អត្ថប្រយោជន៍ទាំង ១០ចំណុចអ្នកនឹងទទួលបានពេលអ្នកគេងគ្រប់គ្រាន់​



សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ។ ប្រសិនបើអ្នកចង់ជោគជ័យ អ្នកត្រូវតែរក្សាសុខភាពរបស់អ្នកឲ្យបានល្អពីព្រោះសុខភាពគឺជាអ្វីៗទាំងអស់។ ដោយសារតែកិច្ចការងារច្រើននិងមានភាពរវល់ច្រើន មនុស្សមួយចំនួនមិនសូវបានគិតគូរឲ្យបានដិតដល់ពីការគេងឡើយ។ ប៉ុន្តែការគេងបានគ្រប់គ្រាន់ពិតជាមានអត្ថប្រយោជន៍ច្រើនលើសលុបដល់សុខភាពរបស់អ្នក។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ១០ចំណុចដែលអ្នកនឹងទទួលបានពេលអ្នកគេងគ្រប់គ្រាន់ ដែលដកស្រង់ពី Lifehack៖

១) ភាពរីករាយ

ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ នោះអ្នកនឹងមិនសូវមានភាពរីករាយនោះទេ។ អ្នកនឹងមានអារម្មណ៍មិនស្រស់ថ្លាដែលប៉ះពាល់ដល់ភាពរីករាយរបស់អ្នក។ មនុស្សដែលអស់កម្លាំងមិនសូវមានភាពរីករាយនោះទេ។ ពេលអ្នកគេងមិនបានគ្រប់គ្រាន់ អ្នកនឹងមានអារម្មណ៍តប់ប្រមល់ ស្ត្រេស្តជាងមនុស្សដែលគេងបាន ៨ម៉ោងក្នុងយប់។ ពេលអ្នកបានគេងគ្រប់គ្រាន់ អ្នកនឹងងើបពីគេងដោយមានអារម្មណ៍ស្រស់ថ្លា មានថាមពលក្នុងខ្លួន។

២) ផ្ដោតអារម្មណ៍

ខួរក្បាលរបស់អ្នកធ្វើការកាន់តែប្រសើរពេលអ្នកគេងបានស្កប់ស្កល់។ អ្នកនឹងអាចផ្ដោតអារម្មណ៍បានល្អ និងមានការយកចិត្តទុកដាក់លើកិច្ចការរបស់អ្នកបានយ៉ាងកាន់តែហ្មត់ចត់។ ពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ អ្នកនឹងមានអារម្មណ៍ថាអ្នកពិបាកក្នុងការផ្ចង់អារម្មណ៍ធ្វើអ្វីមួយ។ អ្នកអាចធ្វើសកម្មភាពយ៉ាងរហ័សរហួន និងអាចវិភាគព័ត៌មានកាន់តែលឿនជាងមុន និងអាចដោះស្រាយបញ្ហាបានកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល។

៣) បង្កើនសមត្ថភាពផ្លូវភេទ

ការគេមិនបានគ្រប់គ្រាន់អាចប៉ះពាល់ទៅដល់សមត្ថភាពផ្លូវភេទរបស់អ្នក។ ការគេងគ្រប់គ្រាន់ជួយបង្កើនថាមពលមកវិញ និងបង្កើនកម្រិតអ័រម៉ូនដែលជួយជំរុញថាមពលផ្លូវភេទរបស់អ្នក។ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ អ្នកនឹងអស់កម្លាំងដែលធ្វើឲ្យទំនាក់ទំនងផ្លូវភេទមិនសូវល្អ។

៤) ជួសជុលកោសិកាសាច់ដុំ

នេះគឺជាហេតុផលដែលអត្តពលិកតែងតែគេងគ្រប់គ្រាន់។ ប្រសិនបើអ្នកគេងមិនគ្រប់ អ្នកមិនអាចជួសជុលសាច់ដុំរបស់អ្នកបានឡើយ។ ពេលអ្នកកំពុងគេង ខ្លួនប្រាណរបស់អ្នកនិងប្រើប្រាស់ពេលនោះដើម្បីព្យាបាលកោសិកាដែលខូចខាត។ រាងកាយរបស់អ្នកបង្កើតអ័រម៉ូនតេស្តូស្តេរ៉ន (Testoterone) និងអ័រម៉ូន Melatonin ដែលអ័រម៉ូនទាំងនេះដើរតួនាទីសំខាន់ក្នុងការបង្កើតឡើងវិញនិងបណ្ដុះកោសិកាក្នុងរាងកាយឡើងវិញ។

៥) ជួយសម្រកទំងន់

រឿងមួយដែលវេជ្ជបណ្ឌិតក៏ដូចជាអ្នកជំនាញខាងអាហាររូបត្ថម្ភតែងប្រាប់អ្នកប្រសិនបើអ្នកចង់សម្រកទំងន់នោះគឺការគេងឲ្យបានគ្រប់គ្រាន់។ អ្នកមិនត្រឹមតែទទួលបានថាមពលបន្ទាប់ពីគេងគ្រប់គ្រាន់នោះទេ ប៉ុន្តែរាងកាយរបស់អ្នកជួយដុតកាឡូរីទៀតផង។ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ធ្វើឲ្យកម្រិតអ័រម៉ូនមិនមានតុល្យភាព ដែលបណ្ដាល់ឲ្យអ្នកកាន់តែឃ្លានខ្លាំង។ ដែលវាបណ្ដាលឲ្យអ្នកញ៉ាំកាន់តែច្រើននិងធ្វើឲ្យអ្នកងាយឡើងគីឡូ។

