ទាំងនេះគឺជាអាហារចំនួន៣ប្រភេទដែលអ្នកគួរទទួលទានដើម្បីសុខភាពភ្នែករបស់អ្នក
ភ្នែករបស់យើងម្នាក់ៗពិតជាសំខាន់ណាស់ ប៉ុន្តែនៅក្នុងសម័យបច្ចុប្បន្នដោយមានកត្តារួមផ្សំជាច្រើន ការថែទាំភ្នែកឲ្យបានល្អបានក្លាយជារឿងពិបាកជាខ្លាំង។ ទោះជាយ៉ាងណា ខាងក្រោមនេះគឺជាអាហារចំនួន៣ប្រភេទដែលអ្នកគួរទទួលទានដើម្បីសុខភាពភ្នែករបស់អ្នក៖
១) បន្លែបៃតង៖ មូលហេតុចម្បងដែលបន្លែបៃតងមានផលល្អចំពោះសុខភាពភ្នែករបស់យើង នេះក៏ដោយសារតែពួកវាមានសារធាតុបំប៉នដូចជា lutein និង zeaxanthin ដែលlutein អាចជួយការពាររ៉េទីនរបស់ភ្នែកពីកម្ដៅថ្ងៃ។ ម្យ៉ាងទៀតពួកវាក៏សម្បូរវីតាមីនអា ដែលអាចជួយការពារករនេ ដែលជាស្រទាប់ក្រៅបង្អស់របស់ភ្នែកផងដែរ។
២) បន្លែពណ៌ទឹកក្រូច៖ បន្លែពណ៌ទឹកក្រូចទទួលបានពណ៌របស់វាមកពីសមាសធាតុគីមីមួយប្រភេទដែលមានឈ្មោះថា beta-carotene ដែលក្រោយពីទទួលយកចូលក្នុងរាងកាយរបស់យើង រាងកាយរបស់យើងបម្លែងវាទៅជាវីតាមីនអាដែលចាំបាច់ជាពិសេសសម្រាប់សុខភាពភ្នែករបស់យើង។ ដើម្បីទទួលបានប្រយោជន៍ពីសារធាតុនេះដើម្បីសុខភាពភ្នែករបស់អ្នក អ្នកអាចទទួលទានបន្លែដែលសម្បូរជាតិbeta-carotene មានដូចជាដំឡូងជ្វា ល្ពៅ ការ៉ុត និងល្ហុងជាដើម។
៣) ផ្លែឈើដែលមានអាស៊ីដស៊ីទ្រិក៖ ក្រូច ក្រូចឆ្មារ ទំពាំងបាយជូរ ក្រូចថ្លុង ក្រូចចិនជាដើម សុទ្ធតែសម្បូរដោយវីតាមីនសេ ដែលមានសារសំខាន់សម្រាប់ភ្នែករបស់យើង។ ប៉ុន្តែវីតាមីនសេងាយនឹងត្រូវបំផ្លាញបានដោយសារកម្ដៅនិងពន្លឺ ហេតុនេះដើម្បីទទួលបានប្រយោជន៍របស់វា អ្នកគួរតែទទួលទានផ្លែឈើទាំងនេះនៅពេលនៅស្រស់ៗនិងថ្មីៗនៅឡើយ៕
ដោយ៖ ស្រីពៅ