តើគេអាចបង់ ឬ មិនបង់ពន្ធប៉ាតង់បាននៅក្នុងករណីណាខ្លះ?
លើកមុនប្រិយមិត្តបានស្វែងយល់រួចមកហើយពីទីកន្លែង និងអំឡុងពេលនៃការបង់ពន្ធប៉ាតង់ដែលស្ថិតនៅក្រោមច្បាប់កម្ពុជា។ ជាបន្តទៅទៀតនេះ Bizkhmer សូមបង្ហាញជូនលោកអ្នកពីបែបបទនៃការបង់ពន្ធប៉ាតង់វិញម្តង ថាតើគេបង់ ឬ មិនចាំបាច់បង់ពន្ធប៉ាតង់នៅក្នុងករណីណាខ្លះ?
ក. ក្នុងករណីអ្នកជាប់ពន្ធផ្លាស់ប្ដូរសកម្មភាពអាជីវកម្មថ្មី ប្រសិនបើអ្នកជាប់ពន្ធមានបំណងចង់ផ្លាស់ប្ដូរសកម្មភាពអាជីវកម្មថ្មី អ្នកជាប់ពន្ធត្រូវបង់ពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មថ្មីនោះ។ ឧទាហរណ៍៖ លោក សុក បានបើកក្រុមហ៊ុនជួសជុលរថយន្តមួយកន្លែង។ ២ ឆ្នាំក្រោយមក មុខរបរនេះមិនកាក់កប គាត់ក៏ផ្លាស់ប្ដូរបើកក្រុមហ៊ុនផលិតទឹកបរិសុទ្ធវិញម្តង។ ក្នុងករណីនេះ គាត់ត្រូវបង់ពន្ធប៉ាតង់សម្រាប់ក្រុមហ៊ុនថ្មី គឺក្រុមហ៊ុនផលិតទឹកបរិសុទ្ធ។
ខ.ក្នុងករណីអ្នកជាប់ពន្ធមានបំណងចង់បន្ថែមសកម្មភាពអាជីវកម្មថ្មី នៅក្នុងករណីដែលអ្នកជាប់ពន្ធមានបំណងចង់បន្ថែមសកម្មភាពអាជីវកម្មថ្មី អ្នកជាប់ពន្ធត្រូវបង់ពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មបន្ថែមនោះ។ ឧទាហរណ៍៖ លោកស្រី សុជាតិ មានក្រុមហ៊ុននាំចេញនាំចូលមួយ ហើយបានបើក ក្រុមហ៊ុន២ទៀត គឺក្រុមហ៊ុនដឹកជញ្ជូន និងសណ្ឋាគារ។ ក្នុងករណីនេះ លោកស្រី សុជាតិត្រូវបង់ពន្ធប៉ាតង់សម្រាប់ ៣ សកម្មភាពអាជីវកម្មផ្សេងគ្នា។
គ.ក្នុងករណីអ្នកជាប់ពន្ធចង់ផ្លាស់ប្ដូរទីកន្លែងថ្មី អ្នកជាប់ពន្ធដែលបានបង់ពន្ធរួចរាល់ហើយ ត្រូវបង់ពន្ធប៉ាតង់ថ្មី ប្រសិនបើត្រូវផ្លាស់ប្ដូរទីតាំងអាជីវកម្មពីរាជធានីទៅខេត្ត ឬ ពីខេត្តទៅរាជធានី ឬ ពីខេត្តទៅខេត្តមួយទៀត។ ឧទាហរណ៍៖ លោក ពិទូ មានក្រុមហ៊ុនផលិតស្រាទំពាំងបាយជូរមួយនៅបាត់ដំបង។ ៣ ឆ្នាំក្រោយមក គាត់ចង់ផ្លាស់ប្ដូរក្រុមហ៊ុននេះទៅខេត្តសៀមរាប ដូច្នេះគាត់ត្រូវបង់ពន្ធប៉ាតង់ឲ្យក្រុមហ៊ុនរបស់គាត់នៅសាខាពន្ធដារខេត្តសៀមរាប។
