បើចង់បានជីវិតដ៏អស្ចារ្យ អ្នកមិនអាចមើលរំលងចំណុចសំខាន់ទាំង៤នេះឡើយ
ជីវិតមិនមែនងាយស្រួលដូចការស្រមៃចង់បានរបស់មនុស្សម្នាក់ៗនោះទេ ហើយវាកាន់តែអាក្រក់ទៅទៀត ប្រសិនបើមនុស្សទាំងនោះមិនបានយកចិត្តទុកដាក់ឲ្យបានខ្លាំង។ ខាងក្រោមនេះ ជាចំណុចសំខាន់៤យ៉ាង ដែលធ្វើឲ្យជីវិតរបស់អ្នកឆ្ពោះទៅរកសេចក្តីរីកចម្រើន៖
១) ត្រូវតែមានហេតុផល៖ វាមិនទាន់គ្រប់គ្រាន់នោះទេបើអ្នកគ្រាន់តែមានគោលដៅមួយ ប៉ុន្តែអ្នកត្រូវតែដឹងថា តើមានមូលហេតុអ្វីបានជាអ្នកកំពុងតែធ្វើការងារដើម្បីសម្រេចគោលដៅនេះ។ ហើយមូលហេតុទាំងនោះគឺពិតជាសំខាន់ណាស់ដែលអ្នកគួរតែមានភាពរឹងមាំ និងខិតខំប្រឹងប្រែងដើម្បីជំនះរាល់ឧបសគ្គទាំងឡាយដែលអ្នកបានជួបប្រទះ។ជាក់ស្តែងមនុស្សគ្រប់រូបខិតខំប្រឹងប្រែងធ្វើការងារ ដោយសារតែពួកគេចង់ធានាផ្នែកសន្តិសុខហិរញ្ញវត្ថុគ្រួសាររបស់ពួកគេមានភាពល្អប្រសើរ នេះហើយគឺជាមូលហេតុសំខាន់ដែលបណ្តាលឲ្យពួកគេមានភាពប្រឹងប្រែង។
២) ជាអ្នកដោះស្រាយបញ្ហា៖ តើអ្នកចង់ឡើងតំណែងឆាប់នៅកន្លែងការងាររបស់អ្នកដែរឬទេ?អ្នកគួរតែមានដំណោះស្រាយចំពោះបញ្ហា នៅខណៈពេលដែលនៅក្នុងក្រុមហ៊ុនរបស់អ្នកកំពុងជួបប្រទះបញ្ហាស្មុគស្មាញហើយមានមនុស្សជាច្រើនបានសាកល្បងដោះស្រាយហើយតែនៅតែបរាជ័យ។តើអ្នកចង់ទទួលភាពជោគជ័យនៅក្នុងមុខជំនួញរបស់អ្នកដែលឬទេ?ការលក់ដំណោះស្រាយ ទៅលើបញ្ហាដែលអតិថិជនជាច្រើនកំពុងជួបប្រទះគឺជាភាពជោគជ័យមួយសម្រាប់ម្ចាស់ជំនួញគ្រប់រូប។ប៉ុន្តែមនុស្សគ្រប់រូបមិនអាចក្លាយទៅជាអ្នកដែលមានភាពខ្លាំងខាងដោះស្រាយបញ្ហាទាំងអស់នោះដែរ វាក៏ជាជំនាញមួយដែលជាអំណោយទានពីធម្មជាតិផងដែរ។ដូច្នោះហើយអ្នកត្រូវចេះអភិវឌ្ឍនការគិតរបស់អ្នកឲ្យមានភាពឆាប់រហ័សតាមដែរអាចទៅរួច។
៣)ទម្លាប់អាចផ្លាស់ប្តូរជីវិតរបស់អ្នក៖ នៅពេលមនុស្សម្នាក់ធ្វើរឿងដដែលៗជាប្រចាំ នោះវានឹងក្លាយជាទម្លាប់។ ទម្លាប់ប្រចាំថ្ងៃរបស់អ្នកនេះហើយ នឹងផ្លាស់ប្តរជីវិតអ្នក។ បើមានទម្លាប់ល្អ នឹងផ្តាស់ប្តូរទៅរកផ្លូវល្អ តែបើទម្លាប់អាក្រក់វិញ វានឹងធ្វើឲ្យអ្នកទទួលបានលទ្ធផលអាក្រក់។ ដូច្នេះហើយ ត្រូវតែបង្កើតទម្លាប់ល្អ បើមិនដូច្នេះទេ អ្នកនឹងទទួលបានតែលទ្ធផលមិនល្អមិនខាន។
៤) ភាពសប្បុរសគឺជាចំណុចទាក់ទាញ៖ ភាពសប្បុរស និងក្តីករុណាដែលកើតចេញពីចិត្តរបស់អ្នកគឺត្រូវបានមនុស្សទាំងអស់ទទួលស្គាល់ វាមិនដូចការដែលយកសម្រស់និងសំបកខ្លួនខាងក្រៅទៅទាក់ទាញមនុស្សទេ ទោះបីជាវាអាចទៅរួចក៏បានតែមនុស្សមួយភាគតូចដែលមិនស្គាល់ពីតម្លៃពិតតែប៉ុណ្ណោះ ហើយមនុស្សបែបនេះមិនមានច្រើននោះទេ៕
សម្រួលដោយ៖ អ៊ុន ស្រីនាង