និស្សិតផ្នែកចិត្តសាស្ត្រឆ្នាំទី៣ បង្កើតកសិដ្ឋានបណ្ដុះផ្សិតបំពេញក្ដីស្រមៃបង្កើតអាជីវកម្ម
ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ គេសង្កេតឃើញថា មានសហគ្រិនវ័យក្មេងជាច្រើន បាននិងកំពុងតែបង្កើតក្រុមហ៊ុន ឬអាជីវកម្មទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ នៅក្នុងប្រទេសកម្ពុជា។ ចំនួនសហគ្រិនវ័យក្មេងដែលបានរីកដុះដាលគួរឲ្យកត់សម្គាល់នៅពេលបច្ចុប្បន្ននេះ អាចមកពីកត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀតគឺ ការសម្លឹងឃើញនូវឱកាសដែលសង្គមត្រូវការ និងឱកាសចាប់យកប្រាក់ចំណេញទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែង។
តើវាល្អទេដែលយើងត្រូវចាប់ផ្តើមពីវ័យក្មេងបែបនេះ? នេះជាសំណួរមួយដែលយុវជនភាគច្រើនប្រហែលជាមាននៅក្នុងចិត្តរបស់ពួកគេម្នាក់ៗ ។ អ្នកខ្លះយល់ថា ការចាប់ផ្ដើមពីក្មេងជារឿងល្អ ព្រោះទោះដួលជាច្រើនដង ក៏អាចងើបឡើងវិញបាន ប៉ុន្តែច្បាស់ទេថា ការដួលម្ដងៗធ្វើឱ្យពួកងារងើបឡើងវិញបានដោយងាយៗនោះ។
នេះប្រហែលជាពិបាកយល់ណាស់ទៅលើគំនិតរបស់យុវវ័យមួយចំនួននាពេលបច្ចុប្បន្ន ដែលមើលទៅ ហាក់មានការហក់លោតខ្ពស់ ទៅតាមក្តីស្រមៃរបស់ខ្លួន ពោលគឺការមានចំណង់ចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនទាំងវ័យក្មេងតែម្តង។ ជាក់ស្ដែង លោក ម៉ាន់ វិបុល ក៏កំពុងតែមានអាជីវកម្មមួយនៅក្នុងដៃក្នុងវ័យជានិស្សិត។ ជានិស្សិតឆ្នាំទី៣ ផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បានបង្កើតអាជីវកម្មបណ្ដុះផ្សិតដោយខ្លួនឯង ស្របពេលខ្លួនកំពុងសិក្សានៅមហាវិទ្យាល័យ។
និស្សិតមកពីខេត្តតាកែវរូបនេះ បានពោលដូច្នេះថា« វាជាគោលដៅដែលខ្ញុំបានកំណត់តាំងពីខ្ញុំរៀននៅថ្នាក់ទី១១ គឺថាពេលខ្ញុំមកបន្តរៀននៅមហាវិទ្យាល័យ ខ្ញុំចង់មានអាជីវកម្មមួយផ្ទាល់ ដែលអាចរកប្រាក់ចំណូលជួយផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំបាន»។
លោក ម៉ាន់ វិបុល ជាកូនកសិករ រស់នៅក្នុងភូមិទ្រង់ភូមិ ឃុំព្រៃផ្កា ស្រុកអង្គរបុរី ខេត្តតាកែវ ហើយខ្លួនកំពុងតែបន្តការសិក្សានៅមហាវិទ្យាល័យ តែខ្លួនអាចបង្កើតអាជីវកម្មមួយដោយខ្លួនឯង នោះ គឺបង្កើតកសិដ្ឋានដាំផ្សិតនៅស្រុកកំណើតតែម្ដង។
