លក្ខណៈខុសគ្នាដែលគួរឱ្យកត់សម្គាល់រវាងមនុស្ស Introvert និងមនុស្ស Extrovert
នៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់គ្នា រមែងមានការទំនាក់ទំនងជាមួយគ្នា ប៉ុន្តែមិនមែនមនុស្សទាំងអស់សុទ្ធតែចង់បង្កើតការទំនាក់ទំនងនោះទេ។ យើងអាចនិយាយបានថា ទំនាក់នងជាមួយនឹងអ្នកដទៃ ក៏អាស្រ័យលើបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗផងដែរ។ ជារឿងមួយដែលមនុស្សយើងកំពុងជួបនៅក្នុងការរស់នៅប្រចាំថ្ងៃ ដែលធ្វើឱ្យមានគម្លាតរវាងគ្នានឹងគ្នា រហូតមិនអាចបង្កើតទំនាក់ទំនង ជាមួយគ្នាបានគឺអាស្រ័យលើបុគ្គលិកលក្ខណៈបុគ្គលម្នាក់ៗដែលមានភាពខុសគ្នា។
នៅក្នុងករណីនេះដែរ យើងក៏បានសង្កត់ធ្ងន់ទៅលើមនុស្សពីរប្រភេទគឺ មនុស្សប្រភេទ Introvert និងមនុស្សប្រភេទ Extrovert។ តើមនុស្សពីរប្រភេទនេះ មានលក្ខណៈខុសគ្នាយ៉ាងណានៅក្នុងសង្គម?
ជាការឆ្លើយតប លោក ឈួរ ធាង ស្រេង ប្រធានក្រុមចិត្តខ្មែរ បានឱ្យដឹងថា មនុស្ស introvert ជាប្រភេទមនុស្សដែលមានបុគ្គលិកលក្ខណៈខាងក្នុង។ លោកថា បុគ្គលដែលមានបុគ្គលិកលក្ខណៈខាងក្នុង គឺមិនសូវចូលចិត្តនិយាយច្រើននោះទេ អ្វីដែលសំខាន់ពួកគេផ្តោតទៅលើការគិតតែខាងក្នុង ទាំងបញ្ហានៃការគិត អារម្មណ៍ជាដើម។
លោក បន្ថែមថា វាមានលក្ខណៈផ្ទុយពីមនុស្ស Extrovert ព្រោះមនុស្សប្រភេទ Extrovert ជាមនុស្សដែលចូលចិត្តទំនាក់ទំនងជាមួយសង្គម ហើយពួកគេងាយស្រួលក្នុងការបង្កើតមិត្តភាពជាមួយអ្នកដ៏ទៃបានយ៉ាងងាយស្រួល។ លោក ឈួរ ធាង ស្រេង ប្រធានក្រុមចិត្តខ្មែរ ទាក់ទងទៅនឹងលក្ខណៈពិសេសរបស់បុគ្គលទាំងពីរប្រភេទនេះ លោកក៏បានបន្តថា ចំពោះបុគ្គលដែលមានគាត់មានលក្ខណៈIntrovert ជាទូទៅគឺពួកគាត់គិតច្រើន មុននឹងនឹងនិយាយចេញមកក្រៅ ហើយពួកគេជាមនុស្សដែលចូលចិត្តនៅម្នាក់ឯងច្រើនជាងនៅក្នុងចំណោមមនុស្សច្រើនដោយអាចធ្វើការម្នាក់ឯងក៏បានដែលអាចផ្ចង់អារម្មណ៍ទៅលើការងាររបស់ខ្លួនឯងបានយូរ។