៦) កាត់បន្ថយស្រ្តេស្ត

ស្រ្តេស្តអាចប៉ះពាល់ដល់ផ្លូវអារម្មណ៍ ផ្លូវចិត្ត និងរាងកាយរបស់អ្នក។ កម្រិតស្រ្តេស្តកើនខ្ពស់បណ្ដាលឲ្យអ្នកមានការពិបាកក្នុងការគេងឲ្យបានស្កប់ស្កល់ ប៉ុន្តែការគេងគ្រប់គ្រាន់អាចជួយកាត់បន្ថយកម្រិតប៉ះពាល់របស់ភាពតប់ប្រមល់ ស្រ្តេស្ដបាន។ ពេលអ្នកអស់កម្លាំង អ្នកឆាប់មានអារម្មណ៍ឆេវឆាវ តប់ប្រមល់ និងភ័យខ្លាច។ ដូចនេះការគេងគ្រប់គ្រាន់ជួយឲ្យអ្នកកំចាត់ស្រ្តេស្តបាន។

៧) ជួយសុខភាពស្បែក

កម្រិតខ្ពស់នៃអ័រម៉ូន Cortisol ធ្វើឲ្យកម្រិតស្រ្តេស្តកើនឡើងហើយថែមទាំងធ្វើឲ្យមានការរលាកដែលប៉ះពាល់ទៅដល់ស្បែករបស់អ្នកផងដែរ។ ពេលអ្នកកំពុងគេង ជាតិទឹកក្នុងរាងកាយរបស់អ្នកនិងមានតុល្យភាពឡើងវិញ។ ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យតុល្យភាពជាតិទឹកមិនគ្រាប់គ្រាន់ ដែលធ្វើឲ្យមានរង្វង់ខ្មៅៗនៅជុំវិញភ្នែករបស់អ្នក ធ្វើឲ្យស្បែកស្ងួត និងស្បែកជ្រួញ។ បន្ថែមពីនេះទៀតការគេងមិនគ្រប់គ្រាន់ធ្វើឲ្យអ្នកឆាប់ចាស់ផងដែរ។

៨) ពង្រឹងភាពស៊ាំ

គេងមិនគ្រប់គ្រាន់ធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ ដែលធ្វើឲ្យអ្នកងាយក្នុងការកើតជំងឺផ្សេងៗដូចជាផ្ដាសាយជាដើម។ ប្រព័ន្ធការពាររាងកាយរបស់អ្នកមានតួនាទីប្រឆាំងបាក់តេរី មេរោគ ដែលធ្វើឲ្យអ្នកឆាប់ឆ្លងជំងឺ។ ពេលអ្នកផ្ដល់ឲ្យរាងកាយអ្នកបានសម្រាកគ្រប់គ្រាន់ និងបង្កើនថាមពលដល់រាងកាយរបស់អ្នកវាធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់អ្នកកាន់តែខ្លាំង។

៩) គ្រោះថ្នាក់

ពេលអ្នកអស់កម្លាំង អ្នកគ្មានកម្លាំងថាមពលនិងការគ្រប់គ្រងអារម្មណ៍បានល្អ។ អ្នកងាយជួបគ្រោះថ្នាក់ផ្សេងៗ ពីព្រោះតែរាងកាយរបស់អ្នកខ្សោយ និងធ្វើឲ្យខ្វះតុល្យភាពរាងកាយនិងការផ្ចង់អារម្មណ៍។ បើយោងតាមមូនិធិ អេអេអេ (AAA Foundation) កង្វះការគេង ១ ទៅ២ម៉ោងក្នុងមួយយប់ធ្វើឲ្យអ្នកប្រឈមនឹងគ្រោះថ្នាក់ចរាចរទ្វេរដង។

១០) ជំងឺទឹកនោមផ្អែម

ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យជំងឺទឹកនោមផ្អែម ជាពិសេសសម្រាប់អ្នកធ្វើការយូរម៉ោង។ ពេលអ្នកអស់កម្លាំង អ្នកញ៉ាំកាន់តែច្រើនដើម្បីយកថាមពល។ ហើយដើម្បីឲ្យអ្នកមានថាមពលលឿន អ្នកនឹងញ៉ាំអាហារឬភេសជ្ជៈដែលមានជាតិស្ករច្រើន។ ជំងឺទឹកនោមផ្អែមកើតឡើងដោយសារតែរាងកាយរបស់អ្នកមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីន (Insulin)គ្រប់គ្រាន់។ ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យអ័រម៉ូនអាំងស៊ុយលីនពិបាកក្នុងការបំបែកជាតិស្ករក្នុងរាងកាយ។ ពេលអ្នកអស់កម្លាំង រាងកាយរបស់អ្នកមិនអាចបំបែកគ្លុយកូសទៅជាថាមពល ហើយអ័រម៉ូនអាំងស៊ុយលីនមិនអាចបំពេញភារៈកិច្ចបានល្អ ធ្វើឲ្យកម្រិតជាតិស្ករប៉ះពាល់ដល់ភ្នែក លំពែង ប្រព័ន្ធប្រសៃប្រសាទ និងបេះដូង៕

ដោយ៖ លង់ វណ្ណៈ

X
5s