​​ចង់​ដឹង​ថា​ខ្លួន​​ឯង​​ចោល​ម្សៀត​​ឬ​​អស្ចារ្យ​​ប៉ុណ្ណា​ ​កុំ​ភ្លេច​សួរ​ខ្លួន​ឯង​​៣​សំនួរ​នេះ​​​



ពេល​វេលា​​​ដើរ​លឿន​ណាស់​ ​លឿន​រហូត​​​ដល់​ថ្នាក់​មិន​គួរ​​​ឲ្យ​ជឿ។​ ​​ប្រសិន​បើ​អ្នក​មិន​បាន​ត្រៀម​ខ្លួន​​​ឲ្យ​រួច​រាល់​ ​ឬ​ ​​ចេះ​ប្រើ​ពេលវេលា​​​ឲ្យ​មាន​ប្រយោជន៍​ទេ ​​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​គ្មាន​បាន​ការ​ ​និង ​​រស់​នៅ​គ្រាន់​តែ​​ចាំ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ។ ​ដូច្នេះ​ហើយ ​ដើម្បី​ជៀស​​ឲ្យ​ឆ្ងាយ​ពី​ជីវិត​​គ្មាន​បាន​ការ​ ​​អ្នក​ត្រូវ​តែ​​ចំណាយ​ពេល​ ​សួរ​ខ្លួន​ឯង​​៣​សំនួរ​នេះ​៖ ​​​

១) ​​​​មក​ដល់​ពេល​នេះ​មាន​​អាយុ​ប៉ុន្មាន​ហើយ​?៖ ​សំនួរ​នេះ​ហាក់​ដូច​ជា​កំប្លែង​ ​ហើយ​ប្រហែល​អ្នក​អាច​នឹង​គិត​ថា ​​ ​គ្មាន​ប្រយោជន៍​អ្វី​ទាំង​អស់​។ ​ប៉ុន្តែ​​សូម​កុំ​ភ្លេច​ថា ​​​មាន​មនុស្ស​មិន​តិច​នោះ​ទេ ​​កំពុង​តែ​​បណ្តោយ​​ខ្លួន​ធ្វើ​រឿង​គ្មាន​ប្រយោជន៍​ជាច្រើន ​ព្រោះ​គិត​ថា ខ្លួន​ឯង​មាន​ពេល​ច្រើន​ទៀត ​រហូត​ដល់​ពេល​មួយ​ដែល​សឹង​​តែ​ហួស​ពេល​អស់​​។ ​ដូច្នេះ​ហើយ​ ​ការ​ចោទ​ជា​សំនួរ​បែប​នេះ​ចំពោះ​ខ្លួន​ឯង​ ​នឹង​អាច​ជា​ការ​ដាស់​សតិ​ខ្លួន​ឯង​​ឲ្យ​រលឹក​​ដឹង​ថា ​​ខ្លួន​​កំពុង​ស្ថិត​ក្នុង​វ័យ​ណា ​និង ​ដំណាក់​កាល​មួយ​ណា​ក្នុង​ជីវិត​ ​ដែល​ងាយ​ស្រួល​ក្នុង​ការ​រៀបចំខ្លួន​​​សម្រាប់​​អនាគត​។​

​២) ​​មក​ដល់​ពេល​នេះ ​​មាន​សម្រេច​អ្វី​ខ្លះ​ហើយ​?៖ ​បើ​អ្នក​សាក​​ចំណាយ​ពេល​បន្តិច​ដើម្បី​​ ​គិតត្រួសៗ​​អំពី​កំណត់​ត្រា​ជោគជ័យ​ ​និង ​សមិទ្ធផល​របស់​ខ្លួន ​អ្នក​​នឹង​មើល​​ឃើញ​​យ៉ាង​ច្បាស់​ថា ​ខ្លួន​ឯង​​អស្ចារ្យ​ប៉ុណ្ណា​​ ​​ឬ ​ចោល​ម្សៀត​ប៉ុណ្ណា​។​ ​អ្នក​ខ្លះ​រវល់​តែ​សប្បាយ​​ភ្លេច​ខ្លួន ​​រហូត​បណ្តោយ​​ឲ្យ​ពេលវេលា​កន្លង​ផុត ​​ដោយ​ធ្មេច​បើកៗ​​ ​គឺ​ជាង​ពាក់​កណ្តាល​​ជីវិត​បាត់​ទៅ​ហើយ ​ដោយ​អ្វី​ដែល​​​​គួរ​​​ឲ្យ​អៀនខ្មាស​បំផុត​នោះ ​គឺ​គ្មាន​ឡើយ​កំណត់​ត្រា​ជោគជ័យ ​​​តែ​សម្បួរ​ណាស់​រឿង​អត់​ប្រយោជន៍។ ​សំនួរ​​នេះ ​អ្នក​គួរ​តែ​សាក​សួរ​ខ្លួន​ឯង​លេងៗ​ ​ក្រែង​ដឹង​ថា​​ ​ខ្លួន​ឯង​ចោល​ម្សៀត​ប៉ុណ្ណា​។

៣) ​​ចង់​បាន​អ្វី​​​ឲ្យ​ប្រាកដ​ក្នុង​ជីវិត​?៖ ​​អ្នក​ខ្លះ​និយាយ​ថា ​​លុយ​គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត ​ឬ ​និយាយ​​បាន​ថា ​​មាន​​​លុយ​គឺ​មាន​អ្វីៗ​​គ្រប់​យ៉ាង​ ​រួម​ទាំង​សេចក្តី​សុខ​ផង​ដែរ​។ ​​​ ​មិន​ហ៊ាន​ថា ​គំនិត​នេះ​ខុស​ទេ ​តែ​បើ​គំនិត​នេះ​ពិត​ជា​ត្រូវ​មែន ​តើ​​​​ហេតុ​អ្វី​​អ្នក​មានៗ​​ ​និង​ ​តារា​ល្បីៗ​មួយ​ចំនួន ​ក្នុង​លោក​នេះ​បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​របស់​ខ្លួន​ ​​​ដោយ​ចាកចោល​​គំនរ​​លុយ​យ៉ាង​ច្រើន​របស់​ខ្លួន​យ៉ាង​ផុយៗ​បែប​នេះ​? ​មិន​ស្តាយ​ទេ​ឬ​?​​ ​​សង្ឃឹម​ថា ​ចំណុច​នេះ​អាច​ដាស់សតិ​របស់​អ្នក​​ឲ្យ​ដឹង​ថា ​អ្វី​ដែលសំខាន់​ក្នុង​ជីវិត​របស់​ខ្លួន​​ ​ជាជាង​ចំណាយ​ពេល​ធ្វើ​រឿង​ដែល​ខ្លួន​​មិន​ពេញ​ចិត្ត​ ​ឬ ​ប្រឡំ​ធំ​ថា ​វា​ជា​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​ ​ព្រោះ​​ឃើញ​មនុស្ស​ភាគច្រើន​​​​គិត​បែប​នេះ៕​​

X
5s