ពន្ធអ្វីខ្លះដែលត្រូវបង់នៅពេលម្ចាស់អាជីវកម្មចុះបញ្ជីពន្ធ?
យោងតាមច្បាប់របស់កម្ពុជា មានពន្ធជាច្រើនប្រភេទដែលម្ចាស់អាជីវកម្មត្រូវបង់នៅពេលដែលអាជីវកម្មរបស់ខ្លួនប្រតិបត្តិការម។ ម្ចាស់អាជីវកម្មនីមួយៗ អាចជាប់ពន្ធតិចឬច្រើនគឺអាស្រ័យលើប្រភេទ និងសកម្មភាពអាជីវកម្មរបស់ខ្លួន។ យ៉ាងណាមិញ នៅខាងក្រោមនេះ យើងសូមណែនាំលោកអ្នកនូវប្រភេទពន្ធសំខាន់ៗ ដែលក្រុមហ៊ុនទូទៅត្រូវមានជាប់កាតព្វកិច្ចបង់ពន្ធ៖
ក.ពន្ធលើប្រាក់ចំណេញ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ សម្រាប់សហគ្រាសដែលជាប់ពន្ធលើប្រាក់ចំណេញតាមរបបពិត និងគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលជាប់ពន្ធលើប្រាក់ចំណេញតាមអត្រា ៩% ត្រូវមានកាតព្វកិច្ចបង់ប្រាក់រំដោះប្រចាំខែ។ ប្រាក់រំដោះប្រចាំខែនេះ ត្រូវអនុវត្តតាមអត្រា ១% នៃផលរបរបូករួមបញ្ចូលទាំងពន្ធអាករទាំងអស់លើកលែងតែពន្ធអាករលើតម្លៃបន្ថែម។ ពន្ធនេះត្រូវបរិចេ្ឆទផុតកំណត់ពីថ្ងៃទ១ ដល់ថ្ងៃទី ២០ រៀងរាល់ខែនីមួយៗ។
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ សម្រាប់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ម្ចាស់សហគ្រាសត្រូវបង់ពន្ធ សរុបចំនួន ២០% នៃចំណូលសរុបរបស់ខ្លួន។ ដូចនេះ ម្ចាស់អាជីវកម្មអាចដកចេញ ១% នៃប្រាក់រំដោះពន្ធលើប្រាក់ចំណេញដែលខ្លួនបានបង់ជារៀងរាល់ខែនៅក្នុងមួយឆ្នាំ។ ការបរិច្ឆេទផុតកំណត់ពន្ធនេះ គឺចាប់ពីខែមករារហូតដល់ខែមីនាជារៀងរាល់ឆ្នាំ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានបែងចែកដូចតទៅនេះ៖ -ពី ០៛ ដល់ ១២ ០០០ ០០០៛ មានអត្រាពន្ធ ០% -ពី ១២ ០០០ ០០០៛ ដល់ ១៨ ០០០ ០០០៛ មានអត្រាពន្ធ ៥% -ពី ១៨ ០០០ ០០០៛ ដល់ ១០២ ០០០ ០០០៛ មានអត្រាពន្ធ ១០% -ពី ១០២ ០០០ ០០០៛ ដល់ ១៥០ ០០០ ០០០៛ មានអត្រាពន្ធ ១៥% -លើសពី ១៥០ ០០០ ០០០៛ មានអត្រាពន្ធ ២០%។
ខ.ពន្ធកាត់ទុក អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្មហើយបានទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុទៅឱ្យដល់អ្នកជាប់ពន្ធនិវាសនជនត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់ដូចខាងក្រោមលើការទូទាត់មុនកាត់ទុកប្រាក់ពន្ធ៖ -អត្រា ១៥ % ចំពោះ៖ ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល។ សួយសារចំពោះទ្រព្យអរូបី និងភាគកម្មក្នុងធនធានរ៉ែ និងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនប្រកបអាជីវកម្ម ដែលមិនមែនជាធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន -អត្រា ១០% ចំពោះប្រាក់ចំណូលពីការឱ្យជួលចលន ឬអចលនទ្រព្យ -អត្រា ៦% ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីបញ្ញើមានការកំណត់ -អត្រា ៤% ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីសន្សំគ្មានការកំណត់។