ឃ.ក្នុងករណីអ្នកជាប់ពន្ធមានសាខា ឬ រោងជាងជំនួយ ១.សហគ្រាសដែលមានសាខា ឬ រោងជាងជំនួយនៅក្នុងរាជធានី-ខេត្តតែមួយ ចំពោះសហគ្រាសដែលមានសាខា ឬ រោងជាងជំនួយនៅក្នុងរាជធានី-ខេត្តតែមួយដែលរួមគ្នាលក់ដូរ ឬ ផលិតមុខទំនិញដូចគ្នា មិនចាំបាច់បង់ពន្ធប៉ាតង់សម្រាប់សាខា ឬ រោងជាងជំនួយទាំងនោះទៀតទេ។ ឧទាហរណ៍ តារា មានក្រុមហ៊ុនផលិតទឹកត្រីមួយនៅខណ្ឌ ទួលគោក។ ដោយសារតែអាជីវកម្ម រីកចម្រើន គាត់បានពង្រីកទីតាំងមួយទៀតនៅខណ្ឌ សែនសុខ។ ដោយសារតែតែទីតាំងថ្មីជាប្រភេទអាជីវកម្មតែមួយដូចគ្នា លោក តារា មិនចាំបាច់បង់ពន្ធប៉ាតង់សម្រាប់ទីតាំងថ្មីនេះឡើយ។ ២.សហគ្រាសដែលមានសាខា ឬ រោងជាងជំនួយនៅក្នុងរាជធានី-ខេត្តផ្សេងគ្នា ចំពោះសហគ្រាសដែលមានសាខា ឬរោងជាងជំនួយនៅក្នុងរាជធានី-ខេត្តផ្សេងគ្នាដែលរួមគ្នាលក់ដូរ ឬផលិតមុខទំនិញដូចគ្នា ត្រូវបង់ពន្ធប៉ាតង់សម្រាប់សាខា ឬរោងជាងជំនួយទាំងនោះ។ ឧទាហរណ៍ថា លោកស្រី បុផ្ផា បើកក្រុមហ៊ុនផលិតគ្រឿងសង្ហារិមនៅភ្នំពេញ។ ដោយសារតែមុខរបរនេះរីកចម្រើន គាត់បានបើកទីតាំងមួយទៀតនៅខេត្តកំពង់ស្ពឺ។ ក្នុងករណីនេះ លោកស្រី បុផ្ផា ត្រូវបង់ពន្ធប៉ាតង់ផ្សេងគ្នាគឺ មួយនៅភ្នំពេញ និងមួយទៀតនៅខេត្តកំពង់ស្ពឺ។
ង.ក្នុងករណីដែលសហគ្រាសផ្លាស់ប្ដូរម្ចាស់ ចំពោះសហគ្រាសត្រូវផ្លាស់ប្ដូរម្ចាស់កម្មសិទ្ធិ ហើយម្ចាស់កម្មសិទ្ធិមុនបានបង់ពន្ធប៉ាតង់ក្នុងឆ្នាំសារពើពន្ធរួចរាល់ហើយនោះ ម្ចាស់កម្មសិទ្ធិថ្មីមិនចាំបាច់បង់ពន្ធប៉ាតង់ថ្មីនោះទេ ប្រសិនបើបើបំពេញបានតាមលក្ខខណ្ឌតម្រូវទាំងពីរខាងក្រោមនេះ៖ -មិនផ្លាស់ប្ដូរសកម្មភាពអាជីវកម្ម ឬ ផ្លាស់ប្ដូរតាមការតម្រូវរបស់រដ្ឋ -ម្ចាស់កម្មសិទ្ធិថ្មី គឺជាឪពុក ម្តាយ ប្តី ប្រពន្ធ កូន ឬ អ្នកស្នងស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិចាស់៕
ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