សកម្មភាពទាំង៤ដែលអ្នកគួរចៀសវាងធ្វើដើម្បីសុខភាពខួរក្បាលរបស់អ្នក
តើសកម្មភាពអ្វីខ្លះដែលអ្នកកំពុងតែប្រព្រឹត្តដែលមានផលប៉ះពាល់ចំពោះខួរក្បាលរបស់អ្នក ? ខាងក្រោមនេះគឺជាសកម្មភាពទាំង៤ដែលជះឥទ្ធិពលមិនល្អចំពោះខួរក្បាលរបស់អ្នកដែលអ្នកគួរចៀសវាងធ្វើ៖
១) អំបិល៖ តាមការស្រាវជ្រាវបានរកឃើញថា ការទទួលទានអំបិលច្រើនពេកអាចបង្កើនហានិភ័យពីការកើនឡើងសម្ពាធឈាម នោះវានឹងអាចបណ្ដាលឲ្យមានការចុះថយនៃដំណើរការខួរក្បាល និងបង្កើនហានិភ័យពីការកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ បើកាលណាហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាលមានខ្ពស់ នោះវាអាចនាំមកនូវការខូចខាតធ្ងន់ធ្ងរដល់ខួរក្បាលរបស់អ្នកបាន។
២) គេងមិនបានគ្រប់គ្រាន់៖ នៅពេលអ្នកគេងមិនបានគ្រប់គ្រាន់ អ្នកប្រាកដជាទទួលអារម្មណ៍ថាឈឺក្បាល ពិបាកក្នុងការផ្ចង់ស្មារតី និងអស់កម្លាំងថាមពល។ បើអ្នកបន្តគេងមិនបានគ្រប់គ្រាន់ក្នុងរយៈពេលយូរ វាអាចប៉ះពាល់ដល់ការចងចាំរបស់អ្នកហើយនិងខួរក្បាលរបស់អ្នកផងដែរ។ នេះក៏ព្រោះតែនៅពេលអ្នកគេង ខួរក្បាលរបស់អ្នកបានសម្រាកនិងមានឱកាសបានលាងសម្អាតសារធាតុពុលទាំងឡាយដែលបានប្រមូលផ្ដុំនៅក្នុងខួរក្បាលរបស់អ្នក។
៣) ទទួលទានអាហារច្រើនហួសហេតុ៖ ការទទួលទានអាហារច្រើនហួសហេតុពេកអាចជះឥទ្ធិពលមិនល្អចំពោះខួរក្បាលរបស់អ្នក ដែលអាចបណ្ដាលឲ្យមានការខូចខាតដល់ដំណើរការនៃការគិតបាន។ ហេតុនេះអ្នកគួរទទួលទានក្នុងបរិមាណសមល្មម និងទទួលទានអាហារដែលមានសុខភាពល្អចំពោះអ្នក។
៤) ភាពឯកា៖ ភាពឯកាមិនសំដៅទៅលើការដែលគ្មានមិត្តភ័ក្ដិនោះឡើយ ព្រោះថាអ្នកដែលមានមនុស្សច្រើននៅក្បែរជុំវិញខ្លួនក៏ពួកគេអាចមានអារម្មណ៍ឯកាបាន ឯអ្នកដែលនៅម្នាក់ឯងក៏អាចរីករាយជាមួយការដែលនៅម្នាក់ឯងដោយមិនមានអារម្មណ៍ឯកាដែរ។ ភាពឯកាអាចធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍ស្ត្រេសនិងគិតអវិជ្ជមាន៕