ផល​ប៉ះពាល់​ចំនួន​៣​ពី​ការ​ទទួលទាន​ខ្លាញ់​ត្រី​ឬ​អាស៊ីដ​ខ្លាញ់​អូមេហ្កា​៣​ច្រើន​ពេក​



ខ្លាញ់​ត្រី​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្កា​៣ គឺជា​សារធាតុ​បំប៉ន​ដ៏​ល្អ​បំផុត​មួយ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​បេះដូង និង​ព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទ​ទៀត។ ទោះជាយ៉ាងណា ផល​ប៉ះពាល់​របស់​វា​មិន​សូវ​ទទួល​បាន​ការ​ដឹង​ឮ​ប៉ុន្មាន​នោះ​ទេ នៅ​ពេល​ទទួលទាន​វា​ច្រើន​ពេក។ ខាងក្រោម​នេះ​គឺជា​ផល​ប៉ះពាល់​ចំនួន​៣​ពី​ការ​ទទួលទាន​ខ្លាញ់​ត្រី​ឬ​អាស៊ីដ​ខ្លាញ់​អូមេហ្កា​៣​ច្រើន​ពេក៖

១) ច្រាល​អាស៊ីដ​ពី​ក្រពះ៖ ថ្វី​បើ​អាស៊ីដ​អូមេហ្កា​៣​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផល​ប្រយោជន៍​ធំធេង​ចំពោះ​សុខភាព​បេះដូង ក៏​ប៉ុន្តែ​មនុស្ស​ជាច្រើន​បាន​រៀបរាប់​ពី​អាការ​ផ្សា​ក្ដៅ​នៅ​លើ​បរិវេណ​ដើមទ្រូង​ក្រោយ​ពី​ទទួលទាន​ថ្នាំ​បំប៉ន​ខ្លាញ់​ត្រី។ រោគសញ្ញា​ដទៃ​ទៀត​នៃ​ការ​ច្រាល​អាស៊ីដ​ពី​ក្រពះ​មាន​ដូចជា វិលមុខ ភើ និង​មិន​សូវ​ស្រួល​ពោះ ដែល​បណ្ដាល​មក​ពី​បរិមាណ​អាស៊ីដ​ខ្លាញ់​ខ្ពស់​នៅ​ក្នុង​ខ្លាញ់​ត្រី ដែល​ធ្វើឲ្យ​ការ​រំលាយ​អាហារ​របស់​អ្នក​មិន​រំលាយ។ យ៉ាងណាមិញ ការ​ទទួលទាន​ខ្លាញ់​ត្រី​ក្នុង​បរិមាណ​សម​ល្មម​អាច​កាត់បន្ថយ​រោគសញ្ញា​ទាំងនេះ​បាន និង​អាច​សម្រួល​ដល់​ការ​រំលាយ​អាហារ​របស់​អ្នក បើ​សិន​ជា​អ្នក​បែងចែក​ខ្លាញ់​ត្រី​ជា​ចំណែក​តូចៗ​សម្រាប់​ទទួលទាន​ពេញ​មួយ​ថ្ងៃ។

២) ឡើង​ទម្ងន់៖ ក្នុង​បរិមាណ​សម​ល្មម ខ្លាញ់​ត្រី​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផល​ប្រយោជន៍​សម្រាប់​ការ​បញ្ចុះ​ទម្ងន់។ យ៉ាងណាមិញ នៅ​ពេល​ទទួលទាន​ច្រើន​ពេក វា​អាច​ជា​មូលហេតុ​នៃ​ការ​ឡើង​ទម្ងន់​ទៅវិញ​បាន ព្រោះ​ដោយសារតែ​វា​សម្បូរ​អាស៊ីដ​ខ្លាញ់ និង​មាន​កាឡូរី​ខ្ពស់។

៣) ពុល​វីតាមីន​អា៖ ខ្លាញ់​ត្រី​ប្រភេទ​មួយ​ចំនួន​សម្បូរ​វីតាមីន​អា ដែល​ការ​ទទួលទាន​វា​ច្រើន​ពេក​អាច​បង្ក​ឲ្យ​អ្នក​ពុល​បាន។ រោគសញ្ញា​នៃ​ការ​ពុល​វីតាមីន​អា​មាន​ដូចជា វិលមុខ ឈឺ​សន្លាក់ និង​ក្រហាយ​ស្បែក​ជាដើម។ នៅ​ក្នុង​រយៈពេល​វែង ការ​ពុល​វីតាមីន​អា​អាច​បណ្ដាល​ឲ្យ​ខូច​ដល់​ថ្លើម​បាន។ ហេតុនេះ​ហើយ​អ្នក​ត្រូវ​ទទួលទាន​វា​ក្នុង​បរិមាណ​សម​ល្មម​ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ទាំងនេះ៕

ដោយ៖ ស្រីពៅ

X
5s