ក្រោយពីខ្លួនទទួលបានការសិក្សា វគ្គបណ្ដុះបណ្ដាលពីបច្ចេកទេសបណ្ដុះផ្សិត យុវជនរូបនេះបានចាប់ផ្ដើមសាកល្បងដោយខ្លួនឯងនៅចុងឆ្នាំ២០១៥ ដោយប្រើផ្ទៃដីទំហំ ៥x៤ ម៉ែត្រតែប៉ុណ្ណោះ។ ជាបញ្ហាប្រឈមមួយសម្រាប់និស្សិតរូបនេះ នៅពេលខ្លួនចាប់ផ្តើមបង្កើតអាជីវកម្មនេះដំបូង ខណៈខ្លួនកំពុងសិក្សានៅមហាវិទ្យាល័យផងដែរ គឺស្ទើរតែ ៨០%ក្នុងការរៀបចំអាជីវកម្មនេះឡើង ព្រោះត្រូវចំណាយទាំងកម្លាំងនិងថវិកាខ្លួនឯង។
អ្វីដែលសំខាន់ វាជាលើកដំបូងសម្រាប់ខ្លួន ដោយហ៊ានសាកល្បងធ្វើដោយខ្លួនឯង ទាំងការផ្គត់ផ្គង់ស្ទើរតែមិនអាចទប់ទល់ទៅរួច រហូតអាចបង្កើតបានទីផ្សារចែកចាយបាន។ គិតមកដល់ពេលនេះ គឺមានរយៈពេលជិត ៣ឆ្នាំហើយ ដែលកសិដ្ឋានដាំផ្សិតរបស់លោកបានពង្រីកខ្លួនលើផ្ទៃដីទំហំ ៦០ ម៉ែត្រការ៉េ និងមានបុគ្គលិកចំនួន ៧នាក់សម្រាប់បម្រើការក្នុងកសិដ្ឋាន។ លោកបានអះអាងដូច្នេះថា «បច្ចុប្បន្ននេះ លោកអាចរកចំណូលបានពីការបណ្តុះផ្សិតពី៨០០ ទៅ១៣០០ដុល្លារ ក្នុងមួយខែ និងបានបង្រៀនវគ្គបណ្តុះផ្សិតនេះដល់កសិករដទៃទៀតផងដែរ។
ចំណែកឯតម្លៃវិញ លោកលក់ចេញចាប់ពី ១៣០០០៛សម្រាប់អ្នកដែលមកទិញដល់កន្លែង និងសម្រាប់ចែកចាយទៅតាមរាជធានីខេត្តនានា គឺមានតម្លៃ ១៤០០០៛»។
យ៉ាងណាក៏ដោយ បើទោះបីជាមានភាពមមាញឹកជាមួយនឹងការសិក្សាផង និងអាជីវកម្មផង ក៏និស្សិតរូបនេះនៅតែអាចគ្រប់គ្រងបានចំពោះការបែងចែកពេលវេលាបានយ៉ាងល្អ ជាពិសេស គេបានជួលកម្មករបន្ថែមដើម្បីជំរុញការងារដាំដុះឱ្យបានកាន់តែច្រើនស្របតាមតម្រូវការជាក់ស្ដែងនេះទិផ្សារ។ លោកបន្ថែមថា៖ «បើសិនជាខ្ញុំមិនអាចគ្រប់គ្រងឲ្យបានច្បាស់លាស់ទេ គឺមានតែខ្ញុំត្រូវចុះទៅផ្ទាល់តែម្តងដូចជា ការនាំចេញទៅឲ្យអតិថិជន និងការដាំបណ្តុះផ្សិតនេះ តែវាធ្វើឲ្យខាតការសិក្សាខ្ញុំ»។ ដូច្នេះ លោកមានបងប្អូនរបស់ លោក និងបុគ្គលិក ដើម្បីជួយមើលការខុសត្រូវជំនួស។
ធ្វើអាជីវកម្ម គឺជៀសមិនរួចពីបញ្ហាប្រឈមស្របពេលដែលលោកកំពុងសិក្សា គឺជាការចាំបាច់ចំពោះការគ្រប់គ្រងទៅលើមុខរបររកស៊ី។ ខណៈខ្លួនជានិស្សិត ហើយក៏បានបង្កើតមុខរបររកស៊ីដោយខ្លួនឯង លោក ម៉ាន់ វិបុល ថា៖ « យើងគួរតែធ្វើ នៅពេលទំនេរក្រៅពីការសិក្សា បើទោះជាការសិក្សានៅមហាវិទ្យាល័យខុសពីរបររបស់ខ្លួនក៏ដោយ គឺយើងគួរតែដាក់គោលដៅមួយនៅពេលដែលយើងរៀនចប់ គឺត្រូវតែមានអាជីវកម្មមួយរបស់ខ្លួននៅក្នុងដៃ ដោយស្ថិតទៅលើបទពិសោធន៍បុគ្គលម្នាក់ៗ»។
