តើអ្នកនឹងធ្វើអ្វី បើសិនជាដឹងថាថ្ងៃស្អែកគឺជាពេលវេលាចុងក្រោយរបស់អ្នក?
គ្មាននរណាម្នាក់អាចទស្សន៍ទាយដឹងមុនបាននោះទេថា តើវិនាទីបន្ទាប់នឹងមានរឿងអ្វីកើតឡើង។ អ្នកក៏មិនអាចដឹងបានជាមុនដែរថា តើវិនាទីបន្ទាប់អ្នកអាចនឹងមានជីវិតរស់នៅបន្តទៀតឬយ៉ាងណានោះដែរ ហើយអ្នកក៏មិនអាចដឹងជាមុនដែរថា អ្នកអាចមានដង្ហើមដល់ពេលវេលាដែលអ្នកតែងពន្យារឲ្យដល់សិនសឹមចាប់ផ្ដើមធ្វើអ្វីដែលខ្លួនចង់ធ្វើនោះដែរ។
បើស្អែកអ្នកត្រូវបាត់បង់ជីវិតពីលោកនេះទៅ តើអ្នកនឹងនៅតែស្ទាក់ស្ទើរក្នុងការធ្វើអ្វីដែលអ្នកតែងតែចង់ធ្វើរហូតមកនៅថ្ងៃចុងក្រោយនេះទេ ? ស្ទីវចប ស្ថាបនិកក្រុមហ៊ុន Apple ធ្លាប់និយាយថា៖"ចូរចងចាំជានិច្ចថាអ្នកនឹងត្រូវស្លាប់គឺជាវិធីដ៏ល្អបំផុតដើម្បីចៀសឲ្យឆ្ងាយពីអន្ទាក់នៃការគិតថាអ្នកមានអ្វីដែលត្រូវបាត់បង់។ ខ្លួនអ្នកទទេស្រាប់ទៅហើយ វាគ្មានហេតុផលអ្វីដែលអ្នកមិនគួរដើរតាមបេះដូងរបស់ខ្លួនឯងនោះឡើយ"។
តើភាពភ័យខ្លាចរបស់អ្នកយ៉ាងពិតប្រាកដគឺជាអ្វី ដែលតែងតែបន្លាចអ្នកឲ្យរារែកនិងស្ទាក់ស្ទើរក្នុងការក្រោកឈរឡើងយ៉ាងក្លាហានដើម្បីចាប់ផ្ដើមស្ដាប់តាមបេះដូងរបស់ខ្លួនឯង ? តើពាក្យសន្ទនាក្នុងខួរក្បាលរបស់អ្នកគឺជាអ្វី ដែលតែងតែប្រាប់អ្នកឲ្យបោះបង់ ប្រាប់អ្នកថាអ្នកមិនអាចធ្វើអ្វីមួយបាន ហើយអ្នកនឹងគ្មានថ្ងៃអាចជោគជ័យបាន? តើជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរក្លាយជាបែបណាវិញ បើសិនជាអ្នកដឹងថាអ្នកមានកំណប់ដែលជាសក្ដានុពលបង្កប់នៅក្នុងខ្លួនដែលអ្នកមិនទាន់បានគាស់យកវាមកប្រើប្រាស់ ?
តើអ្នកនឹងអាចផ្លាស់ប្ដូរអ្វីខ្លះ បើអ្វីៗគឺស្ថិតនៅលើវិធីដែលអ្នកសម្លឹងមើលបញ្ហា ឬវិធីនៃការគិតរបស់អ្នក ? Carl Jung ដែលជាអ្នកចិត្តសាស្ត្រដ៏ល្បីល្បាញនិងគួរឲ្យគោរពមួយរូប ធ្លាប់ពោលថា៖ "ទាល់តែអ្នកដាស់សតិមិនដឹងខ្លួនឲ្យភ្ញាក់ដឹងខ្លួនឡើង ពុំនោះទេវានឹងគ្រប់គ្រងជីវិតរបស់អ្នក ហើយវាគឺជាអ្វីដែលអ្នកតែងតែហៅថាព្រហ្មលិខិតនេះឯង"។ នៅលើលោកនេះគ្មានអ្វីដែលពិបាកជាងការស្គាល់ថាខ្លួនឯងជានរណានោះទេ។
ហេតុអ្វីអ្នកមិនងាកមកសួរបេះដូងខាងក្នុងរបស់ខ្លួនឯង នៅពេលអ្នកចង់បានចម្លើយថាអ្វីជាគោលដៅជីវិតរបស់អ្នក តែបែរជាសម្លឹងរកចម្លើយពីខាងក្រៅទៅវិញ ? ហេតុអ្វីអ្នកចាំបាច់ត្រូវការការទទួលស្គាល់ពីមនុស្សជុំវិញខ្លួនអ្នក មកលើអ្វីដែលពិតជាសំខាន់សម្រាប់ជីវិតរបស់អ្នក ? បើទាល់តែមានពាក្យសរសើរនិងការលើកទឹកចិត្តពីអ្នកដទៃទើបអ្នកអាចធ្វើអ្វីមួយបាន នោះអ្នកមិនចាំបាច់ធ្វើវាទេ អ្នកមិនស័ក្ដិសមនឹងមហិច្ឆតាដ៏អស្ចារ្យនោះឡើយ ពីព្រោះភាពជោគជ័យគឺជាកម្មសិទ្ធិសម្រាប់តែអ្នកដែលមិនព្រមបោះបង់និងមិនព្រមចុះចាញ់ ដោយមិនខ្វល់ថាមានគេសរសើរឬអត់ គាំទ្រឬអត់នោះឡើយ។
អ្នកពុំមែនជាអ្វីដែលកើតឡើងមកលើជីវិតអ្នកនោះទេ តែអ្នកគឺជាអ្វីដែលអ្នកបានជ្រើសរើសដើម្បីក្លាយជាបែបនោះនៅក្នុងជីវិត។ មានមនុស្សតិចតួចណាស់ដែលបានជួបការលំបាកហួសពីការស្មានរបស់អ្នក តែនៅតែអាចយកឈ្នះនិងជោគជ័យក្នុងជីវិត។ មនុស្សអស្ចារ្យដ៏កម្រទាំងនេះគឺជាឧទាហរណ៍យ៉ាងច្បាស់ក្រឡែតថាពួកគេមិនព្រមឲ្យភាពបរាជ័យទាំងនោះមកកំណត់ជោគវាសនាជីវិតរបស់ពួកគេ និងព្រមអោនក្បាលទទួលយកវាជាព្រហ្មលិខិតក្នុងជីវិតពួកគេនោះឡើយ។ ចុងក្រោយតារាកំប្លែងសាក់ឡូ ក៏បានបង្រៀនយើងថា៖"មានតែមនុស្សក្លាហានប៉ុណ្ណោះទើបអាចធ្វើរឿងឆ្កួតៗបាន"៕