អាហារទាំង ៥ប្រភេទដែលអាចផ្ដល់ឲ្យនូវជាតិសរសៃចាំបាច់សម្រាប់សុខភាពអ្នក
ផលប្រយោជន៍នៃអាហារដែលសម្បូរជាតិសរសៃគឺវាជួយធ្វើឲ្យការបញ្ចេញចោលរបស់អ្នកប្រព្រឹត្តទៅបានទៀងទាត់ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ជួយធ្វើឲ្យអ្នកឆ្អែតបានយូរ និងអាចការពារអ្នកពីជំងឺមហារីកពោះវៀនធំ។ តើធ្វើដូចម្ដេចទើបអាចទទួលបានជាតិសរសៃពីអាហារបានគ្រប់គ្រាន់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងនេះ ? ខាងក្រោមនេះគឺជាអាហារដែលសម្បូរជាតិសរសៃទាំងប្រភេទដែលអ្នកអាចទទួលទានបាន៖
១) ពោត៖ ពោតគឺជាប្រភពនៃវីតាមីនA,B,E និងសារធាតុរ៉ែដទៃទៀត។ វាក៏សម្បូរជាតិសរសៃដែលអាចជួយទប់ទល់ជាមួយអាការទល់លាមក និងមហារីកពោះវៀនធំ ព្រមទាំងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចការពារពីជំងឺវង្វេងភ្លេចភ្លាំងផងដែរ។
២) សណ្ដែកខ្មៅ៖ សណ្ដែកខ្មៅមានវត្តមានជាតិសរសៃចំនួន១៥ក្រាមនិងប្រូតេអ៊ីន១៥ក្រាមក្នុង១កំប៉ុង។ វាក៏សម្បូរសមាសធាតុម្យ៉ាងហៅថា flavonoids ដែលជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយ។
៣) អាវ៉ូកាដូ៖ បរិមាណផ្លែអាវ៉ូកាដូចំនួន២ស្លាបព្រាកាហ្វេមានជាតិសរសៃចំនួន២ក្រាម ហើយបើមួយផ្លែទាំងមូលមានប្រហែល១០ក្រាមនៃជាតិសរសៃ។ មិនតែប៉ុណ្ណោះ វាក៏ជាប្រភពផ្លែឈើដ៏ល្អបំផុតមួយដែលផ្ដល់ឲ្យអ្នកនូវអាស៊ីដខ្លាញ់ល្អ ដែលអាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនិងកាត់បន្ថយហានិភ័យពីជំងឺបេះដូង។
៤) អង្ករសម្រូប៖ ក្នុង១កំប៉ុងអង្ករសម្រូបមានជាតិសរសៃប្រហែល៣.៥ក្រាម។ លើសពីនេះ មានការសិក្សាពីអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បានរកឃើញថា ទទួលទានអង្ករពណ៌សចំនួន៥ដងឬច្រើនជាងនេះក្នុង១សប្ដាហ៍ អាចបង្កើនហានិភ័យពីជំងឺទឹកនោមផ្អែមប្រភេទ២ចំនួន១៧% ខណៈពេលទទួលទានអង្ករសម្រូបតែប៉ុន្មានដងប៉ុណ្ណោះក្នុង១សប្ដាហ៍ អាចកាត់បន្ថយហានិភ័យពីជំងឺនេះចំនួន១១%។
៥) ផ្លែប៉ោម៖ ផ្នែកដែលសំខាន់ជាងគេរបស់ផ្លែប៉ោមគឺជាសម្បករបស់វា ព្រោះថាត្រង់នេះសម្បូរដោយជាតិសរសៃ។ ផ្លែប៉ោម១ផ្លែទាំងមូលអាចមានជាតិសរសៃចំនួន៤.៤ក្រាម៕
ដោយ៖ ស្រីពៅ