ស្វែងយល់បន្តពី «ពន្ធកាត់ទុក»
១.តើការទូទាត់ប្រភេទណាខ្លះដែលត្រូវបានអនុគ្រោះលើកលែងពន្ធកាត់ទុក? ការទូទាត់ពណ៌នាខាងក្រោមត្រូវបានអនុគ្រោះលើកលែងពន្ធកាត់ទុក៖ -ការប្រាក់ដែលបង់ឲ្យទៅធនាគារ ឬស្ថាប័នសញ្ជ័យធន ឬ ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក -ការទូទាត់ទៅឲ្យរាជរដ្ឋាភិបាល ឬស្ថាប័ននៃរាជរដ្ឋាភិបាលនូវសួយសារ ឬ ប្រាក់ថ្លៃឈ្នួលលើចលនទ្រព្យ ឬអចលនទ្រព្យ (ក្នុងនោះមានរួមបញ្ចូលផងដែរនូវប្រាក់ទូទាត់លើការធ្វើអាជីវកម្មកំពង់ដរ ដីសម្បទានសេដ្ឋកិច្ច និងភាស៊ីផ្សារ ។ល។ ) លុះត្រាតែការទូទាត់នេះត្រូវទាក់ទិននឹងចលនទ្រព្យ ឬ អចលនទ្រព្យដែលបានកត់ត្រាជាទ្រព្យសម្បត្តិរដ្ឋនៅក្នុងបញ្ជីបញ្ជីសារពើភ័ណ្ឌគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយប្រាក់ទូទាត់ត្រូវមានការបញ្ជាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ជាចំណូលមិនមែនសារពើពន្ធបង់ចូលថវិការដ្ឋ។ -ការទូទាត់នូវប្រាក់ចំណូលដែលពន្ធលើប្រាក់បៀវត្ស ឬ ពន្ធលើអត្ថប្រយោជន៍បន្ថែមត្រូវបានកាត់ទុករួចរាល់ -ការទូទាត់នូវការប្រាក់ដោយរាជរដ្ឋាភិបាល ឬ ស្ថាប័នរាជរដ្ឋាភិបាលទៅឲ្យបុគ្គលអនិវាសនជនចំពោះប្រាក់កម្ចីដែលរាជរដ្ឋាភិបាលកម្ពុជា ឬ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលស្គាល់ និងយល់ព្រម -ការទូទាត់នូវប្រាក់ចំណូលពីការបំពេញសេវានានារួមទាំងការគ្រប់គ្រង ឬ ការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែលរបស់សហគ្រាសនីតិបុគ្គលដែលបានចុះបញ្ជីជាសហគ្រាសជាប់ពន្ធតាមរបបពិត។ ប៉ុន្តែទឹកប្រាក់នោះត្រូវតែកត់ត្រាក្នុងវិក័យបត្រដែលចេញដោយអ្នកទទួលប្រាក់ និងត្រូវបានកត់ត្រាច្បាស់លាស់ ហើយមានព័ត៌មានគ្រប់គ្រាន់ដូចមានចែងក្នុងប្រកាសលេខ ៣៤១ ប្រក.សហវ.ពដ និងប្រកាសលេខ ៣៤២ ប្រក.សហវ.ពដ ចុះថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ១៩៩៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចុចនេះដើម្បីអានអត្ថបទលើកមុន៖ ស្វែងយល់ពីពន្ធកាត់ទុក!
២.តើពន្ធកាត់ទុកត្រូវបានគណនាយ៉ាងដូចម្តេច? ពន្ធកាត់ទុកត្រូវបានគណនាដោយគារគុណមូលដ្ឋានគិតពន្ធនឹងអត្រាពន្ធដែលអនុវត្ត។
មូលដ្ឋានគិតពន្ធ៖ ពន្ធកាត់តុកត្រូវគណនាលើចំនួនទឹកប្រាក់ដុលដែលត្រូវទូទាត់ឲ្យបុគ្គលណាមួយ។ ចំពោះការទូទាត់ប្រាក់ឲ្យអនិវាសនជនដែលទាក់ទិនដល់ការផ្គត់ផ្គង់សម្ភារៈបរិក្ខារផង និងសេវាផង ដូចនៅក្នុងការទូទាត់ចំណាយទិញម៉ាស៊ីនពីក្រៅប្រទេសដែលមានថ្លៃទិញម៉ាស៊ីន និងថ្លៃសេវាផ្គុំដំឡើងដោយអ្នកបច្ចេកទេសជាបុគ្គលិកអនិវាសនជនផ្តល់ដោយអ្នកលក់ (សម្រាប់ដំណើរការដើមដំបូងនៃម់ាស៊ីន) មូលដ្ឋានសម្រាប់គិតពន្ធកាត់ទុក គឺជាចំណែកប្រាក់ដែលទាក់ទិននឹងសេវាផ្គុំដំឡើងនេះតែប៉ុណ្ណោះ។ ដរាបណាការទូទាត់មិនទាន់ចាត់ជាចំណាយ កាតព្វកិច្ចកាត់ទុកពន្ធក៏នឹងមិនកើតមានឡើងដែរ។ ប៉ុន្តែការទូទាត់នេះត្រូវបានចាត់ទុកថា បានធ្វើឡើងប្រសិនបើការទូទាត់នេះត្រូវបានកាត់កងជាការចំណាយអាជីវកម្ម ហើយភ្នាក់ងារកាត់ទុកត្រូវបង់ពន្ធកាត់ទុកក្នុងនាអ្នកទទួល។
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