ដើម្បីក្លាយជាធុរជនល្អបំផុតនៅកម្ពុជា តើត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ?
យោងតាមច្បាប់របស់កម្ពុជា គឺបានផ្តល់ប្រព័ន្ធលើកទឹកចិត្តដ៏សំខាន់មួយដើម្បីផ្តល់ជាប្រយោជន៍ដល់បុគ្គលណាមួយដែលត្រូវបានទទួលស្គាល់ថា ជាធុរជនល្អបំផុត។ ក៏ប៉ុន្តែដើម្បីក្លាយខ្លួនជាធុរជនដ៏ល្អបំផុតម្នាក់ វាមិនមានជារឿងមួយងាយស្រួលនោះឡើយ ពោលគឺវាទាមទារឲ្យធុរជននោះត្រូវមានលក្ខណៈសម្បត្តិពិសេសជាច្រើន។ ខាងក្រោមនេះ គឺជាលក្ខខណ្ឌដ៏សំខាន់ដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធដែលកំណត់ពីលក្ខណៈសម្បត្តិដើម្បីក្លាយជាធុរជនល្អបំផុត៖
¬-ស្ថិតនៅក្នុងបញ្ជីធុរជនចំណាត់ថ្នាក់លេខ១ (Rank 1) នៃប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជន នាពេលដាក់ពាក្យស្នើសុំ -ជានីតិបុគ្គល (ក្រុមហ៊ុន)ដែលមានដើមទុនចុះបញ្ជីមិនតិចជាង ១ពាន់លានរៀល (២៥០ ០០០ ដុល្លារ) -មិនធ្លាប់ប្រព្រឹត្តបទល្មើសគយធ្ងន់ធ្ងរដោយចេតនាក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ គិតត្រឹមថ្ងៃដាក់ពាក្យស្នើសុំ -មិនធ្លាប់ជំពាក់បំណុលពន្ធអាករគយហួសកាលកំណត់ ឬ បំណុលផ្សេងទៀតដែលមិនអាចសងបាន -អនុវត្តបានពេញលេញនូវកាតព្វកិច្ចគ្រប់គ្រងឯកសារ បញ្ជីគណនេយ្យ កំណត់ត្រា និងព័ត៌មានផ្សេងទៀតពាក់ ព័ន្ធនឹងការនាំចេញនាំចូលតាមបទប្បញ្ញត្តិ -ត្រូវតែជាសមាជិកនៃសហគមន៍ធុរកិច្ចណាមួយដែលមានការអនុញ្ញាត និងត្រូវមានការបញ្ជាក់ពីប្រធាន សហគមន៍ធុរកិច្ចនោះពីភាពរឹងមាំនៃស្ថានភាពហិរញ្ញវត្ថុ និងអនុលោមភាពរបស់ធុរជន -ត្រូវមានទំហំពាណិជ្ជកម្មនាំចេញនាំចូលប្រចាំឆ្នាំមិនតិចជាង ២លានដុល្លារអាមេរិក និងមានកាតព្វកិច្ចធ្វើរបាយការណ៍តាមទម្រង់នានាដែលកំណត់ដោយអង្គភាពគ្រប់គ្រងធុរជនល្អបំផុតនៃ អគ្គនាយកដ្ឋានពន្ធដារ។
ធុរជនល្អបំផុតទទួលបានប្រព័ន្ធលើកទឹកចិត្តដូចម្តេចខ្លះ? សម្រាប់ជំហានដំបូងនៃការអនុវត្តសាកល្បង (Pilot Implementation stage) ធុរជនល្អបំផុតនៅកម្ពុជា អាចទទួលបាននូវប្រព្រឹត្តិកម្មអនុគ្រោះនានាដូចខាងក្រោម៖ -មានអាទិភាពមិនរង់ចាំតាមជួរលំដាប់លំដោយតាមគោលការណ៍មកមុនផ្តល់សេវាមុន (First-in First-out principle) ទាំងក្នុងដំណាក់កាលដាក់ឯកសារ ដំណាក់កាលត្រួតពិនិត្យទំនិញឬ ឯកសារ និង ដំណាក់អនុញ្ញាតឲ្យយកទំនិញចេញ តាមរូបភាពរហ័សនិងលទ្ធភាពដែលអាចធ្វើទៅបាន -អាចទទួលបាននូវការអនុញ្ញាតឲ្យជំពាក់បែបបទគយ -ការលើកលែងនីតិវិធីនៃការផ្ទៀងផ្ទាត់ជាមុននូវតម្លៃគិតពន្ធគយ និងវិញ្ញាបនបត្រប្រភពដើមទំនិញ -ការលើកលែងកាតព្វកិច្ចអមលិខិតអនុញ្ញាតដឹកជញ្ជូនកាតព្វកិច្ចត្រាពន្ធគយ និងការកាត់បន្ថយកាតព្វកិច្ចឆ្លងម៉ាស៊ីនស្កែន -លទ្ធភាពនៃការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-arrival Clearance) និងការបំពេញបែបបទគយចុងទី (Destination Clearance) ក្រោមរបបគយឆ្លងកាត់ជាដើម៕
ស្រាវជ្រាវ៖ Sorana
ប្រភព៖ អគរ