បុគ្គលិកលក្ខណៈទាំង ១៤ យ៉ាងដែលបែងចែកភាពខុសគ្នារវាង មនុស្សជោគជ័យនិងមនុស្សបរាជ័យ​



មនុស្សម្នាក់ៗឲ្យនិយមន័យទៅលើពាក្យជោគជ័យខុសៗគ្នា។ មនុស្សមួយចំនួនឲ្យតម្លៃទៅលើទ្រព្យសម្បត្តិ មាសប្រាក់ មនុស្សខ្លះទៀតឲ្យតម្លៃទៅលើការមានពេលវេលាគ្រប់គ្រាន់ ប៉ុន្តែមានមនុស្សមួយចំនួនទៀតឲ្យនិយមន័យនៃភាពជោគជ័យទៅលើការជួយអ្នកដទៃពេលពួកគេជួបការលំបាកទៅវិញ។ ប៉ុន្តែអ្នកត្រូវចាំថា ដើម្បីសម្រេចភាពជោគជ័យ អ្នកត្រូវតែហ៊ានបើកគំនិត និងហ៊ានឆ្លងកាត់ពុះពារគ្រប់ឧបសគ្គទាំងឡាយដើម្បីសម្រេចវា។ ខាងក្រោមនេះ គឺជាបុគ្គលិកលក្ខណៈទាំង ១៤ យ៉ាងដែលបែងចែកភាពខុសគ្នារវាង «មនុស្សជោគជ័យ» និង «មនុស្សបរាជ័យ»៖

១) មនុស្សជោគជ័យហ៊ានទទួលខុសត្រូវលើកំហុសរបស់ពួកគេ ប៉ុន្តែមនុស្សបរាជ័យចូលចិត្តបន្ទោស ទំលាក់កំហុសលើអ្នកដទៃ។

២) មនុស្សជោគជ័យផ្ដោតលើសកម្មភាពក្នុងពេលបច្ចុប្បន្ន ប៉ុន្តែមនុស្សបរាជ័យគិតខ្វាយខ្វល់ពីអតីតកាល។

៣) មនុស្សជោគជ័យចេះដឹងគុណនិងចេះសរសើរលើកទឹកចិត្តអ្នកដទៃ ប៉ុន្តែមនុស្សបរាជ័យចូលចិត្តរិះគន់អ្នកដទៃដោយគ្មានហេតុផលត្រឹមត្រូវ។

៤) មនុស្សជោគជ័យដឹងពីរបៀបលើកលែងទោស ប៉ុន្តែមនុស្សបរាជ័យចូលចិត្តផ្ចាញ់ផ្ចាល ចងគំនុំសងសឹក។

៥) មនុស្សជោគជ័យមានគំនិតវិជ្ជមាន ប៉ុន្តែមនុស្សបរាជ័យតែងតែបង្ហាញផ្នត់គំនិតអវិជ្ជមាន។

៦) មនុស្សជោគជ័យដឹងថាភាពជោគជ័យកើតឡើងដោយសារតែមនុស្សជុំវិញខ្លួនពួកគេ ប៉ុន្តែមនុស្សបរាជ័យគិតថាភាពជោគជ័យជាកម្មសិទ្ធរបស់គេតែម្នាក់គត់។

៧) មនុស្សជោគជ័យចូលចិត្តចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃ ប៉ុន្តែមនុស្សបរាជ័យចូលចិត្តលាក់ទុក។

៨) មនុស្សជោគជ័យចូលចិត្តនិយាយអំពីគំនិត ប៉ុន្តែមនុស្សបរាជ័យចូលចិត្តនិយាយដើមអ្នកដ៏ទៃ។

៩) មនុស្សជោគជ័យតែងតែចង់ឲ្យអ្នកដទៃជោគជ័យ រីកចម្រើន ប៉ុន្តែមនុស្សបរាជ័យចង់ឲ្យអ្នកដ៏ទៃបរាជ័យ។

១០) មនុស្សជោគជ័យចូលចិត្តរៀនសូត្រ ប៉ុន្តែមនុស្សបរាជ័យតែងតែគិតថាពួកគេចេះដឹងគ្រប់យ៉ាង។

១១) មនុស្សជោគជ័យមានគោលដៅច្បាស់លាស់ ប៉ុន្តែមនុស្សបរាជ័យមិនមានគោលដៅច្បាស់លាស់ក្នុងជីវិតឡើយ ជីវិតតែលតោល។

១២) មនុស្សជោគជ័យដឹងថាពួកគេចូលចិត្តអ្វី ចង់ធ្វើអ្វី ប៉ុន្តែមនុស្សបរាជ័យមិនដឹងពីចំណង់ចំណូលចិត្ត ឬអ្វីដែលពួកគេចង់ធ្វើនោះឡើយ។

១៣) មនុស្សជោគជ័យចេះទទួលយកគំនិត ឬមតិយោបល់របស់អ្នកដទៃ ប៉ុន្តែមនុស្សបរាជ័យគិតថាមានតែគំនិតរបស់គេទេដែលល្អឥតខ្ចោះ។

១៤) មនុស្សជោគជ័យតែងតែត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរ ប៉ុន្តែមនុស្សបរាជ័យភ័យខ្លាចការផ្លាស់ប្ដូរ៕

ដោយ៖ លង់ វណ្ណៈ

X
5s