តើអ្នកត្រូវមានលុយប៉ុន្មានទើបចាប់ទុកថា ជាអ្នកមាននៅក្នុងប្រទេសទាំង ១០នេះ?
ក្នុងបរិបទប្រទេសកម្ពុជាយើង តើអ្នកត្រូវមានលុយចាប់ពីប៉ុន្មានទៅ ទើបចាត់ទុកថា ជាអ្នកមាន? តាមពិតទៅ មិនទាន់មានតួលេខណាមួយច្បាស់លាស់ ដែលបង្ហាញពីប្រាក់ចំណូលពិតប្រាកដដែលពលរដ្ឋកម្ពុជាអាចរកបានច្រើនប៉ុណ្ណាទើបចាត់ទុកថាជាអ្នកមាននោះឡើយ។ ខាងក្រោមនេះ ប្រិយមិត្តនឹងបានស្វែងយល់ពីប្រាក់ចំណូលពិតប្រាកដរបស់ប្រជាជនម្នាក់ៗដែលថា ពួកគេត្រូវមានប្រាក់ចំណូលចាប់ពីប៉ុន្មានឡើងទៅទើបចាត់ទុកថា ជាអ្នកមាន។
១០.ហុងកុង ដោយសារតែរដ្ឋាភិបាលនៅក្នុងទីក្រុងនេះបានផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនរាប់ពាន់ហុងកុងបានក្លាយជាទីក្រុងមួយរីកចម្រើនយ៉ាងឆាប់រហ័សទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុតមួយនៅលើពិភពលោក។ ជាមួយនឹងប្រាក់ចំណូលជាមធ្យម ៦១ ០២០ ដុល្លារក្នុងមនុស្សម្នាក់ អ្នកត្រូវរកចំណូលឲ្យបាន ១៨៣ ០៦០ ដុល្លារក្នុងមួយឆ្នាំទើបចាត់ទុកថា អ្នកជាអ្នកមាននៅក្នុងទីក្រុងនេះ។
៩.ប្រទេសស្វីស សេដ្ឋកិច្ចប្រទេសស្វីសគឺពឹងផ្អែកទៅលើគោលនយោបាយដ៏ជឿនលឿនមួយដែលអាចជួយឱ្យសេដ្ឋកិច្ចប្រទេសនេះងើបឡើងវិញយ៉ាងឆាប់រហ័សក្រោយពីជួបវិបត្តិហិរញ្ញវត្ថុសាកលលោកនៅឆ្នាំ ២០០៨មក។ ជាមួយនឹងប្រាក់ចំណូលជាមធ្យម ៦១ ៣៦០ ដុល្លារក្នុងពលរដ្ឋម្នាក់ ប្រជាជនប្រទេសនេះត្រូវរកចំណូលឲ្យបាន ១៨៤ ០៨០ ដុល្លារក្នុងមួយឆ្នាំទើបចាត់ទុកថាជាអ្នកមាននៅក្នុងប្រទេសនេះ។
៨.ប្រទេសអារ៉ាប់រួម សេដ្ឋកិច្ចប្រទេសនេះបានពឹងផ្អែកជាសំខាន់លើវិស័យប្រេងកាតអស់រយៈពេលជាច្រើនទសវត្សមកហើយ។ យ៉ាងណាមិញ ជាមួយនឹងប្រាក់ចំណូល ជាមធ្យម ៦៨ ២៥០ ដុល្លារសម្រាប់ពលរដ្ឋម្នាក់ អ្នកដែលរកចំណូលបាន ២០៤ ៧៥០ ដុល្លារក្នុងមួយឆ្នាំទើបចាត់ទុកថាជាអ្នកមាននៅក្នុងប្រទេសនេះ។
៧.ប្រទេសគុយវ៉ែត មិនខុសពីប្រទេសអារ៉ាប់រួម សេដ្ឋកិច្ចគុយវ៉ែតពឹងផ្អែកជាសំខាន់លើវិស័យប្រេងកាតដែរ។ ជាមធ្យមពលរដ្ឋម្នាក់នៅក្នុងប្រទេសនេះអាចរកចំណូលបាន ៦៩ ៦៧០ ដុល្លារ ប៉ុន្តែដើម្បីចាត់ទុកថា ជាអ្នកមាន មានជីវភាពធូរធារនៅក្នុងប្រទេសនេះ ពលរដ្ឋរបស់ខ្លួនត្រូវរកចំណូលឲ្យបាន ២០៩ ០១០ ដុល្លារក្នុងមួយឆ្នាំ។
