អាហារ៥យ៉ាងដែលជួយឲ្យអ្នកគេងលក់ស្រួល​



មាន​មនុស្ស​មិន​តិច​ទេ​នៅ​ជុំវិញ​ពិភពលោក​ដែល​កំពុងតែ​ជួប​ប្រទះ​នឹង​បញ្ហា​គេង​មិន​លក់។ ស្ថានភាព​របស់​អ្នក​ខ្លះ​អាច​មក​ពី​ការ​គិត​ខ្វាយខ្វល់​ច្រើន អ្នក​ខ្លះ​វិញ​អាច​ជា​លទ្ធផល​បណ្ដាល​មក​ពី​ស្ថានភាព​ជំងឺ​ផ្សេង​ទៀត ឬក៏​អាច​មក​ពី​បរិយាកាស​នៅ​ក្នុង​បន្ទប់គេង​របស់​គាត់​មិន​អំណោយផល​ដល់​ការ​គេង។ ទោះជាយ៉ាងណា​បើ​សិន​ជា​អ្នក​មាន​បញ្ហា​គេង​មិន​លក់ អ្នក​អាច​សាកល្បង​ទទួលទាន​អាហារ​ខាងក្រោម​នេះ ដើម្បី​ឲ្យ​ការ​គេង​របស់​អ្នក​បាន​លក់​ស្រួល​វិញ៖

១) ដំឡូង​ជ្វា៖ ដំឡូង​ជ្វា​គឺជា​ប្រភព​អាហារ​ដ៏​ល្អ​សម្រាប់​ទទួល​បាន​នូវ​ជាតិ​ប៉ូតាស្យូម ម៉ាញេស្យូម និង​កាល់ស្យូម ដែល​អាច​ជួយ​ដល់​ការ​គេង​របស់​អ្នក។ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​នេះ អ្នក​អាច​យក​ដំឡូង​ជ្វា​ទៅ​ស្ងោរ​សម្រាប់​ធ្វើ​ជា​អាហារ​ពេល​ល្ងាច​បាន។

២) តៅហ៊ូ៖ តៅហ៊ូ​សម្បូរ​ដោយ​សមាសធាតុ​ម្យ៉ាង​ហៅថា isoflavones ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជួយ​ដល់​ការ​គេង​របស់​អ្នក​បាន។ ម្យ៉ាងទៀត​វា​ក៏​មិន​មាន​ជាតិ​កូឡេស្តេរ៉ុល និង​ថែមទាំង​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ទទួល​យក​ជាតិ​កាល់ស្យូម​និង​ជាតិ​ដែក​ផង​ដែរ។

៣) ត្រសក់ស្រូវ៖ កង្វះ​ជាតិ​ទឹក​ក៏​អាច​ជះ​ឥទ្ធិពល​ទៅលើ​ការ​គេង​របស់​អ្នក ហេតុនេះ​ការ​ទទួលទាន​ផ្លែឈើ​ដែល​សម្បូរ​ជាតិ​ទឹក​ដូចជា​ផ្លែ​ត្រសក់​ស្រូវ​នេះ អាច​ជួយ​ឲ្យ​អ្នក​ឆាប់​គេង​លក់​បាន។

៤) តែ​ក្ដៅ៖ តែ​ក្ដៅ​មាន​សមត្ថភាព​អាច​ធ្វើឲ្យ​សរសៃ​ប្រសាទ​របស់​អ្នក​បន្ធូរ​ស្រាល ហើយ​វា​ក៏​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​របស់​អ្នក​ដែរ។ ក្នុង​នោះ​តែ​ខ្ញី ឬ​តែ​ជី​អង្កាម អាច​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​សម្រួល​ដល់​ការ​គេង​របស់​អ្នក។

៥) គ្រាប់​អាល់មន៖ គ្រាប់​អាល់មន​មាន​សមាសធាតុtryptophan និង​ម៉ាញេស្យូម ដែល​អាច​ជួយ​កាត់បន្ថយ​ដំណើរការ​របស់​សាច់ដុំ​និង​សរសៃប្រសាទ និង​ជួយ​ថែទាំ​ចង្វាក់​បេះដូង​ឲ្យ​មាន​តុល្យភាព​ផង​ដែរ៕

ដោយ៖ ស្រីពៅ

X
5s