ស្វែងយល់ពីពន្ធលើប្រាក់ចំណេញ (Tax on Profit)!
កាលពីសប្តាហ៍មុនប្រិយមិត្តបានស្វែងយល់រួចហើយពីពន្ធកាត់ទុកដែលបាន អនុវត្តនៅក្នុងប្រព័ន្ធពន្ធដារកម្ពុជា។ នៅថ្ងៃនេះ ប្រិយមិត្តនឹងបានស្វែងយល់នូវប្រធានបទថ្មីស្តីពីពន្ធលើប្រាក់ចំណេញវិញម្តងថា តើពន្ធប្រភេទនេះមានអត្ថន័យយ៉ាងណា?
១.តើអ្វីទៅពន្ធលើប្រាក់ចំណេញ? ពន្ធលើប្រាក់ចំណេញគឺជាពន្ធ គិតលើប្រាក់ចំណេញជាប់ពន្ធរបស់៖ -អ្នកជាប់ពន្ធនិវាសនជនចំពោះចំណូលប្រភពកម្ពុជា និងបរទេស -អ្នកជាប់ពន្ធអនិវាសនជនចំពោះចំណូលប្រភពកម្ពុជា។
២.តើនរណាជាអ្នកជាប់ពន្ធនិវាសនជន? អ្នកជាប់ពន្ធនិវាសនជនគឺជា៖ -រូបវន្តបុគ្គលដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ១៨២ ថ្ងៃនៅក្នុងរយៈពេល១២ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំ សារពើពន្ធចរន្ត។ -នីតិបុក្គល ឬ ក្រុមហ៊ុនអាជីវកម្ម (Pass-through) ដែលត្រូវបានបង្កើត ឬ ត្រូវបានគ្រប់គ្រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានកន្លែងប្រកបអាជីវកម្មជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នីតិបុគ្គល៖ សំដៅដល់សហគ្រាស ឬអង្គការនានាដែលប្រកបអាជីវកម្មទោះបីជាបាន ឬមិនបានទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្តី។
៣.តើនរណាជាអ្នកជាប់ពន្ធអនិវាសនជន? អ្នកជាប់ពន្ធអនិវាសនជនគឺជា៖ -រូបវត្តបុគ្គលដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជន ប៉ុន្តែទទួលប្រាក់ចំណូលប្រភពកម្ពុជា -នីតិបុគ្គល ឬក្រុមអាជីវកម្ម (Pass-through) ដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជន និងមានគ្រឹះស្ថានជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានអចិន្ត្រៃយ៍សំដៅដល់៖ -ទីតាំងអាជីវកម្មអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ឬ -សាខាក្រុមហ៊ុនបរទេស ឬទីភ្នាក់ងារដែលមានទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជាដែលអ្នកជាប់ពន្ធធ្វើអាជីវកម្មរបស់ខ្លួន ឬ -សកម្មភាពពាក់ព័ន្ធ ឬការទាក់ទងទាំងឡាយផ្សេងទៀតដែលអ្នកជាប់ពន្ធចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា។
៤.តើប្រភពចំណូលណាខ្លះជាប្រភពចំណូលប្រភពកម្ពុជា និងចំណូលប្រភពបរទេស?
ក.ប្រភពចំណូលប្រភពកម្ពុជារួមមាន៖ -ការប្រាក់ដែលបង់ដោយសហគ្រាសនិវាសនជន ឬ ក្រុមអាជីវកម្មនិវាសនជន ឬស្ថាប័នរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា -ភាគលាភដែលបានបែងចែកដោយសហគ្រាសនិវាសនជន -ប្រាក់ចំណូលពីការធ្វើអាជីវកម្ម ឬសេវាកម្មដែលបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា -ប្រាក់ចំណូលពីការគ្រប់គ្រង និងសេវាកម្មបច្ចេកទេសដែលបានទូទាត់ដោយបុគ្គលនិវាសនជន -ប្រាក់ចំណូលដែលបានមកពីចលនទ្រព្យ ឬអចលនទ្រព្យដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា -ប្រាក់សួយសារដែលបានមកពីការប្រើប្រាស់ ឬសិទ្ធិប្រើប្រាស់ទ្រព្យសកម្មអរូបីដែលបានទូទាត់ដោយបុគ្គលនិវាសនជនឬ បុគ្គលអនិវាសនជនតាមរយៈគ្រឹះស្ថានអចិន្ត្រៃយ៍ដែលតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា -ផលចំណេញពីការលក់អចលនទ្រព្យ ឬ ពីការផ្ទេរផលប្រយោជន៍ណាមួយនៃអចលនទ្រព្យដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា -ផលចំណេញពីការលក់អចលនទ្រព្យដែលជាចំណែកនៃទ្រព្យអាជីវកម្មរបស់គ្រឹះស្ថានអចិន្ត្រៃយ៍របស់អ្នកជាប់ពន្ធអនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា -បុព្វលាភបានពីធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា -ប្រាក់ចំណូលពីសកម្មភាពអាជីវកម្មរបស់បុគ្គលអនិវាសនជនតាមរយៈគ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ.ប្រភពចំណូលបរទេស៖ ប្រភពចំណូលបរទេសរួមមានចំណូលទាំងឡាយណាដែលមិនត្រូវបានចាត់ទុកថា ជាចំណូលប្រភពកម្ពុជាគឺចាត់ទុកថា ជាចំណូលប្រភពបរទេស។ សូមប្រិយមិត្តរង់ចាំការចេញផ្សាយប្រធានបទនេះបន្តទៀតនៅលើកក្រោយ៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