អត្តចរិតទាំង ១០បញ្ជាក់ថា អ្នកជាមនុស្សដែលមានសច្ចៈភាព​​



មនុស្សមួយចំនួនជឿថា សច្ចៈភាពគឺជាការធ្វើរឿងត្រឹមត្រូវ ប៉ុន្តែមនុស្សមួយចំនួនទៀតជឿថាជាការធ្វើរឿងត្រឹមត្រូវតែចំពោះមុខអ្នកដទៃ។ មនុស្សដែលមានសច្ចៈភាពមិនធ្វើរឿងល្អតែចំពោះមុខអ្នកដទៃដើម្បីតែចង់អួតនោះទេ។ ពួកគេធ្វើរឿងដែលត្រឹមត្រូវ ពីព្រោះវាជាភាពត្រឹមត្រូវ ដោយមិនរំពឹងចង់បានប្រយោជន៍អ្វីឡើយ។ ខាងក្រោមនេះគឺជាចំណុចទាំង ១០ដែលបញ្ចាក់ថាអ្នកជាមនុស្សដែលមានសច្ចៈភាព ដែលដកស្រង់ពី thinkinghumanity៖

១) ទៀងត្រង់៖ ទៀងត្រង់មានន័យថាការពិត។ មនុស្សដែលទៀងត្រង់មិនព្យាយាមយកឈ្នះ ក្រអឺតក្រទោមលើអ្នកដទៃឡើយ ដោយពួកគេជាមនុស្សដែលចេះដាក់ខ្លួន និងងាយស្រួលក្នុងការបង្កើតទំនាក់ទំនងជាមួយ។

២) ឲ្យតម្លៃលើពេលវេលា៖ មនុស្សដែលមានសច្ចៈភាពមិនឲ្យអ្នកណាម្នាក់រង់ចាំគេឡើយ ពីព្រោះតែពួកគេដឹងថាពេលវេលារបស់មនុស្សម្នាក់ៗមានតម្លៃខ្លាំងណាស់។ ពួកគេតែងតែអរគុណ និងដឹងគុណចំពោះមនុស្សដែលបានធ្វើល្អចំពោះពួកគេ បើទោះបីរឿងនោះតូចតាចក៏ដោយ។ ពួកគេធ្វើបែបនេះពីព្រោះពួកគេពេញចិត្តនិងការចំណាយពេលវេលារបស់អ្នក។

៣) សរសើរ៖ មនុស្សដែលមានសច្ចៈភាពមិនមែនជាមនុស្សដែលយកមុខយកមាត់ពីអ្នកដទៃនោះទេ។ ពេលដែលពួកគេមើលឃើញពីចំណុចល្អរបស់អ្នកដទៃ ពួកគេតែងតែផ្ដល់នូវការសរសើរ លើកទឹកចិត្ត ដោយពួកគេមិនមែនជាមនុស្សដែលចូលចិត្តវាយតម្លៃមនុស្សនោះទេ ពីព្រោះពួកគេដឹងថាគ្មាននរណាដែលល្អឥតខ្ចោះនោះឡើយ។

៤) ចេះដាក់ខ្លួន៖ មនុស្សដែលមានសច្ចៈភាពគឺជាមនុស្សដែលចេះដាក់ខ្លួនមិនក្រអឺតក្រទោម។ ពួកគេជាមនុស្សដែលហ៊ានទទួលខុសត្រូវលើកំហុសរបស់គេ ដោយមិនចូលចិត្តបន្ទោសឬទម្លាក់កំហុសលើអ្នកដទៃនោះឡើយ។ ពួកគេចូលចិត្តជួយយកអាសាអ្នកដទៃ ពីព្រោះតែគេដឹងថាការជួយអ្នកដទៃធ្វើឲ្យគេរីករាយ។

៥) ទទួលស្គាល់កំហុស៖ មនុស្សម្នាក់ៗសុទ្ធតែបង្កើតកំហុស ប៉ុន្តែមនុស្សម្នាក់ៗអាចរៀនសូត្រពីកំហុសទាំងនោះបាន។ មនុស្សដែលមានសច្ចៈភាពគឺជាមនុស្សដែលទទួលស្គាល់កំហុសហើយរៀនសូត្រពីកំហុសរបស់គេ។

៦) មិនលក់ឧត្តម្ភគតិ៖ អ្នកមិនអាចបញ្ចុះបញ្ចូលមនុស្សដែលមានសច្ចៈភាពបាននោះទេ ពីព្រោះពួកគេជឿទុកចិត្តលើភាពស្មោះត្រង់។ ពួកគេមិនមែនជាមនុស្សដែលលក់គំនិត ក្បត់ឧត្តម្ភគតិនោះឡើយ តែជាមនុស្សដែលចូលចិត្តភាពស្មោះត្រង់។

៧) ស្ម័គ្រចិត្ត៖ មនុស្សដែលមានសច្ចៈភាពពិតប្រាកដមើលឃើញពីប្រយោជន៍នៃការស្ម័គ្រចិត្ត។ ការងារស្ម័គ្រចិត្តអាចជួយសង្គមជាតិបានច្រើន។ ពួកគេមិនមែនធ្វើអំពើល្អលើនរណាម្នាក់ ហើយរំពឹងចង់បានផលតបស្នងមកវិញនោះឡើយ។

៨) មិនឈ្លោះប្រកែក៖ ការឈ្លោះប្រកែកវាបង្កើតឲ្យមានជំលោះនិងអារម្មណ៍មិនល្អរវាងគ្នានិងគ្នា។ មនុស្សដែលមានសច្ចៈភាពមិនដែលបំបាក់មុខនរណាម្នាក់ទេ។ ពួកគេចូលចិត្តបញ្ចេញគំនិត និងពិភាក្សារកដំណោះស្រាយ តែមិនមែនជាមនុស្សដែលចូលចិត្តឈ្លោះប្រកែករកឈ្នះយកចាញ់នោះឡើយ។

៩) មិនកេងប្រយោជន៍៖ មនុស្សមានសច្ចៈភាពមិនមែនជាមនុស្សដែលរាប់អាននរណាម្នាក់ដោយសារតែឃើញតែប្រយោជន៍នោះទេ។ ពួកគេមិនមែនជាមនុស្សដែលមើលឃើញតែប្រយោជន៍ ឬប្រើប្រាស់អ្នកដទៃដើម្បីតែកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។

១០) ស្មោះត្រង់៖ ការនិយាយកុហក់បោកប្រាស់មិនមែនជាចរិករបស់មនុស្សមានសច្ចៈភាពនោះទេ។ ការកុហក់បោកប្រាស់មិនផ្ដល់ផលល្អនោះទេ។ មានតែភាពស្មោះត្រង់ប៉ុណ្ណោះដែលអាចឲ្យអ្នករក្សាទំនាក់ទំនងបាន៕

ដោយ៖ លង់ វណ្ណៈ

X
5s