វិធីសាស្ត្រ៤យ៉ាងដើម្បីបង្កើនកម្រិតអ័រម៉ូនសេរេតូនីនឬអ័រម៉ូនរីករាយ
សេរេតូនីនគឺជាអ័រម៉ូនមួយប្រភេទដែលមានវត្តមាននៅក្នុងខួរក្បាលរបស់យើង ដែលតួនាទីចម្បងរបស់វាគឺជាអ្នកបញ្ជូនព័ត៌មានទៅវិញទៅមកនៅក្នុងផ្នែកជាច្រើននៃរាងកាយ។
អ័រម៉ូននេះក៏ត្រូវបានគេហៅឈ្មោះវាម្យ៉ាងទៀតថាជាអ័រម៉ូនរីករាយ ពីព្រោះតែកម្រិតរបស់សេរេតូនីនមានច្រើនមានទំនាក់ទំនងគ្នាជាមួយនឹងអារម្មណ៍រីករាយ ហើយវាក៏ធ្វើការជាមួយអ័រម៉ូនមេឡាតូនីនដែលមាននាទីជួយគ្រប់គ្រងវដ្ដនៃការគេងរបស់យើងផងដែរ។ តើធ្វើបែបណាដើម្បីអាចបង្កើនកម្រិតអ័រម៉ូនសេរេតូនីនដោយធម្មជាតិបាន ?
១) បង្កើនការទទួលយកសមាសធាតុគីមីInositol៖ សមាសធាតុគីមីInositol គឺជាស្ករមួយប្រភេទដែលមានវត្តមាននៅក្នុងជាលិការបស់មនុស្សនិងថនិកសត្វដទៃទៀត និងត្រូវបានគេរកឃើញថាអាចជំរុញសកម្មភាពរបស់អ័រម៉ូនសេរេតូនីននៅក្នុងខួរក្បាលបាន។ អ្នកអាចរកវាបាននៅក្នុងអាហារជាច្រើនជាពិសេសផ្លែឈើស្រស់ៗនិងបន្លែ។ ហេតុនេះ ដោយទទួលទានបន្លែនិងផ្លែឈើឲ្យបានច្រើន នោះអ្នកអាចបង្កើនកម្រិតអ័រម៉ូនសេរេតូនីន។
២) ហាត់ប្រាណរាងកាយ៖ ការធ្វើលំហាត់ប្រាណរាងកាយត្រូវបានគេរកឃើញថាអាចបង្កើនការផលិតរបស់អ័រម៉ូនសេរេតូនីនបាន ជាពិសេសការរត់ ការធាក់កង់ និងការហាត់យូហ្កា។ ប៉ុន្តែអ្នកក៏ត្រូវចាំថាត្រូវជ្រើសរើសលំហាត់ប្រាណបែបណាដែលអ្នកពេញចិត្ត ដើម្បីឲ្យអ្នកទទួលអារម្មណ៍រីករាយនិងធូរស្រាល។
៣) បង្កើនសុខភាពពោះវៀន៖ ពោះវៀនរបស់អ្នកក៏ជាកន្លែងដ៏ចម្បងមួយដែលអ័រម៉ូនសេរេតូនីនត្រូវបានផលិតដែរ។ ដូចនេះការបង្កើនសុខភាពពោះវៀនរបស់អ្នក អ្នកនឹងអាចបង្កើនការផលិតរបស់អ័រម៉ូនសេរេតូនីន។ ដើម្បីបង្កើនសុខភាពពោះវៀនរបស់អ្នក អ្នកត្រូវទទួលទានទឹកឲ្យបានច្រើន សូកូឡាខ្មៅ ត្រី និងយ៉ាអ៊ួជាដើម។
៤) ទទួលយកពន្លឺថ្ងៃ៖ ពន្លឺថ្ងៃផ្ដល់ឲ្យរាងកាយរបស់អ្នកនូវវីតាមីនដេ ដែលចាំបាច់សម្រាប់រាងកាយរបស់អ្នក និងជំរុញដល់ការផលិតរបស់អ័រម៉ូនសេរេតូនីន។ ក្រៅពីនេះ អ្នកក៏អាចបន្ថែមការទទួលយកវីតាមីនដេតាមរយៈទឹកដោះគោ ត្រីដែលសម្បូរខ្លាញ់ ឈីស និងស៊ុត៕
ដោយ៖ ស្រីពៅ
សូមអាន៖ រោគសញ្ញាទាំង ៨យ៉ាងដែលជាការដាស់តឿនថានរណាម្នាក់មានជំងឺវង្វេងភ្លេចភ្លាំង