និស្សិតប្រុសរូបនេះ មានក្តីរំពឹងចង់ឱ្យការសិក្សា និងអាជីវកម្មរបស់ខ្លួនដើរលើវិថីជោគជ័យ។ វិបុល បញ្ជាក់បន្ថែមដូច្នេះថា ៖« ខ្ញុំរំពឹងថា តើខណៈពេលដែលខ្ញុំរៀននៅសាកលវិទ្យាល័យ ហើយខ្ញុំរៀនចប់ទៅ អាជីវកម្មខ្ញុំបានរីកចម្រើនដល់កម្រិតចណា អាចរកប្រាក់ចំណុលបានកម្រិតណា ហើយខ្ញុំសង្ឃឹមថាការសិក្សារបស់ខ្ញុំនឹងបញ្ចប់ដោយជោគជ័យ ទាំងអាជីវកម្ម និងការសិក្សានឹងបញ្ចប់ទៅដោយរលូន»។
ការជោគជ័យលើអាជីវកម្មរបស់និស្សិតរូបនេះមានភាពរីកចម្រើនជាលំដាប់ ដោយការចាប់ផ្តើមដំបូងអាចផ្គត់ផ្គង់បានតែក្នុងភូមិរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ កសិផលដំណាំផ្សិតរបស់លោកអាចផ្គត់ផ្គង់ចែកចាយបាននៅទូទាំងខេត្តតាកែវ និងរាជធានីភ្នំពេញ ដែលមានប្រភេទផ្សិតចំបើង និងផ្សិតអំបោះ។
លើសពីក្តីរំពឹងទុកខាងលើ ជាគោលដៅចុងក្រោយក្រៅពីអាជីវកម្ម លោក ម៉ាន់ វិបុល មានក្តីសុបិន្តមួយពេលោកបញ្ចប់បរិញ្ញាបត្រចិត្តវិទ្យា គឺលោកចង់ក្លាយជាគ្រូបង្រៀនទាក់ទងទៅនឹងជំនាញចិត្តវិទ្យារបស់លោកនៅពេលអនាគត។
ការមានគំនិតបង្កើតអាជីវកម្មពីវ័យក្មេងក្នុងវ័យជានិស្សិត គឺបង្ហាញពីភាពជាសហគ្រិន ដែលពោរពេញទៅដោយបុគ្គលឆ្នើម គំនិតច្នៃប្រឌិតថ្មីក្នុងការបង្កើតអាជីវកម្ម និងជំរុញឱ្យមានការរីកចម្រើនដល់សង្គមជាតិ។
និស្សិតប្រុសរូបនេះ មានក្តីរំពឹងចង់ឱ្យការសិក្សា និងអាជីវកម្មរបស់ខ្លួនប្រកបដោយភាពជោគជ័យ៖«ខ្ញុំរំពឹងថា តើខណៈពេលដែលខ្ញុំរៀននៅសាកលវិទ្យាល័យ ហើយខ្ញុំរៀនចប់ទៅ អាជីវកម្មខ្ញុំបានរីកចម្រើនដល់កម្រិតណា អាចរកប្រាក់ចំណូលបានកម្រិតណា ហើយខ្ញុំសង្ឃឹមថាការសិក្សារបស់ខ្ញុំនឹងបញ្ចប់ដោយជោគជ័យ ទាំងអាជីវកម្ម និងការសិក្សានឹងបញ្ចប់ទៅដោយរលូន»។
ជាម្ចាស់កសិដ្ឋានវ័យក្មេងរូបនេះ បានប្រាប់ឱ្យដឹងថា នៅចុងឆ្នាំនេះ លោកនឹងពង្រីកផ្ទៃដីបណ្តុះផ្សិតបន្ថែមទៀតនៅក្នុងទឹកដីខេត្តតាកែវរបស់ខ្លួន សម្រាប់ផ្គត់ផ្គង់នៅគ្រប់ខេត្តក្រុង។
ការមានគំនិតបង្កើតអាជីវកម្មពីវ័យក្មេងក្នុងវ័យជានិស្សិត គឺបង្ហាញពីភាពជាសហគ្រិន ដែលពោរពេញទៅដោយបុគ្គលឆ្នើម គំនិតឆ្នៃប្រឌិតថ្មីក្នុងការបង្កើតអាជីវកម្ម និងជម្រុញឱ្យមានការរីកចម្រើនដល់សង្គមជាតិ៕
ដោយ៖ គុណ គតិយុត្ត