លោកស្រី ចេន សុភាព៖«អាជីវកម្មកីតម្បាញខ្មែរ ដើមទុនរាប់ម៉ឺនដុល្លារ ចាប់ផ្ដើមដំបូងត្រឹមប្រាក់ ៣៥០ដុល្លារ»
ធ្វើជាម្ចាស់អាជីវកម្មគ្រប់គ្រងលើមុខជំនួញដែលខ្លួនឯងស្រលាញ់និងពេញចិត្តគឺជាក្ដីប្រាថ្នារបស់មនុស្សភាគច្រើន ទន្ទឹមនឹងនោះផងដែរ ការចាប់ផ្ដើមអាជីវកម្មដំបូង ចាំបាច់ត្រូវការដើមទុនគ្រប់គ្រាន់នៅក្នុងការចាប់ផ្ដើមវាផងដែរ។ ប៉ុន្តែសំណួរ ត្រង់ថា តើការចាប់ផ្ដើមអាជីវកម្មចាំបាច់ទាល់តែមានដើមទុនក្នុងដៃរាប់ម៉ឺនដុល្លារទើបអាចដំណើរការបានមែនឬយ៉ាងណា?
ស្របគ្នានេះដែរ លោកស្រី ចេន សុភាព ប្រធានសមាគមន៍កីតម្បាញខ្មែរ បានមានប្រសាសន៍លើកឡើងថា ការចាប់ផ្ដើមអាជីវកម្មដំបូងរបស់លោកស្រី គឺអាជីវកម្មកីតម្បាញខ្មែរនេះ គឺលោកស្រីចាប់ផ្ដើមចេញពីដើមទុនត្រឹមតែ ៣៥០ដុល្លារប៉ុណ្ណោះ ហើយត្រឹមរយៈពេល ៣ឆ្នាំប៉ុណ្ណោះលោកស្រីអាចពង្រីកដើមទុនរហូតដល់ខ្ទង់ម៉ឺនដុល្លារ។
[caption id="attachment_57516" align="aligncenter" width="750"] បទបង្ហាញរបស់អ្នកស្រី ចេន សុភាព នៅសាកលវិទ្យាល័យកម្ពុជាកាលពីកន្លងទៅថ្មីៗនេះ[/caption]
[caption id="attachment_57515" align="aligncenter" width="750"] បទបង្ហាញរបស់អ្នកស្រី ចេន សុភាព នៅសាកលវិទ្យាល័យកម្ពុជាកាលពីកន្លងទៅថ្មីៗនេះ[/caption]
ប្រធានសមាគមន៍កីតម្បាញខ្មែររូបនេះបានមានប្រសាសន៍មកកាន់ក្រុមការងារ Bizkhmer ថា ៖«ការចាប់ផ្ដើមអាជីវកម្មរបស់ខ្ញុំ បានចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ២០១៥ ហើយការធ្វើអាជីវកម្មរបស់ខ្ញុំ ផ្ដោតទៅលើផលិតផលសឹងខ្មែរ ដោយផលិតផលនេះគឺវាមិនសូវមានតម្លៃខ្ពស់ទេគឺមានចាប់ពី ៦ម៉ឺនរៀលដល់១២និង១៣ម៉ឺនរៀលប៉ុណ្ណោះ ដូច្នេះត្រឹមដើមទុន៣៥០ដុល្លារនេះគឺអាចទិញផលិតផលនេះមកដំណើរការអាជីវកម្មបាន»។
លោកស្រីបានលើកឡើងបន្តថា អាជីវកម្មរបស់អ្នកស្រី ផ្ដើមចេញពីដើមទុនតិចក៏ពិតមែន ប៉ុន្តែអ្នកស្រី មានជំនឿចិត្តនៅក្នុងការដំណើរការអាជីវកម្មរបស់ខ្លួនព្រោះថា អ្នកស្រីមានផែនការអាជីវកម្មច្បាស់លាស់នៅក្នុងដៃ និងមួយវិញទៀត គឺអ្នកស្រី បានធ្វើការសិក្សាយ៉ាងច្បាស់លាស់ទៅលើទីផ្សារនៃផលិតផលនេះរួចហើយថា មិនមែនប្រជាជនមិនគាំទ្រផលិតផលខ្មែរទេ ប៉ុន្តែមកពីយើងមិនមានផលិតផលឲ្យគាត់ប្រើ ហើយផលិតផលយើងគឺមិនមានអ្វីប្លែកនិងថ្មី ដូច្នេះទើបខ្ញុំចាប់ផ្ដើមបង្កើតជាក្រុមមួយដែលមានគ្នាប្រហែលជា១០គ្រួសារនិងចាប់ផ្ដើមធ្វើទីផ្សារ។
សហគ្រិនស្រី្តគម្រូរូបនេះបន្តទៀតថា បើទោះបីជាយើងចាប់ផ្ដើមពីតូចប៉ុន្តែយើងព្យាយាមលក់ឲ្យបានច្រើន ព្យាយាមបង្វិលដើមទុនចូលវិញឲ្យបានលឿន ដូច្នេះបើយើងឧទាហរណ៍ប្រាក់៣៥០ដុល្លា ស្មើរនឹង១លាន៤០ម៉ឺនរៀលយើងចំណេញមកវិញ១លាន៦០ម៉ឺនរៀល ១លាន៦០ម៉ឺនឡើងដល់១លាន៨០ម៉ឺនរៀល ដូច្នេះយើងព្យាយាមលក់ឲ្យបានលឿននិងកុំប៉ះពាល់លុយនឹងឲ្យសោះ ដើម្បីបង្វិលសាច់ប្រាក់នោះទិញផលិតផលចូលស្ដុក។ ដូច្នេះនេះគឺជាវិធីសាស្រ្តមួយដែរដែលអាចជួយឲ្យអាជីវកម្មរបស់យើងមានដើមទុនកើនឡើង។
លោកស្រីមានប្រសាសន៍បន្ថែមទៀតថា លោកស្រីពិតជាស្រណោះខ្លាំងណាស់នៅពេលដែលឃើញកីតម្បាញខ្មែរជាច្រើនប្រមាណជាជាង៩០%ត្រូវបានគេទុកចោលនៅក្នុងរដូវរស្សារហើយប្រជាជនភាគច្រើនបានធ្វើចំណាកស្រុក ដូច្នេះដោយសារតែក្ដីស្រលាញ់ផលិតផលខ្មែរនិងចង់ជួយប្រជាជន លោកស្រីបានបង្កើតសមាគមន៍នេះឡើង ហើយបច្ចុប្បន្នតាមរយៈសមាគមន៍កីតម្បាញខ្មែរនេះបានជួយផ្ដល់ការងារដល់ស្រី្តខ្មែរប្រមាណជា២០០នាក់ហើយ។
លោកស្រី ចេន សុភាព ៖«ខ្ញុំមិនរកស៊ីឲ្យគេជំពាក់ទេ ផលិតផលរបស់ខ្ញុំបើអ្នកមិនទិញអ្នកនឹងស្ដាយ" នេះជាភាពខ្លាំងនៃអាជីវកម្មរបស់ខ្ញុំ»៕
អត្ថបទ៖ ជួប ស្រីរ័ត្ន