ក៏ប៉ុន្តែសម្រាប់បុគ្គលដែលមានលក្ខណៈExtrovert គឺពួកគេចូលចិត្តធ្វើការងារជាក្រុម ព្រោះបើមនុស្សនេះធ្វើការងារតែម្នាក់ភាគច្រើនផលិតភាពនៃការងារនោះមិនបានល្អឡើយ ហើយមនុស្ស Extrovert នេះ ពួកគេងាយនឹងជឿទុកចិត្ត និងងាយចុះសម្រុងជាមួយមនុស្សជុំវិញ។ កញ្ញា សុខ ស្រីនិច ពិតជាមិនអាចប្រកែកបានចំពោះលក្ខណៈខាងក្នុងរបស់មនុស្ស ដែលចូលចិត្តភាពស្ងៀមស្ងាត់ជាជាងភាពអ៊ូអរ។ កញ្ញា សុខ ស្រីនិច ជានិស្សិតឆ្នាំទី៣ ផ្នែកច្បាប់ នៃសកលវិទ្យាល័យកម្ពុជា បានបង្ហាញការយល់ឃើញថាខ្លួនឯងជាមនុស្ស introvert (មនុស្សស្ងប់ស្ងាត់)។ កញ្ញាគិតថាខ្លួនឯងជាមនុស្សដែលពិបាកចូលចុះជាមួយអ្នកដទៃណាស់ ព្រោះកញ្ញាមិនសូវចូលចិត្តនិយាយច្រើន ហើយក៏មិនសូវចូលចិត្តកន្លែងដែលមានមនុស្សនៅជួបជុំច្រើនដែរ។ កញ្ញាបានបន្ថែមថាដោយសារចរិកលក្ខណៈស្ងប់ស្ងាត់បែបនេះ ធ្វើឲ្យកញ្ញាពិបាកក្នុងការបង្កើតមិត្តភក្ដិថ្មីៗ ហើយក៏មិនងាយស្រួលក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនដែរ ព្រោះជារឿយៗគឺមិនសូវចេះនិយាយរកគេមុន ដែលកត្តានេះធ្វើឲ្យអ្នកដទៃយល់ថាកញ្ញាជាមនុស្សវាយឬក។កញ្ញាយល់ថាការធ្វើជាមនុស្សស្ងប់ស្ងាត់គឺល្អ ព្រោះនៅពេលដែលយើងមិនសូវនិយាយនោះគឺយើងមិនសូវខុស ហើយម៉្យាងទៀតអ្នកដទៃនឹងមិនដឹងថាយើងកំពុងគិតអ្វី ហើយម៉្យាងការនៅស្ងប់ស្ងាត់ធ្វើឲ្យកញ្ញាអាចប្រមូលអារម្មណ៍ធ្វើអ្វីមួយបានល្អ ។ ប៉ុន្តែទន្ទឹមនឹងនេះក៏មានចំណុចមួយចំនួនដែលកញ្ញាមិនសូវពេញចិត្តចំពោះចរិកលក្ខណៈរបស់ខ្លួនឯងផងដែរ «ពេលខ្លះចង់ផ្លាស់ប្ដូរខ្លួនឯងដែរ តែពេលខ្លះទៀតក៏គិតថាគ្មានអ្វីដែលគួរកែប្រែទេ»។
លោក តាន់ ម៉េងហ័រ ផ្ទុយពីកញ្ញា សុខ ស្រីនិច ដែលកញ្ញា ជាមនុស្ស Introvert។ ជានិស្សិតជំនាញអេឡិចត្រូនិចនៃសាលាបច្ចេកទេសដុនបូស្កូភ្នំពេញ។ លោក តាន់ ម៉េងហ័រ បានបង្ហាញការយល់ឃើញចំពោះខ្លួនឯងថាលោកជាមនុស្សរួសរាយម្នាក់ (extrovert) ។ មូលហេតុដែលនាំឲ្យយល់ដូច្នេះ ព្រោះលោកសង្កេតឃើញថាខ្លួនឯងចូលចិត្តនិយាយសំណេះសំណាលជាមួយមនុស្សនៅជុំវិញខ្លួន ហើយចូលចិត្តការជួបជុំជាមួយបងប្អូន ព្រមទាំងមិត្តភក្ដិ និងចូលចិត្តបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ដែលកត្តានេះធ្វើឲ្យគេក្លាយជាមនុស្សម្នាក់ដែលមានមិត្តភក្ដិច្រើនទោះទៅដល់ទីណាក៏ដោយ។ យុវជនរូបនេះបានបន្ថែមថា ការចេះនិយាយលេងសើចគឺដូចជាបច្ចេកទេសមួយដ៏ប្រសើរក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ ហើយងាយស្រួលសម្របខ្លួនក្នុងសង្គម ប៉ុន្តែទន្ទឹមនឹងនេះដែរវាក៏ផ្ដល់ផលមិនល្អផងដែរ ព្រោះថាការលេងសើចច្រើននាំឲ្យកើតមានបញ្ហានៅពេលខ្លះដែលអាចធ្វើឲ្យអ្នកដទៃខឹង។
