របស់​ប្រើប្រាស់​ចំនួន ​៤​ដែល​អ្នក​គួរ​ចៀសវាង​ប្រើប្រាស់​រួម​គ្នា​



មាន​របស់​ប្រើប្រាស់​មួយ​ចំនួន យើង​បាន​ខ្ចី​ពី​អ្នក​ជិតស្និទ្ធ​ឬ​អ្នក​ជិតស្និទ្ធ​ខ្ចី​យើង​ប្រើប្រាស់ ដែល​របស់​ទាំងនោះ​គឺជា​របស់​ដែល​អ្នក​មិន​គួរ​ប្រើប្រាស់​រួម​គ្នា។ ខាងក្រោម​នេះ​គឺជា​របស់​ប្រើប្រាស់​ចំនួន​៤​ដែល​អ្នក​គួរ​ចៀសវាង​ប្រើប្រាស់​រួម​គ្នា៖

១) កាស​ត្រចៀក៖ មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​តុល្យភាព​នៃ​បាក់តេរី​នៅ​ក្នុង​អាចម៍​ត្រចៀក​របស់​ពួកគេ​រៀងៗ​ខ្លួន។ នៅ​ពេល​អ្នក​ប្រើប្រាស់​កាស​ត្រចៀក​របស់​អ្នកដទៃ វា​អាច​ប៉ះពាល់​ដល់​តុល្យភាព​នេះ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ចម្លង​មេរោគ​នៅ​ក្នុង​ត្រចៀក​បាន។ ម្យ៉ាងទៀត​បើ​អ្នក​ឧស្សាហ៍​ប្រើប្រាស់​កាស​ត្រចៀក អ្នក​គួរតែ​សម្អាត​វា​ឲ្យ​បាន​ម្ដង​រៀងរាល់​សប្ដាហ៍។ អ្នក​អាច​ប្រើប្រាស់​សំឡី​ត្បារត្រចៀក​ជ្រលក់​នៅ​ក្នុង​ទឹក​អ៊ីដ្រូហ្សែន​ពែអុកស៊ីត ដើម្បី​លាង​សម្អាត​អាចម៍​ត្រចៀក​នៅ​លើ​កាស​ត្រចៀក​របស់​អ្នក​បាន។

២) ក្រាស់​សិតសក់៖ ក្រាស់​សិតសក់​និង​រាល់​សម្ភារ​ប្រើប្រាស់​ទាំងអស់​ដែល​ប៉ះ​ទៅ​នឹង​ស្បែក​ក្បាល សុទ្ធតែ​អាច​ចម្លង​ចៃ​និង​ពពួក​សរីរាង្គ​ផ្សេងៗ​ទៀត​បាន។ ដូច្នេះ​អ្នក​គួរ​ចៀសវាង​ប្រើប្រាស់​ក្រាស់​សិតសក់​រួម​ជាមួយ​អ្នកដទៃ ហើយ​មិន​ត្រូវ​ភ្លេច​សម្អាត​វា​ឲ្យ​បាន​ស្អាត​ផង​ដែរ។

៣) កន្សែង​ជូត​ខ្លួន៖ ជាតិ​សំណើម​នៅ​ក្នុង​បន្ទប់ទឹក​អាច​បង្កើន​ឱកាស​ដល់​ពពួក​បាក់តេរី​និង​ផ្សិត​បង្ក​បង្កើត​នៅ​លើ​កន្សែង​របស់​អ្នក​បាន។ នៅ​ពេល​អ្នក​ប្រើប្រាស់​វា​រួច​ហើយ អ្នក​គួរ​យក​កន្សែង​របស់​អ្នក​មក​ហាល​ឲ្យ​ស្ងួត​នៅ​ខាងក្រៅ​ជាជាង​ទុក​វា​នៅ​ក្នុង​បន្ទប់ទឹក។

៤) ក្រែម​លាប​បបូរ​មាត់៖ វីរុស​អាច​មាន​វត្តមាន​នៅ​លើ​មាត់​និង​ទឹក​មាត់ ដូច្នេះ​បើ​អ្នក​ប្រើប្រាស់​ក្រែម​លាប​បបូរ​មាត់​រួម​ជាមួយ​អ្នកដទៃ នោះ​ពួក​វា​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​មក​លើ​អ្នក​តាមរយៈ​ក្រែម​លាប​បបូរ​មាត់​បាន៕

ដោយ៖ ស្រីពៅ

X
5s