ទម្លាប់គ្រោះថ្នាក់ចំនួន៣​ដែល​យើង​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន​ជា​រៀងរាល់​ថ្ងៃ​



តើ​មាន​ទម្លាប់​គ្រោះថ្នាក់​អ្វីខ្លះ​ដែល​យើង​ធ្វើ​​ដោយ​មិន​ដឹង​ខ្លួន​ជា​រៀងរាល់​ថ្ងៃ ? ទាំងនេះ​គឺជា​ទម្លាប់​ចំនួន​៣​ដែល​ត្រូវ​បាន​គេ​សិក្សា​ឃើញ​ពី​ផល​ប៉ះពាល់​របស់​វា៖

១) អុជ​ធូប៖ ការ​អុជ​ធូប​ជះ​ឥទ្ធិពល​ល្អ​ទៅ​ដល់​មជ្ឈមណ្ឌល​ប្រសាទ​របស់​យើង ព្រោះ​វា​អាច​បន្ធូរ​អារម្មណ៍​តានតឹង​របស់​យើង​បាន។ ប៉ុន្តែ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ the South China University of Technology បាន​រក​ឃើញ​ថា ការ​អុជ​ធូប​ជា​ច្រើន​ម៉ោង​ជា​រៀងរាល់​ថ្ងៃ អាច​ជា​មូលហេតុ​នៃ​មហារីក​ថ្លើម ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល និង​មហារីក​គ្រាប់​ឈាម។ ធូប​មាន​សារធាតុ​គីមី​ដែល​អាច​ធ្វើឲ្យ​មាន​ការ​បម្រែបម្រួល​នៃ​ហ្សែន​បាន។ ដូច្នេះ​បើ​អ្នក​ចង់​អុជ​ធូប អ្នក​មិន​គួរ​អុជ​ច្រើន​ពេក​នោះ​ទេ អ្នក​គួរ​អុជ​តែ​បន្តិច ហើយ​បើក​ទ្វារ​ឬ​បង្អួច​ឲ្យ​មាន​ខ្យល់​ចេញ​ចូល។

២) ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ពេក៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង​អាច​បង្កើន​ថាមពល​អ្នក​និង​បង្កើន​ប្រសិទ្ធភាព​របស់​អ្នក​បាន។ ប៉ុន្តែ​តាម​ការ​សិក្សា​របស់ the University of Pacific បាន​បង្ហាញ​ថា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​ចំនួន​អាច​បង្កើន​ហានិភ័យ​ពី​ការ​ប្រឈម​មុខ​នឹង​ភាព​មិន​នឹងន​នៃ​ចង្វាក់​បេះដូង​បាន។ ហេតុនេះ​អ្នក​មិន​គួរ​ទទួលទាន​វា​ច្រើន​ពេក​និង​ញឹកញាប់​ពេក​នោះ​ទេ។

៣) ចិត​សម្បក​ផ្លែ​ប៉ោម​ចោល៖ ១០០%​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​មួយ​ប្រភេទ​ដែល​គាំទ្រ​ទៅ​ដល់​សុខភាព​បេះដូង​គឺ​នៅ​ត្រង់​សម្បក​របស់​ផ្លែ​ប៉ោម​នេះ​ឯង។ ការ​ទទួលទាន​ផ្លែ​ប៉ោម​ទាំង​សម្បក​អាច​ការពារ​ពី​ជំងឺ​ធ្ងន់ធ្ងរ​ដែល​មាន​ទំនាក់ទំនង​នឹង​ប្រព័ន្ធ​បេះដូង​បាន។ តែ​អ្នក​មិន​ត្រូវ​ភ្លេច​ថា​ត្រូវ​លាង​សម្អាត​វា​ឲ្យ​ស្អាត​មុន​ពេល​ទទួលទាន៕

ដោយ៖ ស្រីពៅ

X
5s