«រាប់អានមនុស្សច្រើន ស្គាល់គេឯងច្រើនគឺជារឿងល្អ វានឹងផ្ដល់ផលល្អដល់យើងបើសិនថ្ងៃណាមួយយើងមានរឿងចង់ពឹងពាក់គេ» នេះជាការលើកឡើងរបស់លោក។ជាចុងបញ្ចប់លោកបានបញ្ជាក់ថាលោកពេញចិត្តចំពោះចរិកលក្ខណៈរបស់លោក ទោះបីពេលខ្លះចូលចិត្តនិយាយច្រើនបន្តិចមែនតែមានភាពម៉ត់ចត់។
តាមរយៈគេហទំព័រ www.16personalities.com បានលើកឡើងទាក់ទងទៅនឹងលក្ខណៈខុសគ្នាដែលគួរឱ្យកត់សម្គាល់រវាងមនុស្ស Introvert និងមនុស្ស Extrovert យកមកបង្ហាញផងដែរ៖
១. Introvert ជាមនុស្សដែលនៅដាច់ឆ្ងាយពីអ្នកដទៃ តែextrovertចូលចិត្តនិយាយជាមួយអ្នកដទៃ។
2. មនុស្ស introverts ច្រើនតែស្ដាប់ជាជាងនិយាយ Extrovert ច្រើនតែបង្ហាញពីគំនិតរបស់ពួកគេចេញមកក្រៅ។
3. មនុស្ស introverts ពេញចិត្តចំពោះការដែលបាននៅជាមួយខ្លួនឯង ចំណែកមនុស្សextrovertចូលចិត្តចំណាយពេលវេលានៅជាមួយគ្រួសារ និងមិត្តភក្ដជាដើម ហើយចូលចិត្តការចូលរួមក្នុងសង្គម។
4. មនុស្ស introverts មើលទៅហាក់ដូចជាស្ងៀមស្ងាត់តែខាងក្នុងសកម្ម ខុសពីមនុស្សextrovertដែលបង្ហាញការគិតចេញមកក្រៅ។
5. មនុស្ស introverts មិនចូលចិត្តការផ្លាស់ប្ដូរទេ ចំណែកឯមនុស្សextrovert ទទួលយកការផ្លាស់ប្ដូរបានយ៉ាងងាយ និងឆាប់សម្របខ្លួនបាន។
6. មនុស្សextrovert ជាអ្នកដែលអាចនិយាយពីខ្លួនឯងប្រាប់អ្នកដទៃដោយសេរី ។
7. ចំណុចពិសេមួយរបស់មនុស្ស introverts គឺពួកគេអាចផ្ដោតអារម្មណ៍យ៉ាងជ្រៅទៅលើអ្វីមួយ នៅខណៈដែលមនុស្សextrovertងាយទទួលការរំខានដែលធ្វើឲ្យគេផ្ដោតអារម្មណ៍មិនបានយូរ។
លោក ឈួរ ធាង ស្រេង មានប្រសាសន៍ថា យើងមិនអាចផ្លាស់ប្តូរបានឡើយចំពោះបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ ប៉ុន្តែបើតាមការសិក្សាបែបចិត្តសាស្ត្រ គឺគេលើកទឹកចិត្តដល់ពួកគាត់ ទៅតាមអ្វីដែលគាត់អាចធ្វើបាន ដូចជាការសិក្សាទៅលើជំនាញ ដែលអាស្រ័យលើចំណង់ចំណូលចិត្ត និងបុគ្គលិកលក្ខណៈរបស់ពួកគេទាំងស្រុង៕
អត្ថបទ៖ ហៀងរ័ត្ន និងរ៉ុន អូន