អាហារ​ល្វីង​ទាំង​៤​ប្រភេទ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​របស់​អ្នក​



ថ្វីត្បិតតែ​អាហារ​ដែល​មាន​រសជាតិ​ល្វីង​ មិន​សូវ​ជាទី​ចូលចិត្ត​របស់​មនុស្ស​មួយ​ចំនួន និង​ធ្វើឲ្យ​ពួកគេ​ពិបាក​ក្នុង​ការ​ទទួលទាន ប៉ុន្តែ​អាហារ​ដែល​មាន​រស​ល្វីង​សម្បូរ​ដោយ​សារធាតុ​បំប៉ន និង​មាន​សារធាតុ​គីមី​ជាច្រើន​ប្រភេទ​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព។ ខាងក្រោម​នេះ​គឺជា​អាហារ​ល្វីង​ទាំង​៤​ប្រភេទ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​របស់​អ្នក៖

១) ម្រះ៖ បើទោះជា​ផ្លែ​ម្រះ​មាន​រសជាតិ​ល្វីង ក៏​ប៉ុន្តែ​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ផ្លែ​ម្រះ​ដូចជា triterpenoids, polyphenol និងflavonoids ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ពន្យឺត​ការ​លូតលាស់​របស់​កោសិកា​មហារីក​ជាច្រើន​ប្រភេទ។ មិនតែប៉ុណ្ណោះ​សារធាតុ​ទាំងនេះ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ឱសថ​សម្រាប់​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ។ ផ្លែ​ម្រះ​ក៏​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​ការ​ខូចខាត​កោសិកា​ដែល​បណ្ដាល​មក​ពី​ពពួក​រ៉ាឌីកាល់​សេរី ថែម​ទាំង​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​និង​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ។

២) កាហ្វេ៖ ដូច​ដែល​អ្នក​បាន​ដឹង​ស្រាប់​ហើយ​ថា​កាហ្វេ​គឺជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​ទទួល​បាន​ការ​ពេញ​និយម​ជាង​គេ​បំផុត​នៅ​ជុំវិញ​ពិភពលោក។ យ៉ាងណា​មិញ​​អ្វី​ដែល​មនុស្ស​ភាគច្រើន​មិន​សូវ​ដឹង​នោះ​គឺ កាហ្វេ​ក៏​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​របស់​ពួកគេ​ផង​ដែរ។ កាហ្វេ​មាន​ជាតិ​អាស៊ីដ​chlorogenic ដែល​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​និង​ជំងឺ​ទឹកនោមផ្អែម។ ម្យ៉ាងទៀត​ការ​សិក្សា​មួយ​ចំនួន​ទៀត​ក៏​បាន​រក​ឃើញ​ដែរ​ថា កាហ្វេ​អាច​ជួយ​ការពារ​ភាព​មិន​ប្រក្រតី​នៃ​សរសៃប្រសាទ ដែល​មាន​ដូចជា​ជំងឺ​វង្វេង​ភ្លេចភ្លាំង និង​ភាព​មិន​ប្រក្រតី​នៃ​មជ្ឈមណ្ឌល​ប្រសាទ​ដែល​ប៉ះពាល់​ដល់​ការ​ធ្វើ​ចលនា។

៣) ប្រូកូលី៖ ប្រូកូលី​គឺជា​បន្លែ​ដែល​មាន​សុខភាព​ល្អ​មួយ​ប្រភេទ ដែល​មាន​វីតាមីន​សេ​ខ្ពស់ និង​ជាតិ​សរសៃ ព្រម​ទាំង​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​ជួយ​ធ្វើឲ្យ​បន្លែ​នេះ​ទទួល​បាន​ការ​ពេញ​និយម​ក្នុង​ការ​ជួយ​ទប់ស្កាត់​ជំងឺ​មហារីក។

៤) កាកាវ៖ ម្សៅ​កាកាវ​ដែល​ត្រូវ​បាន​ផលិត​ចេញ​មក​ពី​ផ្លែ​កាកាវ ត្រូវ​បាន​គេ​យក​ទៅ​យក​ធ្វើ​ជា​សូកូឡា និង​ប្រើប្រាស់​នៅ​ក្នុង​បង្អែម​ជាច្រើន​ប្រភេទ។ កាកាវ​សុទ្ធ​មាន​រសជាតិ​ល្វីង​ខ្លាំង។ សារធាតុ​គីមី​ដូចជា polyphenols និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​មាន​នៅ​ក្នុង​កាកាវ ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ពង្រីក​សរសៃឈាម និង​ការពារ​បេះដូង។ ម្យ៉ាងទៀត​វា​ក៏​មាន​សារធាតុ​ខនិជ​ដូចជា ទង់ដែង ម៉ង់កាណែស ម៉ាញេស្យូម និង​ដែក។ ទទួលទាន​សូកូឡា​ដែល​មាន​ធាតុ​ផ្សំ​ពី​ម្សៅ​កាកាវ​ខ្ពស់ និង​មាន​ជាតិ​ស្ករ​ទាប នឹង​ធ្វើឲ្យ​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​វា៕

ដោយ៖ ស្រីពៅ

X
5s