ប្រយោជន៍ទាំង ៥យ៉ាងរបស់តែខ្ញីដែលអ្នកមិនគួរមើលរំលង
ខ្ញីត្រូវបានមនុស្សយកមកប្រើប្រាស់ធ្វើជាឱសថព្យាបាលជំងឺចាប់តាំងពីបុរាណកាលរាប់ពាន់ឆ្នាំមកហើយ។ វាមានអត្ថប្រយោជន៍ច្រើនអនេកសម្រាប់សុខភាពរបស់យើង។ បើសិនជាអ្នកបានទទួលទានតែខ្ញីក្ដៅៗជាប្រចាំទៀត នោះវានឹងជួយផ្លាស់ប្ដូរសុខភាពរបស់អ្នកឲ្យប្រសើរឡើងជាមិនខាន។ ខាងក្រោមនេះគឺជាប្រយោជន៍ទាំង៥យ៉ាងរបស់តែខ្ញីដែលអ្នកមិនគួរមើលរំលង៖
១) សម្រួលដល់ក្រពះរបស់អ្នកឲ្យបានស្រួល៖ តាមការសិក្សាមួយបានរកឃើញថា ខ្ញីអាចជួយកាត់បន្ថយអាការវិលមុខ និងក្អួតចង្អោររបស់ស្ត្រីពពោះបាន។ ហេតុនេះបើសិនជាអ្នកមានអារម្មណ៍ថាឈឺក្បាល អ្នកអាចសាកទទួលទានតែខ្ញីក្ដៅៗ ហើយបើអ្នកចង់បង្កើនប្រសិទ្ធភាពរបស់វា អ្នកអាចបន្ថែមក្រូចឆ្មារឬជីរអង្កាមនៅក្នុងតែខ្ញីរបស់អ្នកបាន។
២) បង្កើនប្រព័ន្ធភាពស៊ាំឲ្យរឹងមាំឡើង៖ តាមពិតមានមនុស្សជាច្រើនដែលបានប្រើប្រាស់ខ្ញីសម្រាប់ព្យាបាលអាការផ្ដាសាយនិងគ្រុនក្ដៅរបស់ពួកគេឲ្យឆាប់ជាសះស្បើយ ព្រមទាំងសម្រាប់ព្យាបាលការប្រតិកម្មអាលាក់ហ្ស៊ី និងការចម្លងមេរោគផ្សេងៗផងដែរ។
៣) ការពារសុខភាពខួរក្បាល៖ ការសិក្សាមួយចំនួនបានរកឃើញថា ខ្ញីមានអត្ថប្រយោជន៍សម្រាប់សុខភាពខួរក្បាលនិងអាចការពារខួរក្បាលពីការចុះខ្សោយទៅនៃសរសៃប្រសាទដូចជាជំងឺវង្វេងភ្លេចភ្លាំងបាន។
៤) គាំទ្រដល់ការរំលាយអាហារ៖ ក៏មានការសិក្សាមួយចំនួនផងដែរដែលបានរកឃើញថា ខ្ញីអាចគាំទ្រដល់ការរំលាយអាហារឲ្យដំណើរការបានប្រក្រតីដោយទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗដូចជា ការមិនរំលាយអាហារនិងការច្រាលអាស៊ីដពីក្រពះ។
៥) ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៖ ទទួលទានខ្ញីជាប្រចាំអាចកាត់បន្ថយការកើនឡើងកម្រិតជាតិស្ករក្នុងឈាម និងជួយឲ្យកម្រិតជាតិស្ករក្នុងឈាមនៅក្រោមការគ្រប់គ្រងបានរយៈពេលវែង ដែលមានប្រយោជន៍ជាខ្លាំងសម្រាប់អ្នកជំងឺទឹកនោមផ្អែមក្នុងការទទួលទានវា៕
ដោយ៖ ស្រីពៅ