ដំណើរលើវិថីតស៊ូរបស់ Jack Ma ប្រែខ្លួនពីគ្រូបង្រៀនទៅជាមហាសេដ្ឋី និងត្រឡប់ទៅជាគ្រូបង្រៀនវិញ
លោកJack Ma ជាសហគ្រិនដែលមានទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ក្រោយការបង្កើតក្រុមហ៊ុន Alibaba ហើយគ្រោងលាលែងពីតំណែងជាអ្នកបង្កើតក្រុមហ៊ុនមួយនេះខណៈដែលក្រុមហ៊ុននេះលោកបានបង្កើតជាងពីរទសវត្សរ៍មកហើយនោះ។ កាលពីថ្ងៃច័ន្ទ ពីរសប្ដាហ៍មុន លោក Jack Ma បានមានប្រសាសន៍ថា ខួបទី ៥៤ឆ្នាំរបស់លោក ជាពេលដែលលោកសម្រេចប្រកាស លាលែងពីតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុននេះ ដែលការលែលែងរបស់លោកគឺនឹងធ្វើឡើងនៅឆ្នាំក្រោយនេះតែម្ដង។
លោក Jack Ma ដែលជាអ្នកតស៊ូមតិ ឥតសំចៃដើម្បីសកលភាវូបនីយកម្ម នឹងចាប់ផ្ដើមផ្លាស់ប្ដូរតួនាទីរបស់លោកនៅក្នុងពេលវេលាមួយដែលអាចនិយាយបានជាពេលវេលាដ៏ក្ដៅគគុក។ ក្ដៅគគុកដោយសារតែ សហរដ្ឋអាមេរិកនិងចិន កំពុងបោះសម្ដីដាក់គ្នារឿង សង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើង ទន្ទឹមនឹងនេះដែរសេដ្ឋកិច្ចចិនកំពុងបង្ហាញសញ្ញានៃការធ្លាក់ចុះបន្តិចផងដែរ។
លោក Duncan Clark អ្នកនិពន្ធសៀវភៅ «Alibaba: The House That Jack Ma Built» បានប្រាប់ទូរទស្សន៍ CNN ថាគាត់ សង្ស័យថាការចូលនិវត្តន៍របស់លោកម៉ាត្រូវបានបង្កឡើងដោយខាងភូមិសាស្ត្រនយោបាយ។ លោក Clark បាននិយាយទៀតថា ៖ «Jack Ma បាននិយាយតាំងពីយូរណាស់មកហើយ ពីការត្រឡប់ទៅធ្វើជាគ្រូបង្រៀនវិញ ដូច្នេះហើយវាគ្មានការភ្ញាក់ផ្អើលអីនោះទេ»។ ងាកទៅកាន់ប្រវត្តិរបស់លោក Jack Ma បន្តិច គឺលោកកើតនៅក្នុងគ្រួសារក្រីក្រមួយនៅទីក្រុង HangZhou នៃខេត្ត ZheJiang ប្រទេសចិននៅឆ្នាំ 1964 ហើយលោកបានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយថា លោកបរាជ័យក្នុងការដាក់ពាក្យទៅរៀននៅសាកលវិទ្យាល័យ Harvard ចំនួន ១០ដងហើយជួបបរាជ័យលើការដាក់ពាក្យធ្វើការរាប់សិបដងផងដែរ។ លោកបានបរាជ័យក្នុង ការប្រឡងចូលរៀនសាលាពីរដងមុនពេលសិក្សានៅមហាវិទ្យាល័យគ្រូបង្រៀន Hangzhou ។
យ៉ាងណាក៏ដោយ លោកបានបញ្ចប់ការសិក្សានៅឆ្នាំ 1988 ហើយបានបន្តបង្រៀនភាសាអង់គ្លេសនៅទីនោះជាច្រើនឆ្នាំ លោក Jack Ma បានរៀបរាប់ និងប្រៀបប្រដូចអំពីការក្លាយជាមហាសេដ្ឋីផ្នែកបច្ចេកវិទ្យាដ៏លេចធ្លោម្នាក់របស់ចិននេះថា ដូចជាក្នុងរឿងហូលីវូដអ៊ីចឹង។ លោកបានមានប្រសាសន៍ដូច្នេះថា លោកបានធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ1995 ដើម្បីជួយទាបំណុលដែលអ្នកជំនួញអាមេរិកម្នាក់ជំពាក់ក្រុមហ៊ុនចិន ប៉ុន្តែបុរសនោះមានកាំភ្លើងហើយបានចាប់គាត់ដាក់ក្នុងផ្ទះ រយៈពេលពីរថ្ងៃ ហើយលោកបានរត់គេចខ្លួនបន្ទាប់ពីបានសន្យាថាអ្នកជំនួញនោះនឹងក្លាយជាដៃគូរបស់លោកនៅក្នុងក្រុមហ៊ុនបណ្តាញអ៊ីនធឺណិត។
បើយោងតាមកាសែត The Times លោក Jack Ma មិនបានទាក់ទងបុរសម្នាក់នោះទៀតទេប៉ុន្តែគាត់បានសួរមិត្តភក្តិនៅទីក្រុងស៊ីថលអំពីអ៊ិនធើណែតហើយលោកបានត្រលប់ទៅប្រទេសចិនវិញខណ:ដែលគម្រោងការអ៊ីនធឺណិតនៅតែមិនទាន់ច្បាស់ការណ៍។ បើតាមប្រភពដដែលបានបន្តទៀតថា ៖«ថ្ងៃដែលយើងបានភ្ជាប់អ៊ីនធឺណិតនោះ ខ្ញុំបានអញ្ជើញមិត្តភ័ក្ដិនិងមនុស្សព្រមទាំងខាងទូរទស្សន៍ទៅផ្ទះរបស់ខ្ញុំយើងបានរង់ចាំអស់រយៈពេល 3 ម៉ោងកន្លះហើយយើងបានផឹកបៀរ មើលទូរទស្សន៍និងលេងបៀរក្នុងការរង់ចាំនោះ ប៉ុន្តែខ្ញុំពិតជាមានមោទនភាពណាស់ព្រោះខ្ញុំបានបង្ហាញឲ្យឃើញថាអ៊ីនធឺណិតមានហើយនៅថ្ងៃនោះ»។
