តើ​ពន្ធ​ប៉ាតង់​ត្រូវ​បង់​នៅ​​កន្លែង​ណា? នៅ​ពេល​ណា?​



នៅ​លើក​មុន​ប្រិយមិត្ត​បាន​ស្វែង​យល់​រួច​មក​ហើយ​ថា អ្វី​ទៅ​ជា​ពន្ធ​ប៉ាតង់ និង​​របៀប​គណនា​ពន្ធ​ប៉ាតង់។ នៅ​ថ្ងៃ​នេះ លោក​អ្នក​នឹង​​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ទៀត​​ជុំវិញ​ប្រធានបទ​ពន្ធ​ប៉ាតង់​នេះ​។

១.តើ​ត្រូវ​បង់​ពន្ធ​ប៉ាតង់​នៅ​កន្លែង​ណា? ​ការ​បង់​ពន្ធ​ប៉ាតង់​ត្រូវ​ធ្វើ​ឡើង​​នៅ​ទីតាំង​ដូច​ខាងក្រោម៖ ​ ក.សហគ្រាស ឬ អ្នក​ជាប់​ពន្ធ​ធំ សហគ្រាស ឬ​អ្នក​ជាប់​ពន្ធ​ធំ​​មាន​ជាអាទិ៍ គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ សាខា​ក្រុមហ៊ុន​បរទេស ឬ ក្រុមហ៊ុន​ពហុជាតិ សហគ្រាស​ដទៃទៀត​ដែល​មាន​​ផល​របរ​ប្រចាំ​ឆ្នាំ​ចាប់​ពី ២ ០០០០ លាន​រៀល​ឡើង​ទៅ​ ) ពន្ធ​ប៉ាតង់​ត្រូវ​​បង់​នៅ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់​ពន្ធ​ធំ។ ខ.សហគ្រាស​ធុន​តូច និង​សហគ្រាស​ធុន​មធ្យម ​សហគ្រាស​ធុន​តូច និង​សហគ្រាស​ធុន​មធ្យម​ដែល​​មាន​ផលរបរ​ប្រចាំ​ឆ្នាំ​​ក្រោម ២ ០០០ លាន​រៀល ត្រូវ​បង់​ពន្ធ​ប៉ាតង់​នៅ​​សាខា​ពន្ធដារ​​ខេត្ត-ខណ្ឌ​ដែល​សហគ្រាស​នោះ​ស្ថិត​នៅ ឬ​នៅ​តាម​សាខា​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ឬ សាខា​ធនាគារ​កាណាឌីយ៉ា​​ទូទាំង​ប្រទេស​។ ចំពោះ​អាជីវកម្ម​ចល័ត​​ត្រូវ​បង់ពន្ធ​ប៉ាតង់​នៅ​ការិយាល័យ​រដ្ឋបាល​សារពើពន្ធ​កន្លែង​ដែល​ចុះ​បញ្ជី​អាជីវកម្ម។

២.តើ​ពន្ធប៉ាតង់​ត្រូវ​បង់​នៅ​ពេល​ណា? យោង​តាម​ប្រកាស​​លេខ ១៨២១ សហវ.ប្រក ចុះ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ​ឆ្នាំ ២០១៥ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តី​ពី​វិធាន​ និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់ ​​អ្នក​ជាប់ពន្ធ​ទាំងអស់ ត្រូវ​​​បង់​​ពន្ធ​ប៉ាតង់​ដូច​ខាងក្រោម៖ ក.សហគ្រាស​ចាស់​៖ ត្រូវ​​​បង់​​ពន្ធ​ប៉ាតង់​នៅ​ក្នុង​​អំឡុង​ពេល​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​មករា ដល់​ថ្ងៃ​ទី ៣១ ខែ​មីនា​ជា​រៀងរាល់​ឆ្នាំ។ ខ.សហគ្រាស​ថ្មី៖ អ្នក​ជាប់​ពន្ធ​ដែល​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម​​លើក​ដំបូង​មាន​រយៈពេល​ ១៥ ថ្ងៃ​បន្ទាប់​ពី​មាន​សកម្មភាព​​សេដ្ឋកិច្ច​បឋម ឬ​​កាល​បរិច្ឆេទ​​នៃ​ការ​ចុះ​បញ្ជី​ជា​មួយ​ក្រសួង​ពាណិជ្ជកម្ម​។

ប្រភព៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

X
5s