ស្រាវជ្រាវ ៥ឆ្នាំលើអ្នកមាន ២៣៣រូប ជាលទ្ធផលបានបង្ហាញថា ពួកគេមានលុយដោយសារអ្វី
លោក Thomas C. Corley ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ “Rich Habits Study” បានសម្ភាសន៍អ្នកមានចំនួន ២៣៣ រូបហើយជាលទ្ធផលនៃការស្រាវជ្រាវរបស់លោក លោកបានបង្ហាញលទ្ធផលដូចខាងក្រោមដែលជាបុគ្គលិកលក្ខណៈរួមរបស់អ្នកមានទាំងនោះ។
១.ពូកែសន្សំ និងវិនិយោគលើប្រាក់សន្សំ ២២% នៃអ្នកមានទាំង ២៣៣ គឺជាមនុស្សពូកែសន្សំលុយកាក់ ព្រមទាំងគ្មានបំណុលនៅក្នុងដៃនោះឡើយ។ ម្យ៉ាងវិញទៀតប្រាក់ចំណូលដែលបានមកពីការវិនិយោគចេញពីប្រាក់សន្សំ (Passive Income) គឺលើសពីការចំណាយប្រចាំថ្ងៃរបស់ពួកគេទៅទៀត។ អ្នកមានប្រភេទនេះមានបុគ្គលិកលក្ខណៈរួម ៥ យ៉ាងគឺ៖ -រស់នៅក្នុងជីវភាពសាមញ្ញដូចគេដូចឯង -បង្កើតប្រភពចំណូលពីការបណ្ដាក់ទុនលើមុខរបរផ្សេងៗគ្នា -ចំណូលទាំងនោះមានច្រើនលើសការចំណាយប្រចាំថ្ងៃរបស់ពួកគេ -ពួកគេមានទម្លាប់សន្សំប្រាក់ ២០% នៃចំណូលទាំងនោះអស់រយៈពេលជាច្រើនឆ្នាំ -ពួកគេបានបណ្ដាក់ទុនចេញពីប្រាក់សន្សំយ៉ាងប្រុងប្រយ័ត្នអស់រយៈពេលជាច្រើន។ សម្រាប់សង្គមអាមេរិក អ្នកមានប្រភេទនេះ ត្រូវការប្រើពេលរហូតដល់ទៅ ៣២ ឆ្នាំទើបអាចមានទ្រព្យសម្បត្តិរង្វង់ ៣,៤ លានដុល្លារ។
២.មានជំនាញច្បាស់លាស់ ក្នុងចំណោមអ្នកមាន ២៣៣ រូប មានអ្នកមាន ២៧% ត្រូវបានគេរកឃើញថា ជាមនុស្សដែលកសាងទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភរបស់ពួកគេចេញពីជំនាញវិជ្ជាជីវៈរបស់ខ្លួន។ បុគ្គលប្រភេទនេះ ធ្វើការក្នុងតំណែងកំពូលៗខុសពីមនុស្សផ្សេងទៀតដូចជា នាយកប្រតិបត្តិក្រុមហ៊ុន (CEO) ឬ ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន ឬស្ថាប័នធំៗជាដើមជាមួយនឹងថ្លៃកម្លាំងពលកម្មដ៏ច្រើន។ អ្នកជំនួញ និងម្ចាស់អាជីវកម្មខ្នាតតូច (Small Business Owner) ក៏រាប់បញ្ចូលក្នុងលំដាប់មនុស្សប្រភេទនេះដែរ។ នៅសង្គមអាមេរិក អ្នកមាននៅប្រភេទនេះត្រូវកាលពេលយ៉ាងហោចណាស់ ២០ ឆ្នាំទើបអាចមានប្រាក់ ៤ លានដុល្លារនៅក្នុងដៃ។
៣.មានមហិច្ឆតា និងក្តីសុបិន្ដ ការស្រាវជ្រាវនេះបានបង្ហាញថា អ្នកមាន ៥១% នៃអ្នកមានទាំង ២៣៣ រូបខាងលើ ជាមនុស្សដែលមានមហិច្ឆតា និងក្តីសុបិន្ដខ្ពស់។ អ្វីដែលបុគ្គលប្រភេទនេះធ្វើបាន គឺការប្រែក្លាយក្តីសុបិន្ដ និងមហិច្ឆតារបស់ពួកគេឲ្យក្លាយជាការពិតបាន។ ក្តីសុបិន្ដ និងមហិច្ឆតានេះនៅទីបំផុតបានផ្តល់ឱ្យពួកគេនូវប្រាក់ចំណូលយ៉ាងច្រើនដោយប្រើពេលត្រឹមតែ ៧ឆ្នាំប៉ុណ្ណោះ ពួកគេនឹងក្តោបបានទ្រព្យសម្បត្តិគិតជាមធ្យមចំនួន ៧,៤ លានដុល្លារនៅក្នុងដៃ។ ជាការសន្និដ្ឋាននៃការស្រាវជ្រាវនោះគឺថា វិធីដើម្បីអាចកសាងភាពមានបានរបស់បុគ្គលម្នាក់ៗនៅពេលខាងមុខ គឺមិនមែនមានតែមួយនោះទេ។ បើអ្នកជាមនុស្សមិនពូកែទុកដាក់វិនិយោគលើលុយកាក់ គ្មានក្តីសុបិន្ដ ឬ ក៏និយាយម្យ៉ាងទៀតថា គ្មានជំនាញច្បាស់លាស់ នោះវានឹងក្លាយជាឧបសគ្គសឆ្ពោះទៅរកភាពមានបាន។ យ៉ាងណាមិញ ប្រសិនបើអ្នករកឃើញវិធីណាមួយដែលគន្លឹះផ្តល់ក្តីសង្ឃឹមធ្វើឲ្យអ្នកមានបានមែន អ្នកត្រូវក្តោបវាឲ្យជាប់ ហើយចំណាយពេលធ្វើវាជាបន្តបន្ទាប់ដោយក្តីរីករាយ និងដោយភាពអត់ធ្មត់ ព្រោះថា ចង់មានលុយរាប់លានដុល្លារ មិនមែនប្រើពេលត្រឹមតែ១ យប់ ឬ មួយឆ្នាំនោះឡើយ៕
ប្រភព៖ Businessinsider