សម្រង់សម្ដីប្រកបដោយគតិបណ្ឌិតចំនួន ៥របស់លោក Jiddu Krishnamurti
Jiddu Krishnamurti បានកើតនៅថ្ងៃ១១ ឧសភា ឆ្នាំ១៨៩៥ នៅក្នុង Madanapalle ដែលជាទីក្រុងតូចមួយនៅខាងត្បូងប្រទេសឥណ្ឌា និងស្លាប់នៅថ្ងៃ១៧ កុម្ភៈ ឆ្នាំ១៩៨៦។ ជិត៦០ឆ្នាំនៃជីវិតរបស់គាត់បានចំណាយទៅលើការធ្វើដំណើរជុំវិញពិភពលោក ដើម្បីនិយាយជាមួយក្រុមមនុស្សដ៏ច្រើនអំពីភាពចាំបាច់សម្រាប់មនុស្សជាតិម្នាក់ៗក្នុងការបដិវត្តខ្លួនឯង ហើយគាត់ត្រូវបានមនុស្សទូទាំងសកលលោកចាត់ទុកថាជាគ្រូដ៏អស្ចារ្យបំផុតមួយរូប។ ខាងក្រោមនេះគឺជាសម្រង់គតិចំនួន៥របស់គាត់៖
១) «ទំនាក់ទំនងរវាងមនុស្សមានមូលដ្ឋានទៅលើរូបភាពដែលត្រូវបានបង្កើតឡើង និងយន្តការនៃការការពារខ្លួន។ នៅក្នុងទំនាក់ទំនងរបស់ពួកយើង ពួកយើងម្នាក់ៗបានបង្កើតរូបភាពមួយអំពីអ្នកដទៃ ហើយរូបភាពទាំងពីរនេះមានទំនាក់ទំនងគ្នា មិនមែនជាមនុស្សដោយខ្លួនពួកគេផ្ទាល់នោះទេ»។
២) «សមាធិមិនមែនជាការខិតខំប្រឹងប្រែងរកការកម្សាន្តរីករាយ និងការស្វែងរកសេចក្ដីសុខនោះទេ។ ផ្ទុយទៅវិញ សមាធិគឺជាសភាពនៃចិត្តដែលពុំមានទស្សនគំនិតឬរូបមន្ត ដូច្នេះហើយគឺជាសេរីភាពពេញលេញ។ មានតែចិត្តបែបនេះប៉ុណ្ណោះដែលបរមសុខមកដោយមិនបានស្វែងរកនិងមិនបានអញ្ជើញ។ នៅពេលណាដែលវានៅទីនោះហើយ បើទោះជាអ្នករស់នៅក្នុងពិភពលោកដែលពោរពេញដោយសំឡេងរំខានរបស់វាទាំងអស់ក៏ដោយ ការកម្សាន្តរីករាយនិងភាពឃោរឃៅព្រៃផ្សៃ ក៏ពួកវាមិនអាចប៉ះត្រូវចិត្តនោះដែរ»។
៣) «ការអះអាងជាប់ជានិច្ចអំពីការជឿបែបណាមួយ គឺជាការគូសបញ្ជាក់អំពីសេចក្ដីភ័យខ្លាច»។
៤) «ភាពទទេសុទ្ធសាធ គឺជាការនៅហួសរំលងផុតពីការវាយតម្លៃ»។
៥) «ពួកយើងចង់ល្បីល្បាញក្នុងនាមជាអ្នកនិពន្ធមួយរូប អ្នកតែងកំណាព្យ អ្នកគូររូប អ្នកនយោបាយ អ្នកចម្រៀង ឬអ្វីក៏ដោយដែលអ្នកចង់។ ហេតុអ្វី ? ពីព្រោះតែពួកយើងពិតជាមិនបានស្រឡាញ់នូវអ្វីដែលយើងកំពុងធ្វើនោះទេ។ បើអ្នកពិតជាស្រឡាញ់ការច្រៀង ឬគូររូប ឬសរសេរកំណាព្យ បើអ្នកពិតជាស្រឡាញ់វាមែន អ្នកមិនខ្វល់នោះទេថាតើអ្នកល្បីល្បាញឬអត់»។
ដោយ៖ ស្រីពៅ