សម្ពាធ​​មក​លើ​រដ្ឋាភិបាល​របស់​​ខ្លួន​ឱ្យ​រក្សា​បំណុល​សាធារណៈ​នៅ​ក្នុង​​ចំនួន​មួយ​សមរម្យ។

តើ​​ការ​ជំពាក់​បំណុល​របស់​រដ្ឋ​មួយ​​ពី​រដ្ឋ​មួយ​ទៀត​សុទ្ធតែ​ជា​​រឿង​មិន​ល្អ​​មែន​ឬ? បើ​និយាយ​ពី​បំណុល​​របស់​រដ្ឋ​មួយ​ វា​មិនមែន​សុទ្ធតែ​មិន​ល្អ​នោះ​ទេ។ ​នៅ​​​ក្នុង​រយៈពេល​ខ្លី​ ទៅ​មុខ បំណុល​សាធារណៈ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​​មួយ និង​ពេញ​និយម​​សម្រាប់​ប្រទេស​នានា​ដើម្បី​ទទួល​បាន​មូលនិធិ​បន្ថែម​យក​មក​​កសាង​អភិវឌ្ឍ​​​សេដ្ឋកិច្ច​របស់​ខ្លួន​។ វា​ជា​មធ្យោបាយ​​ដ៏​មាន​​​សុវត្ថិភាព​​សម្រាប់​​វិនិយោគិន​បរទេស​​​ដើម្បី​​ដាក់​ទុន​មក​​​វិនិយោគ​​​​​​តាមរយៈ​ការ​ទិញ​ចូល​មូលបត្រ​បំណុល​របស់​រដ្ឋាភិបាល​នោះ​​​។ ​ប្រសិន​បើ​បំណុល​សាធារណៈ​នេះ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ត្រឹមត្រូវ ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្តង់ដារ​រស់នៅ​​របស់​​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នោះ។ នោះ​​ក៏ដោយសារតែ​វា​អាច​​​ធ្វើ​ឱ្យ​រដ្ឋាភិបាល​​មាន​លទ្ធភាព​សាងសង់​ផ្លូវថ្នល់​ ​ស្ពាន​ថ្មីៗ​ ​មន្ទីរពេទ្យ កែលំអ​​ប្រព័ន្ធ​អប់រំ ​ការ​បណ្តុះបណ្តាល​​ទីផ្សារ​ការងារ និង​ផ្តល់​ប្រាក់​សោធន​​ ជូន​ពលរដ្ឋ​ជា​ដើម​។ នេះ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​​ចំណាយ​ច្រើន​នៅ​​ពេល​បច្ចុប្បន្ន​ជំនួស​ឱ្យ​ការ​សន្សំប្រាក់​​ទុក​សម្រាប់​ចូលនិវត្តន៍។ នៅ​ពេល​ដែល​​ចំណាយ​​របស់​ពលរដ្ឋ​មាន​ការ​កើន​ឡើង នោះ​សេដ្ឋកិច្ច​នឹង​​មាន​កំណើន​​ដែរ​៕

ប្រភព៖ cnbc

X
5s