ហេតុអ្វីជាតិសរសៃ មានសារសំខាន់សម្រាប់សុខភាពអ្នក ?
ជាតិសរសៃចែកចេញជា២ប្រភេទ ដែល១ប្រភេទរលាយក្នុងទឹក និងអាចធ្វើការរំលាយបានដោយបាក់តេរីល្អៗនៅក្នុងពោះវៀន និងប្រភេទ១ទៀតមិនរលាយក្នុងទឹក។ ក្នុង១ថ្ងៃយ៉ាងហោចណាស់ក៏បុរសត្រូវទទួលទានជាតិសរសៃឲ្យបាន៣៨ក្រាម និង២៥ក្រាមសម្រាប់ស្ត្រីដែរ។
ខាងក្រោមនេះគឺជាមូលហេតុសំខាន់ទាំង៣ដែលជាតិសរសៃមានសារសំខាន់សម្រាប់សុខភាពអ្នក៖
១) កាត់បន្ថយហានិភ័យពីជំងឺទឹកនោមផ្អែម
យោងតាមការសិក្សាមួយបានរកឃើញថា មនុស្សដែលទទួលទានអាហារដែលមានជាតិសរសៃច្រើន ប្រហែលលើសពី២៦ក្រាមក្នុង១ថ្ងៃ បានកាត់បន្ថយហានិភ័យរបស់ពួកគេពីជំងឺទឹកនោមផ្អែមបាន១៨% បើប្រៀបទៅនឹងមនុស្សដែលទទួលទានតិចជាង១៩ក្រាមក្នុង១ថ្ងៃ។ ជាតិសរសៃអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក និងការពារអ្នកពីជំងឺទឹកនោមផ្អែមបាន។
២) កាត់បន្ថយហានិភ័យពីជំងឺបេះដូង
ជាតិសរសៃ៧ក្រាមនៅក្នុងអាហាររបស់អ្នកជារៀងរាល់ថ្ងៃ អាចធ្វើឲ្យហានិភ័យពីការកើតជំងឺបេះដូងធ្លាក់ចុះបាន៩%។ នេះក៏ដោយសារតែជាតិសរសៃមានសមត្ថភាពអាចយកចេញនូវជាតិកូឡេស្តេរ៉ុលដែលលើសនៅក្នុងរាងកាយរបស់អ្នកមុនពេលវាស្ទះសរសៃឈាមរបស់អ្នកបាន។
៣) ជួយធ្វើឲ្យអ្នកបន្ទោបង់បានទៀងទាត់
ជាតិសរសៃអាចធ្វើឲ្យលាមករបស់អ្នកទន់ជាងមុននិងធំជាងមុន ដែលផ្ដល់ភាពងាយស្រួលដល់ការបន្ទោបង់។ វិធីងាយៗដើម្បីទទួលទានជាតិសរសៃឲ្យបានច្រើនមានដូចជា ទទួលទានផ្លែប័រ គ្រាប់ធញ្ញជាតិ បន្លែនិងផ្លែឈើ ទទួលទានផ្លែឈើដូចជាផ្លែប៉ោមនិងបន្លែដូចជាត្រសក់ទាំងសម្បក៕
ដោយ៖ ស្រីពៅ