វិធីសាស្ត្រល្អៗ ៥យ៉ាងដែលអាចឲ្យអ្នកស្រកទម្ងន់ប្រកបដោយសុខភាពល្អ
អាហារដែលមិនល្អចំពោះសុខភាពអាចធ្វើឲ្យអ្នកឡើងទម្ងន់ និងអាចបង្កជាជំងឺធាត់លើសទម្ងន់បាន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រល្អៗ៥យ៉ាងដែលអាចឲ្យអ្នកស្រកទម្ងន់ប្រកបដោយសុខភាពល្អបាន៖
១) ទំពាអាហារយឺតៗ៖ ការទំពាអាហារយឺតៗនឹងធ្វើឲ្យអ្នកទទួលអារម្មណ៍ថាឆាប់ឆ្អែតជាងមុន ដូចនេះអ្នកនឹងទទួលទានតិចជាងមុន និងកាត់បន្ថយបរិមាណអាហារដែលអ្នកទទួលទាន។
២) ប្រើប្រាស់ចានតូចសម្រាប់អាហារដែលមិនសូវល្អចំពោះសុខភាព៖ ប្រើប្រាស់ចានតូចអាចជួយឲ្យអ្នកទទួលទានតិចជាងមុនបាន ព្រោះថាចានតូចនឹងធ្វើឲ្យបរិមាណអាហាររបស់អ្នកមានសភាពច្រើនជាងការដែលប្រើប្រាស់ចានធំសម្រាប់ដាក់បរិមាណអាហារដូចគ្នា។ ហេតុនេះអ្នកនឹងទទួលទានអាហារដែលមិនសូវល្អចំពោះសុខភាពតិចតួចជាងសព្វដង។
៣) ទទួលទានប្រូតេអ៊ីនឲ្យបានច្រើន៖ ប្រូតេអ៊ីនមានឥទ្ធិពលខ្លាំងក្លាចំពោះរបបអាហាររបស់អ្នក។ វាធ្វើឲ្យអ្នកឆាប់ឆ្អែត កាត់បន្ថយការឃ្លាន និងជួយឲ្យអ្នកទទួលទានកាឡូរីតិចតួចជាងមុន។ ឧទាហរណ៍ខ្លះៗអំពីអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់មានដូចជា ស៊ុត គ្រាប់អាល់មន សាច់ទ្រូងមាន់ ត្រី និងគ្រាប់ធញ្ញជាតិជាច្រើនប្រភេទទៀត។
៤) ទទួលទានអាហារដែលសម្បូរជាតិសរសៃ៖ អាហារដែលសម្បូរជាតិសរសៃក៏អាចជួយឲ្យអ្នកទទួលអារម្មណ៍ថាឆាប់ឆ្អែតដែរ។ អាហារប្រភេទនេះមានដូចជា សណ្ដែក ទំពាំងបារាំង ក្រូច ល្ហុង ប័រ ប៉ោម ចេក ការ៉ុត ដំឡូងឈាមមាន់ ប្រូកូលី ដំឡូងជ្វា និងសូកូឡាខ្មៅ។
៥) ទទួលទានទឹកជាប្រចាំ៖ ការទទួលទានទឹកជាប្រចាំជាពិសេសមុនពេលទទួលទានអាហារ អាចជួយកាត់បន្ថយបរិមាណអាហារដែលអ្នកទទួលទាន ជួយឲ្យអ្នកមិនសូវឃ្លាន និងទទួលអារម្មណ៍ឆាប់ឆ្អែត៕
ដោយ៖ ស្រីពៅ