អត្ថប្រយោជន៍៣យ៉ាងរបស់វីតាមីនបេ១២ ដែលអ្នកគួរយល់ដឹង
រាងកាយរបស់យើងត្រូវការវីតាមីនបេ១២សម្រាប់ធ្វើរឿងជាច្រើន ដូចជាជួយបង្កបង្កើតកោសិកាឈាមក្រហម ការពារការកើតមិនគ្រប់លក្ខណៈរបស់ទារក និងការពារពីការបាត់បង់កោសិកាប្រសាទរបស់ខួរក្បាលជាដើម។ វីតាមីននេះអាចរកបាននៅក្នុងអាហារដូចជា ទឹកដោះគោ សាច់ត្រី សាច់សត្វ ស៊ុត អយស្ទ័រ ថ្លើមសត្វ និងអាចរកបានតាមថ្នាំបំប៉នខាងក្រៅ និងការចាក់បញ្ចូល។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍៣យ៉ាងរបស់វីតាមីនបេ១២ដែលអ្នកគួរយល់ដឹង៖
១) ជួយក្នុងការបង្កបង្កើតកោសិកាឈាមក្រហមនិងការពារពីជំងឺខ្វះឈាមក្រហម
វីតាមីនបេ១២ ដើរតួយ៉ាងសំខាន់ក្នុងការជួយបង្កបង្កើតកោសិកាឈាមក្រហម។ បើកាលណាវត្តមានរបស់វាមានការខ្វះខាត នោះវាអាចបណ្ដាលឲ្យមានការថយចុះនៃការផលិតកោសិកាឈាមក្រហម និងរារាំងវាពីការលូតលាស់បានប្រក្រតី។ នៅពេលអ្នកខ្វះកោសិកាឈាមក្រហម នោះមានន័យថាកោសិកាឈាមក្រហមរបស់អ្នកមិនមានគ្រប់គ្រាន់ដើម្បីបញ្ជូនអុកស៊ីហ្សែនទៅកាន់សរីរាង្គដទៃទៀត។ ជាលទ្ធផលអ្នកអាចអស់កម្លាំងល្ហិតល្ហៃនិងចុះខ្សោយកម្លាំង។
២) អាចការពារពីការកើតមិនគ្រប់លក្ខណៈរបស់ទារក
ការសិក្សាបានរកឃើញថា ខួរក្បាលរបស់ទារកនិងប្រព័ន្ធប្រសាទរបស់ពួកគេ ត្រូវការវីតាមីនបេ១២ឲ្យបានគ្រប់គ្រាន់ពីម្ដាយដើម្បីលូតលាស់បានប្រក្រតី។ កង្វះខាតវីតាមីនបេ១២តាំងពីដំណាក់កាលដំបូងនៃការពពោះរបស់ម្ដាយ អាចបង្កើនហានិភ័យពីការកើតមិនគ្រប់លក្ខណៈរបស់ទារក និងអាចជាប់ពាក់ព័ន្ធជាមួយនឹងការរលូតកូនឬការកើតមិនគ្រប់ខែផងដែរ។
៣) ការពារពីការបាត់បង់កោសិកាប្រសាទខួរក្បាល(ណឺរ៉ូន)
កង្វះវីតាមីនបេ១២ត្រូវបានគេរកឃើញថាមានទំនាក់ទំនងជាមួយនឹងការចងចាំចុះខ្សោយ ជាពិសេសនៅក្នុងមនុស្សចាស់។ វីតាមីនបេ១២អាចការពារខួរក្បាលរបស់អ្នកបានដោយការពារការបាត់បង់កោសិកាណឺរ៉ូន ដែលជាមូលហេតុនៃការចងចាំចុះខ្សោយនិងជំងឺវង្វេងភ្លេចភ្លាំង៕
ដោយ៖ ស្រីពៅ