ចង់បានជីវិតភ្លឺស្វាង កុំភ្លេចប្រកាន់គំនិត២យ៉ាងនេះឲ្យជាប់!
ជោគជ័យក្នុងជីវិត គឺជាអ្វីដែលមនុស្សតែងប្រាថ្នាចង់បាន។ ប៉ុន្តែមិនមែនមនុស្សទាំងអស់សុទ្ធតែអាចជោគជ័យបានឡើយ បើគ្រាន់តែប្រើពាក្យត្រឹម«ចង់ជោគជ័យ»។ សម្រាប់មនុស្សជោគជ័យ តែងមានការតាំងចិត្តខ្ពស់ ហើយចំណុចសំខាន់បំផុតនោះ គឺពួកគេមានប្រកាន់យ៉ាងជាប់លាប់នូវផ្នត់គំនិតជោគជ័យ។ ខាងក្រោមនេះជាផ្នត់សំខាន់ពីរយ៉ាង ដែលមនុស្សជោគជ័យតែងប្រកាន់យក៖
១) គ្មាននរណាមកទទួលខុសត្រូវលើជីវិតអ្នក ក្រៅពីខ្លួនអ្នក៖ ប្រសិនបើអ្នកក្រឡេកទៅមើលរឿងរ៉ាវនៅក្នុងជីវិតរបស់អ្នកផ្ទាល់ អ្នកនឹងចាប់ផ្តើមដឹងថាគ្រប់រឿងរ៉ាវដែលអ្នកបានធ្វើនិងបានបញ្ចប់ វាគឺជាលទ្ធផលដែលអ្នកទទួលបានពីការសម្រេចចិត្តរបស់អ្នកផ្ទាល់។ ម្យ៉ាងវិញទៀតវាប្រាកដជាមានមនុស្ស ដែលនៅជុំវិញខ្លួនរបស់អ្នកកោតសរសើរអ្នកចំពោះអ្វីដែលអ្នកបានបញ្ចប់វាដោយជោគជ័យ។ ប៉ុន្តែការជោគជ័យដែលអ្នកបានទទួលគឺកើតឡើងចេញពីការសម្រេចចិត្តរបស់អ្នក ហើយក៏គ្មានអ្នកណាម្នាក់មកសម្រេចចិត្តជំនួសអ្នកដើម្បីធ្វើរឿងអ្វីមួយបានឡើយ។ ដូច្នេះហើយ តើអ្នកណាដែលគួរឲ្យស្តីបន្ទោសឲ្យពិតប្រាកដ? បើអ្នកគឺជាអ្នកកំណត់លើជោគវាសនារបស់ជីវិតរបស់អ្នកផ្ទាល់ ទាំងក្តីស្រមៃ ក្តីសង្ឃឹមជាមួយគោលដៅសម្រាប់អនាគត ហេតុដូចនេះហើយវាកើតឡើងបានគឺដោយសារតែអ្នកម្នាក់គត់។
២) អ្នកមិនអាចក្លាយទៅជាអ្នកដឹកនាំបានឡើយ ប្រសិនបើអ្នកធ្វើខ្លួនដូចជាជនរងគ្រោះ៖ វាពិតជាងាយស្រួលខ្លាំងណាស់ដែលអ្នកគ្រាន់តែបន្ទោសទៅលើរឿងអ្វីមួយចំពោះរឿងដែលអ្នកបានជួបប្រទះ។ បើធ្វើបែបនេះអ្នកកំពុងតែគេចវេសពីទំនួលខុសត្រូវរបស់អ្នក។ ជាអ្នកដឹកនាំម្នាក់ក្នុងជីវិតរបស់អ្នកត្រូវមានភាពក្លាហាន ពិសេសទាមទារឲ្យអ្នកមានឆន្ទៈក្នុងការប្រឈមមុខនិងសេចក្តីលំបាកណាមួយ និងបទពិសោធន៍ដែលទទួលបានពីភាពបរាជ័យ ដើម្បីបំពេញការទទួលខុសត្រូវចំពោះរឿងដែលបានកើតឡើងចំពោះអ្នក៕
សម្រួលដោយ៖ អ៊ុន ស្រីនាង