ការបង្កើតក្រុមហ៊ុនអាលីបាបា
Jack Ma បានបោះបង់អាជីពខាងបង្រៀនហើយ បានខ្ចីប្រាក់ពីរពាន់ដុល្លារដើម្បីបង្កើតគេហទំព័រមួយដែលជាគេហទំព័រពាណិជ្ជកម្មដំបូងបង្អស់របស់ប្រទេសចិន។ បន្ទាប់ពីក្រុមហ៊ុននោះបរាជ័យលោកបានប្រមូលប្រាក់រួមគ្នាប្រហែល 60 000 (៦ ម៉ឺន) ដុល្លារពីមិត្ត ភក្តិនិងវិនិយោគិន ហើយបានបង្កើត Alibaba.com ជាទីផ្សារអាជីវកម្មទៅជាអាជីវកម្ម (Business to Business) នៅឆ្នាំ 1999 ។ វាបានទាក់ទាញការគាំទ្រពីក្រុមហ៊ុនធំ ៗ ដូចជាក្រុមហ៊ុន Goldman Sachs (GS) និងក្រុមហ៊ុន SoftBank (SFTBF) យ៉ាងខ្លាំងនាពេលនោះ។ វាជាជោគជ័យដ៏អស្ចារ្យមួយដែលក្រុមហ៊ុន Yahoo ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយបានទិញយកភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន Alibaba ក្នុងឆ្នាំ 2005 ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ 4 ពាន់លានដុល្លារដែលបានផ្តល់ឱ្យ Alibaba នូវការគ្រប់គ្រងលើប្រតិបត្តិការរបស់ក្រុមហ៊ុន Yahoo នៅក្នុងប្រទេសចិន។
ក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់មក ក្រុមហ៊ុន Alibaba បានប្រមូលអតិថិជនរាប់លាននាក់បន្ថែមទៀតហើយត្រូវបានគេជឿថា ជាអ្នកជួយផ្លាស់ប្តូរសង្គមចិនដោយផ្តល់ឲ្យប្រជាជនមានករងារធ្វើជាច្រើន។ ក្រុមហ៊ុន Alibaba បានបង្ហាញខ្លួននៅទីផ្សារភាគហ៊ុនញូវយ៉កនៅខែកញ្ញាឆ្នាំ 2014 ហើយបានបង្កើនកំណត់ត្រានូវការប្រមូលមូលនិធិ 25 ពាន់លានដុល្លារ ប៉ុន្តែការចាប់ផ្តើមដំបូងរបស់ខ្លួននៅលើទីផ្សារភាគហ៊ុននេះមានភាពរង្គោះរង្គើខណៈដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងការរំពឹងទុកដ៏ខ្ពង់ខ្ពស់របស់ Wall Street ។ លោកJack Ma បានផ្តល់ទស្សនៈរបស់ខ្លួននៅក្នុងបទសម្ភាសន៍រយៈពេល 60 នាទីដល់ទូរទស្សន៍ CBS ដូច្នេះថា ៖«យើងជឿជាក់ថា«អតិថិជនក្តី បុគ្គលិកក្តីម្ចាស់ភាគហ៊ុនក្តី ប្រសិនបើពួកគេមិនចង់ទិញវានោះទេពួកគេអាចលក់ឲ្យយើងវិញបាន»។
ស្រឡាញ់ពួកគេសូមកុំរៀបការជាមួយពួកគេឡើយ ដូចក្រុមហ៊ុនបច្ចេកវិទ្យាចិនដទៃទៀតដែលបានលេចឡើងក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះក្រុមហ៊ុន Alibaba ត្រូវតែរុករកសេដ្ឋកិច្ចមួយដែលគណបក្សកុម្មុយនិស្តកាន់អំណាចកំពុងកាន់កាប់។ លោកបានថ្លែងរយៈពេល ៦០នាទីប្រាប់បណ្ដាញសារព័ត៌មានអន្តរជាតិថា អាលីបាបាធ្វើការជាមួយអាជ្ញាធរចិននៅពេលនិយាយអំពីបញ្ហាសន្តិសុខជាតិប៉ុន្តែគាត់បាននិយាយថា គាត់នៅតែព្យាយាមរក្សាគម្លាតពីរដ្ឋាភិបាលឱ្យនៅឆ្ងាយ គោលនយោបាយរបស់លោកគឺ "មិនដែលធ្លាប់ធ្វើពាណិជ្ជកម្មជាមួយរដ្ឋាភិបាលឡើយ" ។
ហេតុនោះហើយលោកលើកឡើងថា «ស្រឡាញ់ពួកគេ តែកុំរៀបការជាមួយពួកគេ»។ លោកបានប្រាប់ទូរទស្សន៍ Bloomberg កាលពីពេលថ្មីៗនេះថា លោកចង់ត្រលប់មកបង្រៀននៅថ្ងៃណាមួយ។ លោកបានមានប្រសាសន៍ថា ៖«នេះជាអ្វីដែលខ្ញុំគិតថា ខ្ញុំអាចធ្វើបានល្អប្រសើរជាងធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba»៕
ដោយ៖ រ៉ាម៉ាញ