៦.ប្រទេសន័រវែស ងាកទៅមើលប្រទេសន័រវែស ដើម្បីចាត់ទុកថា ជាអ្នកមានបាន អ្នកត្រូវរកចំណូលឲ្យបានរហូតដល់ ២១១ ៧៧០ ដុល្លារក្នុងមួយឆ្នាំ ខណៈដែលពលរដ្ឋម្នាក់អាចរកចំណូលបានជាមធ្យម ៧០ ៥៩០ ដុល្លារក្នុងមួយឆ្នាំ។ នេះដោយសារតែសេដ្ឋកិច្ចដ៏រស់រវើករបស់ប្រទេសនេះជាមួយដៃគូពាណិជ្ជកម្មធំៗនៅជុំវិញពិភពលោក។
៥.ប្រទេសអៀរឡង់ ប្រព័ន្ធអប់រំដ៏ល្អលំដាប់ពិភពលោក បូករួមទាំងគោលនយោបាយពន្ធដារដ៏មានតម្លាភាពបានជួយធ្វើឲ្យប្រទេសនេះទាក់ទាញការវិនិយោគយ៉ាងច្រើនដែលអាចឲ្យពលរដ្ឋរបស់ខ្លួនរកប្រាក់ចំណូលជាមធ្យម ៧២ ៦៣០ ដុល្លារ។ យ៉ាងណាមិញ អ្នកត្រូវរកលុយឲ្យបាន ២១៧ ៨៩០ ដុល្លារក្នុងមួយឆ្នាំ ទើបចាត់ទុកថាជាអ្នកមាននៅក្នុងប្រទេសនេះ។
៤.ប្រទេសប្រ៊ុយណេ ធនធានប្រេងដ៏ច្រើនរបស់ប្រទេសនេះបានរកប្រាក់ចំណូលឲ្យពលរដ្ឋរបស់ខ្លួនគិតជាមធ្យម ៧៦ ៧៤០ ដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែអ្នកដែលរកលុយបានចាប់ពី ២៣០ ២២០ ដុល្លារឡើងទៅក្នុងមួយឆ្នាំទើបចាត់ទុកថា ជាអ្នកមាននៅក្នុងប្រទេសស្តេចប្រេងកាតខាងលើនេះ។
៣.ប្រទេសសិង្ហបុរី សិង្ហបុរីជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុតមួយនៅលើពិភពលោកនៅពេលបច្ចុប្បន្ននេះ។ សក្ដានុពលសេដ្ឋកិច្ចដ៏ខ្លាំងក្លាបានផ្តល់លទ្ធភាពឲ្យពលរដ្ឋរបស់ខ្លួនរកប្រាក់ចំណូលគិតជាមធ្យម ៩០ ៥៣០ ដុល្លារក្នុងមួយឆ្នាំ ខណៈដែលពលរដ្ឋដែលចាត់ទុកថា ជាអ្នកមាន គឺត្រូវមានប្រាក់ចាប់ពី ២៧១ ៥៩០ ដុល្លារឡើងទៅនៅក្នុងមួយឆ្នាំ។
២.ប្រទេសលុចហ្សំបួរ ក្នុងនាមជាប្រទេសមួយដែលមានប្រព័ន្ធអប់រំល្អបំផុត និងមានបំផុតមួយនៅតំបន់អឺរ៉ុប ប្រជាជនលុចហ្សំបួរអាចរកប្រាក់ចំណូលជាមធ្យម ១០៩ ១៩០ ដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែអ្នកត្រូវរកចំណូលបានជាង ៣ សែនដុល្លារឡើងទៅក្នុងមួយឆ្នាំទើបចាប់ទុកថា អ្នកជាអ្នកមាននៅក្នុងប្រទេសនេះ។
១.ប្រទេសកាតារ ក្នុងនាមជាប្រទេសមានជាងគេបំផុតនៅលើពិភពលោក ប្រជាពលរដ្ឋកាតារអាចរកចំណូលបាន ១២៤ ៩៣០ ដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែគេចាត់ទុកថា អ្នកណាម្នាក់ជាអ្នកមាននៅក្នុងប្រទេសនេះ គឺត្រូវរកចំណូលចាប់ពី ៣៧៤ ៧៩០ ដុល្លារក្នុងមួយឆ្នាំឡើងទៅ៕
ប្រភព៖ boredarticles