គ.ពន្ធអាករលើតម្លៃបន្ថែម ពន្ធអាករលើតម្លៃបន្ថែមតាមស្តង់ដារ គឺ10% ដែលត្រូវបានអនុវត្តលើការផ្គត់ផ្គង់ទាំងអស់ លើកលែងតែការនាំចេញ និងការផ្គត់ផ្គង់ដែលមិនជាប់ពន្ធ។ ចំពោះទំនិញនាំចេញពីប្រទេសកម្ពុជា និង សេវាកម្មផ្សេងទៀតដែលប្រើប្រាស់នៅក្រៅប្រទេស មិនត្រូវបានជាប់ពន្ធអាករនេះឡើយ។ ពន្ធនេះ ត្រូវបានគិតពីអតិថិជន ហើយត្រូវបង់ជូនរដ្ឋាភិបាលដែលកាលបរិច្ឆេទផុតកំណត់ចាប់ថ្ងៃទី ១ រហូតដល់ថ្ងៃទី២០ រៀងរាល់ខែនីមួយៗ។
ឃ.ពន្ធលើប្រាក់បៀវត្សរ៍ និងពន្ធលើអត្ថប្រយោជន៍បន្ថែម ក្រុមហ៊ុនសហគ្រាសទាំងអស់ដែលមានបុគ្គលិកបម្រើការងារនៅក្នុងស្ថាប័នរបស់ខ្លួន ត្រូវកាត់ពន្ធមុនពេលបង់ប្រាក់បៀវត្សរ៍ឲ្យបុគ្គលិក និងត្រូវបង់ជូនរដ្ឋបាលសារពើពន្ធយ៉ាងយូរនៅថ្ងៃទី ២០ ខែបន្ទាប់ បន្ទាប់ពីបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិករួចហើយ។ អត្រាពន្ធនេះត្រូវបានកំណត់ខុសៗគ្នាទៅតាមកម្រិតប្រាក់បៀវត្សរ៍ដែលបុគ្គលិកម្នាក់ៗទទួលបាន ដែលមានដូចខាងក្រោម៖ ពី ០៛ ដល់ ១ ០០០ ០០០៛ បង់ពន្ធ ០% ពី ១០០ ០០០ ០០១៛ ដល់ ១ ៥០០ ០០៛ បង់ពន្ធ ៥% ពី ១ ៥០០ ០០១៛ ដល់ ៨ ៥០០ ០០០៛ បង់ពន្ធ ១០% ពី ៨ ៥០០ ០០១៛ ដល់ ១២ ៥០០ ០០០រ បង់ពន្ធ ១៥% ពី ១២ ៥០០ ០០១៛ ឡើងទៅគឺបង់ពន្ធ ២០% កាលបរិច្ផេទផុតកំណត់នៃការបង់ពន្ធនេះគឺនៅថ្ងៃទី ១ ដល់ថ្ងៃទី ២០ រៀងរាល់ខែនីមួយៗ។
ង.ពន្ធប៉ាតង់ ការបង់ពន្ធប៉ាតង់ ម្ចាស់សហគ្រាសទាំងអស់ ត្រូវបង់ជារៀងរាល់ឆ្នាំដោយ វាមានតម្លៃទាប ឬច្រើនគឺអាស្រ័យលើទំហំអាជីវកម្មរបស់ខ្លួន។ កម្រិតនៃប្រាក់ពន្ធប៉ាតង់សម្រាប់ក្រុមហ៊ុនសហគ្រាសទូទៅគឺត្រូវបង់ដូចខាងក្រោម៖ -អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០រៀល -អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០រៀល -អ្នកជាប់ពន្ធធំដែលមានផលរបរ៖ ១) លើសពី ២ ០០០ លានរៀល ដល់ ១០ ០០០លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០រៀល។ ២) លើសពី ១០ ០០០លានរៀល ត្រូវបង់ប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០រៀល កាលបរិច្ឋេទផុតកំណត់នៃការបង់ពន្ធនេះគឺនៅរៀងរាល់ចុងខែមីនា៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