មូលហេតុ៤យ៉ាងដែលបង្ហាញពីសារសំខាន់នៃការទទួលទានអាហារដែលមានប្រូតេអ៊ីនខ្ពស់
ប្រូតេអ៊ីនគឺជាអាមីណូអាស៊ីតដែលមានភាពចាំបាច់យ៉ាងខ្លាំងដែលយើងអាចទទួលបានពីរបបអាហាររបស់យើង។ វាអាចរកបានពីប្រភេទបន្លែជាច្រើន និងជាពិសេសគឺសាច់ ស៊ុត ផលិតផលទឹកដោះគោ ត្រី និងសណ្ដែក។ កង្វះប្រូតេអ៊ីននឹងធ្វើឲ្យអ្នកខ្សោយថាមពល អារម្មណ៍រសាប់រសល់ ពិបាកនៅក្នុងការផ្ចង់អារម្មណ៍ កម្រិតជាតិស្ករក្នុងឈាមមិននឹងន គេងមិនលក់ ប្រព័ន្ធភាពស៊ាំចុះខ្សោយ និងទល់លាមក។
ខាងក្រោមនេះគឺជាមូលហេតុ៤យ៉ាងដែលបង្ហាញពីសារសំខាន់នៃការទទួលទានអាហារដែលមានប្រូតេអ៊ីនខ្ពស់៖
១) គាំទ្រដល់ដំណើរការខួរក្បាលនិងការសិក្សា៖ ប្រូតេអ៊ីនត្រូវការដើម្បីបង្កើតអង់ស៊ីម អ័រម៉ូន និងសរសៃប្រសាទបញ្ជូនព័ត៌មាន ដែលចាំបាច់សម្រាប់ដំណើរការរបស់ខួរក្បាល។ ខួរក្បាលត្រូវការប្រូតេអ៊ីនដើម្បីផ្ចង់ស្មារតី និងបង្កើនថាមពលរបស់វា។ នៅពេលកម្រិតប្រូតេអ៊ីនធ្លាក់ចុះ នោះវាក៏ប៉ះពាល់ដល់ដំណើរការរបស់ខួរក្បាលឲ្យធ្លាក់ចុះដែរ។
២) ជួយរក្សាឆ្អឹងឲ្យបានរឹងមាំ៖ អាហារដែលមានប្រូតេអ៊ីនខ្ពស់ អាចព្យាបាលឆ្អឹងដែលបាក់ និងការពារឆ្អឹងកុំឲ្យទន់ខ្សោយ បាក់បែក និងពុកឆ្អឹង ដោយបង្កើនការស្រូបយកជាតិកាល់ស្យូម និងជួយដល់ដំណើរការរបស់ឆ្អឹង។
៣) រក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម៖ ទទួលទានអាហារដែលសម្បូរដោយប្រូតេអ៊ីន ជះឥទ្ធិពលតិចតួចចំពោះកម្រិតជាតិស្ករក្នុងឈាម បើធៀបទៅនឹងអាហារដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់ និងជាតិស្ករខ្ពស់។ មិនតែប៉ុណ្ណោះ អាហារដែលសម្បូរប្រូតេអ៊ីនក៏អាចជួយពន្យឺតការស្រូបយកជាតិស្ករក្នុងពេលទទួលទានអាហារផងដែរ ដែលវាមានសារសំខាន់សម្រាប់អ្នកជំងឺទឹកនោមផ្អែមកម្រិត២ និងរក្សាតុល្យភាពនៃកម្រិតថាមពល។
៤) ការពារសុខភាពបេះដូង៖ អាហារដែលមានប្រូតេអ៊ីនខ្ពស់អាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាម ហេតុនេះវាក៏អាចជួយទប់ស្កាត់ជំងឺទាំងឡាយដែលពាក់ព័ន្ធនឹងបេះដូងផងដែរ ដែលរួមបញ្ចូលទាំងជំងឺទឹកនោមផ្អែម និងជំងឺធាត់លើសទម្ងន់៕
ដោយ៖ ស្រីពៅ