លោក សេង ពិសិដ្ឋ ស្ថាបនិក​ក្រុមហ៊ុន​ ANUSSA​៖ កុំ​រំភើប​នឹង​អត្ថបទ​ព័ត៌មាន​ពី​សហគ្រិន​វ័យ​ក្មេង​ជោគ​ជ័យ​ដែល​យើង​អាន​រាល់​ថ្ងៃ​ពេក​



ដោយ​សារ​តែ​ការ​រីក​ចម្រើន​ក្នុង​វិស័យ​សហគ្រិន​ភាព​ នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​​ បាន​ធ្វើ​ឲ្យ​​យុវជន​ជា​ច្រើន​កាន់​តែ​មាន​ទំនោរ​និង​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​នេះ។

ទន្ទឹម​គ្នា​នោះ​ផង​ដែរ​ ​យើង​ក៏​ឃើញ​មាន​ការ​ចុះ​ផ្សាយ​អត្ថបទ​​ព័ត៌មាន​ទាក់​ទង​នឹង​ភាព​ជោគជ័យ​របស់​សហគ្រិន​វ័យ​ក្មេង​ជាហូរ​ហែ​​ ដែល​នេះ​ក៏​ជា​ហេតុ​ផល​មួយ​ដែល​ជម្រុញ​ទឹក​ចិត្តឲ្យ​​យុវជនកាន់​តែ​​ចង់​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​នេះ។ ដោយ​ឡែក​ លោក​ សេង ពិសិដ្ឋ​ ស្ថាបនិក​ក្រុមហ៊ុន ​ANUSSA​បានលើក​ឡើង​​ថា យើង​មិន​ត្រូវ​រំភើប​នឹង​អត្ថបទ​ព័ត៌មានដែលគេ​ផ្សាយ​ពី​សហគ្រិន​វ័យ​ក្មេង​ជោគ​ជ័យដែលយើង​អាន​រាល់​ថ្ងៃ​ពេក​នោះ​ទេ។  

នៅ​ក្នុង​កម្មវិធី​សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ដែល​ទើប​​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ សេង ពិសិដ្ឋ ស្ថាបនិក​ក្រុមហ៊ុន​​ ANUSSA​ បាន​ចែក​រំលែក​ដល់​អ្នក​​ចូល​រួម​​ថា សន្និសីទ​លើក​ទី៣​ នេះ​គឺ​ចង់​ឲ្យ​អ្នក​ចូល​រួម​យល់​ដឹង​ពីមូល​ដ្ឋាន​នៃ​ការ​ធ្វើ​ជំនួញ​ ព្រោះ​មិន​ចង់​ឲ្យ​អ្នក​គ្រប់​គ្នារំភើប​​នៅ​ពេល​ដែលឃើញគេ​អស្ចារ្យ ឃើញ​​​កាសែត​​ចុះ​ផ្សាយ​ថា​យុវជន​អាយុ ២០​ឆ្នាំស្ដើង​មាន​ជំនួញ​៤ទៅ​៥​នៅ​ក្នុង​ដៃ​ មាន​ចំណូល​រាប់​ពាន់​ដុល្លា​ក្នុង​មួយ​ខែ តែ​នៅ​ពី​ក្រោយ​នោះ​យើង​មិន​បាន​ដឹង​ទេ​ថា​មុន​នឹង​បាន​ចំណូល​រាប់​ពាន់​ដុល្លារ​ ​តើ​គេ​ត្រូវ​ការ​ចំណាយ​ដើម​ទុន​ប៉ុន្មាន? ហើយ​មួយ​ទៀត​ដែល​មនុស្ស​ភាគ​ច្រើន​គួរ​ដឹង​នោះ​គឺ​ថា​​ ចំណេញ​ដែល​គេ​ប្រាប់​យើង ​មិនមែន​ជា​ចំណេញ​ពិត​ប្រាកដ​ទេ​ ព្រោះ​គេ​ខ្លាច​យើង​ចម្លង​គំនិត​រក​ស៊ី​ពី​គេ។

ស្ថាបនិក​វ័យ​ក្មេង​រូប​នេះ​បន្ត​ទៀត​ថា ​រាល់​អត្ថបទ​ព័ត៌មាន​ដែលគេចុះ​ផ្សាយ​ ពេល​ដែលយើង​មើល​​ហើយ ​ត្រូវ​ពិចារណា​ឲ្យ​ច្បាស់​លាស់ផង​​ បើ​ឃើញ​គេ​​ផ្សាយ​ថា​យុវជន​វ័យ​ក្មេង​មាន​ជំនួញ​ ៤ ទៅ​៥នៅ​ក្នុង​ដៃ យើង​ត្រូវ​​មើល​ថា​តើ​គាត់​ចូល​ធ្វើ​ជំនួញ​នៅ​អាយុ​ប៉ុន្មាន?​ ព្រោះ​ថា​មុខ​ជំនួញ​មួយ​ត្រូវ​ការ​ពេល​យ៉ាង​ហោច​ណាស់​ក៏ ​៣​ទៅ​៤​ឆ្នាំ​ដែរ​ដើម្បី​ឲ្យវា​បាន​រឹង​មាំ​ ហើយ​បើ​គាត់​ទើប​តែ​អាយុ​ប៉ុណ្ណឹង​តែ​មាន​ជំនួញ​ច្រើន​ក្នុង​ដៃ​សួរ​ថា​តើ​ជំនួញ​និមួយៗ​នោះ​រឹង​មាំ​ហើយ​ឬនៅ?

លោក​បាន​បន្ត​ ដោយ​សង្កត់​ធ្ងន់​​​ទៀត​ថា​ ៖«ដូច្នេះ​យើង​កុំ​ចេះ​តែ​រំភើប​ ហើយ​ចង់​ធ្វើ​ជំនួញ​ទៅ​តាម​អត្ថបទ​ដែល​យើង​អាន​រាល់​ថ្ងៃ​នោះ​ ព្រោះ​ថា​នៅ​ពេល​ដែល​យើងខាតបង់​ គឺ​គ្មាន​អ្នក​ណា​មក​ជួយ​យើង​ទេ​ ដូច្នេះ ហើយ​យើង​ត្រូវ​សួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា​តើ​ យើង​ចង់​បាន​អ្វីពី​ការ​ធ្វើ​អាជីវកម្ម អ្នក​ខ្លះ​ធ្វើ​ជំនួញ​ព្រោះ​ចង់​បាន​លុយ​ អ្នក​ខ្លះ​ចង់​បាន​កិត្តិយស ហើយ​អ្នក​ខ្លះ​ទៀត​ចង់​បាន​សេរីភាព ដូច្នេះ​យើង​ត្រូវ​សួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​ព្រោះ​​គោល​ដៅ​របស់​មនុស្ស​ម្នាក់ៗ​គឺ​ខុស​គ្នា»៕ អត្ថបទ៖ ជួប ស្រីរ័ត្ន

X
5s