ការណែ​នាំ​ ៤យ៉ាង​អំពីសុខភាពដែលអ្នកគួរតែផ្លាស់ប្ដូរ​ទម្លាប់​ចេញ​



ពួក​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ចង់​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ។ ហេតុនេះ​ហើយ​ទើប​យើង​តែង​ប្រតិបត្តិ​តាម​ការ​ណែនាំ​ផ្សេងៗ​ដើម្បី​ធ្វើឲ្យ​សុខភាព​របស់​យើង​បាន​ល្អ​ប្រសើរ។ ប៉ុន្តែ​ក្នុង​ចំណោម​ការ​ណែនាំ​អំពី​សុខភាព​ដែល​អ្នក​ធ្លាប់​ដឹង​និង​ប្រតិបត្តិ​តាម តើ​ការ​ណែនាំ​ណាខ្លះ​ដែល​អ្នក​គួរតែ​ជម្រុះ​ចោល​និង​ផ្លាស់ប្ដូរ​ចេញ ?

១) ការ​រត់​មាន​ផល​ល្អ​សម្រាប់​មនុស្ស​គ្រប់គ្នា៖ វា​មិន​សុទ្ធតែ​មាន​ផល​ល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ ជាពិសេស​វា​អាច​មាន​គ្រោះថ្នាក់​សម្រាប់​មនុស្ស​ដែល​ដាក់​សម្ពាធ​ខ្លាំង​ទៅលើ​កែង​ជើង​របស់​ពួកគេ មនុស្ស​ធាត់​លើស​ទម្ងន់ និង​មនុស្ស​ដែល​មាន​បាត​ជើង​មិន​រាប​ស្មើ។ មិនតែប៉ុណ្ណោះ​ការ​រត់​អាច​បង្ក​ឲ្យ​មាន​បញ្ហា​បេះដូង​សម្រាប់​មនុស្ស​ចាស់​ថែម​ទៀត​ផង។ ជា​ការ​ល្អ​អ្នក​គួរតែ​រត់​រយៈពេល​ពី​៣០​ទៅ​៥០​នាទី​ក្នុង​១ថ្ងៃ​បាន​ហើយ។

២) អ្នក​គួរតែ​ហាត់​ប្រាណ​ឲ្យ​បាន​រៀងរាល់​ថ្ងៃ៖ នៅ​ពេល​អ្នក​ហាត់ប្រាណ​ញឹកញាប់​ពេក សាច់ដុំ​របស់​អ្នក​មិន​មាន​ឱកាស​ដើម្បី​សម្រាក ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សាច់ដុំ​របស់​អ្នក​បាន។ ប៉ុន្តែ​អ្នក​អាច​ហាត់​យូហ្កា ឬ​ធ្វើ​ចលនា​ដៃ​ជើង​បន្តិចបន្តួច​ជា​រៀងរាល់​ព្រឹក​បាន។ សម្រាប់​ការ​ធ្វើ​លំហាត់​ប្រាណ​ដែល​ប្រើ​កម្លាំង​ខ្លាំងៗ អ្នក​វិទ្យាសាស្ត្រ​បាន​ណែនាំ​ឲ្យ​ហាត់​តែ​៥​ម៉ោង​ក្នុង​១​សប្ដាហ៍​ទើប​ជា​ការ​ល្អ។

៣) អ្នក​គួរតែ​តម​អាហារ​ពេល​ល្ងាច៖ មាន​មនុស្ស​ជាច្រើន​យល់​ថា​វា​មិន​មែន​ជា​ការ​ល្អ​នោះ​ឡើយ​ក្នុង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច។ ប៉ុន្តែ​ការ​សិក្សា​សម័យ​ទំនើប​បាន​រក​ឃើញ​ថា ការ​តម​មិន​ទទួលទាន​អាហារ​ពេល​ល្ងាច​ធ្វើឲ្យ​ការ​រំលាយ​អាហារ​របស់​អ្នក​ចុះ​ខ្សោយ ហើយ​ធ្វើឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ ធ្វើឲ្យ​អ្នក​អស់​កម្លាំង និង​ធ្វើឲ្យ​អ្នក​ញាំុ​ច្រើន​សម្រាប់​អាហារ​ពេល​ព្រឹក​នៅ​ថ្ងៃ​បន្ទាប់។ ជាជាង​តម​មិន​ទទួលទាន​ទាំងស្រុង អ្នក​គួរតែ​ទទួលទាន​បន្តិចបន្តួច​នូវ​អាហារ​ដែល​មាន​សុខភាព​ល្អ​ដូចជា បនែ្ល និង​ប្រូតេអ៊ីន​ទើប​វា​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក។

៤) បើ​អ្នក​បែក​ញើស​កាន់តែ​ច្រើន​ប៉ុណ្ណា នោះ​អ្នក​នឹង​សម្រក​ទម្ងន់​បាន​កាន់តែ​រហ័ស​ប៉ុននោះ៖ តាម​ការ​ពិត​បរិមាណ​នៃ​ការ​បែក​ញើស​មិន​មាន​ឥទ្ធិពល​អ្វី​ទៅលើ​ប្រសិទ្ធភាព​នៃ​ការ​ហ្វឹកហាត់​របស់​អ្នក​នោះ​ឡើយ។ ជាក់ស្ដែង​ដូចជា​ការ​រត់ ថ្វីត្បិតតែ​អ្នក​បែក​ញើស​ជោគ​នៅ​ពេល​រត់​ក៏​ដោយ ក្នុង​រយៈពេល​១ម៉ោង​អ្នក​អាច​ដុត​កាឡូរី​បាន​ចន្លោះ​ពី​២៧០​ទៅ​៣០០​កាឡូរី ខណៈ​ពេល​ដែល​លំហាត់​ប្រាណ​ដែល​មិន​សូវ​ចេញ​ញើស​ដូចជា​ការ​លើក​ដុំ​ដែក ក្នុង​រយៈពេល​១ម៉ោង​ដូចគ្នា អាច​ដុត​កាឡូរី​បាន​ប្រហែល​៣៦០​ឯណោះ៕

ដោយ៖ ស្រីពៅ

X
5s