ទម្លាប់ចំនួន៥ដែលបណ្ដាលឲ្យអ្នកឆាប់ចាស់ជាងវ័យ
តើមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យអ្នកឆាប់ចាស់ជាងវ័យ ? ដើម្បីដឹងពីមូលហេតុដែលនាំឲ្យអ្នកជួបស្ថានភាពបែបនេះ អ្នកគួរស្វែងយល់ពីទម្លាប់ចំនួន៥ខាងក្រោមដែលបណ្ដាលឲ្យអ្នកឆាប់ចាស់ជាងវ័យ៖
១) ចំណាយពេលច្រើនទៅលើការអង្គុយ៖ ការចំណាយពេលច្រើនទៅលើការអង្គុយអាចនាំអ្នកទៅរកហានិភ័យពីការកើតជំងឺជាច្រើនដែលក្នុងនោះមានជំងឺបេះដូងនិងមហារីក ជាពិសេសគឺការរស់នៅក្នុងសម័យបច្ចុប្បន្នដែលធ្វើឲ្យមនុស្សចំណាយពេលអង្គុយកាន់តែច្រើនជាងធ្វើសកម្មភាព។ ការធ្វើលំហាត់ប្រាណអាចធ្វើឲ្យអ្នកមានអាយុវែង និងទប់ស្កាត់អ្នកពីជំងឺជាច្រើនបាន។
២) ចូលចិត្តប្រើគ្រឿងសម្អាងតុបតែងមុខ៖ គ្រឿងសម្អាងតុបតែងមុខភាគច្រើនធ្វើឲ្យស្បែករបស់អ្នកស្ងួតនិងរមាស់ក្រហាយ ដែលអាចបណ្ដាលឲ្យអ្នកមានស្នាមជ្រីវជ្រួញឆាប់រហ័សបាន។ បើអ្នកចៀសវាងប្រើប្រាស់គ្រឿងសម្អាងតុបតែងមុខច្រើន នោះការប្រើប្រាស់វាតែបន្តិចបន្តួចនឹងមិនមានបញ្ហានោះទេ។ ៣) គេងមិនគ្រប់គ្រាន់៖ ការគេងមិនគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យភ្នែករបស់អ្នកប្រែជាខ្មៅហើយរូងប៉ុណ្ណោះទេ តែវាក៏អាចកាត់បន្ថយអាយុជីវិតរបស់អ្នកបានផងដែរ។ ជារៀងរាល់យប់អ្នកគួរទទួលទានដំណេកឲ្យបានយ៉ាងតិច៧ម៉ោង។
៤) ស្ត្រេស៖ តាមការសិក្សាមួយចំនួនបានរកឃើញថា ស្ត្រេសអាចធ្វើឲ្យមានការខូចខាតធ្ងន់ធ្ងរចំពោះកោសិកាបាន។ ហេតុនេះវានឹងពន្លឿនដំណើរការនៃភាពចាស់ជរាកាន់តែឆាប់រហ័សជាងមុន។
៥) ទទួលទានតែអាហារដែលមានអាស៊ីដខ្លាញ់ទាប៖ អាស៊ីដខ្លាញ់ល្អៗដូចជាអូមេហ្កា៣ជាដើម អាចការពារស្បែកអ្នកពីការជ្រីវជ្រួញ។ នៅពេលអ្នកទទួលទានតែអាហារដែលមានអាស៊ីដខ្លាញ់ទាប នោះវានឹងធ្វើឲ្យអ្នកប្រឈមមុខនឹងភាពចាស់ជរានៃស្បែកមុនអាយុបាន៕