ច្បាប់ទម្លាប់ទាំង ៤អំពីសុខភាពដែលមិនអាចយកមកប្រើប្រាស់តទៅទៀតបាន
តើច្បាប់ទម្លាប់អ្វីខ្លះអំពីសុខភាពដែលមិនអាចយកមកប្រើប្រាស់តទៅទៀតបាន ? ខាងក្រោមនេះគឺជាច្បាប់ទម្លាប់ទាំង៤អំពីសុខភាពដែលអ្នកគួរតែផ្លាស់ប្ដូរនៅក្នុងជីវិត៖
១) ដុសធ្មេញរៀងរាល់ពេលទទួលទានអាហាររួច៖ មានពេលខ្លះអាហារដែលយើងទទួលទានមានជាតិអាស៊ីដ ដែលអាចធ្វើឲ្យធ្មេញរបស់យើងឆាប់ខូចបាន ហើយការដែលដុសធ្មេញភ្លាមៗបន្ទាប់ពីទទួលទានអាហារទាំងនេះរួច នឹងធ្វើឲ្យធ្មេញកាន់តែឆាប់ខូចទៅទៀត។ មួយវិញទៀត ការដុសធ្មេញញឹកញាប់ពេកក៏អាចបណ្ដាលឲ្យឈឺអញ្ចាញនិងឈាមអញ្ចាញផងដែរ។ ដូច្នេះការដែលប្រសើរបំផុត អ្នកគួរតែសម្អាតធ្មេញ២ដងក្នុង១ថ្ងៃ គឺព្រឹកនិងល្ងាចបានហើយ។
២) កុំផឹកទឹកអំឡុងពេលទទួលទានអាហារ៖ ទឹកគឺជាធាតុផ្សំដ៏សំខាន់បំផុតមួយសម្រាប់ឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការប្រក្រតី។ ហេតុនេះហើយបើអ្នកផឹកទឹកអំឡុងពេលទទួលទានអាហារ នោះអ្នកនឹងធ្វើឲ្យក្រពះរបស់អ្នកងាយស្រួលនៅក្នុងការទទួលយកអាហារនិងរំលាយអាហារ។
៣) ចៀសវាងទទួលទានរបស់ផ្អែម៖ តាមពិតទៅការទទួលទានអាហារផ្អែមគឺជាការល្អចំពោះសុខភាពរបស់យើង ព្រោះថាពួកវាមានជាតិគ្លុយកូសដែលមានភាពចាំបាច់សម្រាប់ដំណើរការប្រក្រតីរបស់ខួរក្បាល។ មូលហេតុនេះហើយទើបបានជាអ្នកមិនគួរតមការទទួលទានអាហារផ្អែមទាំងស្រុងនោះទេ។ តែអ្នកអាចទទួលទានវាបន្តិចបន្តួចសម្រាប់ភាពចាំបាច់របស់រាងកាយអ្នកបាន។
៤) តមទទួលទានផលិតផលនំប៉័ង៖ នំប៉័ងមានជាតិសរសៃដ៏ចាំបាច់ជាច្រើនដែលអាចនាំយកជាតិកូឡេស្តេរ៉ុលនិងអាស៊ីដចេញពីក្នុងរាងកាយរបស់យើងបាន។ ម្យ៉ាងទៀតនំប៉័ងក៏មានចំណែកនៅក្នុងការជួយធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការបានប្រក្រតីដែរ។ ប៉ុន្តែអ្នកក៏មិនត្រូវទទួលទានវាច្រើនពេកនោះដែរ ប្រហែល២០០ក្រាមក្នុង១ថ្ងៃជាការគ្រប់គ្រាន់ហើយ៕
ដោយ៖ ស្រីពៅ