សេដ្ឋីនីជើងខ្លាំងអាមេរិក Paula Long ៖«អ្នកត្រូវធ្វើអ្វីឲ្យបានទោះបីជាអ្នកដទៃនិយាយថា អ្នកមិនអាចទៅរួចក៏ដោយ!
ក្រុមហ៊ុនល្បីៗជាច្រើននៅអាមេរិកដូចជា Google, Yahoo, Facebook, Apple ។ល។ បានបញ្ចេញទិន្នន័យជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅនេះថា មាននារីត្រឹមតែ៣០% នៃបុគ្គលិកសរុបបានបម្រើការងារនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។ វិសមភាពរវាងបុរស និង ស្ត្រី (Gender Inequality) គឺជាបញ្ហាដ៏ធំមួយដែលបានក្លាយជាកិច្ចពិភាក្សាយ៉ាងក្តៅគគុកពីស្ថាប័នអន្តរជាតិអស់រយៈពេលជាយូរណាស់មកហើយ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានេះបានលុបបំបាត់បន្តិចម្តងៗ ហើយស្ត្រីជាច្រើននៅតែជឿជាក់ថា ខ្លួនអាចធ្វើកិច្ចការផ្សេងៗបានដូចបុរសដែរ។ ក្នុងចំណោមស្ត្រីទាំងនោះ គឺមានលោកស្រី Paula Long ជាសេដ្ឋីនីដ៏មានឥទ្ធិពលមួយរូបរបស់អាមេរិកនឹងចូលមកចែករំលែកចំណេះដឹងក៏ដូចជាការផ្តល់ដំបូន្មានយ៉ាងមានតម្លៃមួយចំនួនមកបង្ហាញប្រិយមិត្តស្វែងយល់ជាទូទៅពីភាពជាសហគ្រិនជោគជ័យ។ អ្នកស្រីគឺជាអតីតស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា EqualLogic ដែលបានលក់ទៅឲ្យក្រុមហ៊ុន Dell ក្នុងទឹកប្រាក់ ១,៤ ពាន់លានដុល្លារកាលពីឆ្នាំ២០០៨ ប៉ុន្តែអ្នកស្រីបានកាន់តួនាទីជាអនុប្រធានផ្នែក Software រហូតដល់ឆ្នាំ២០១០ ទើបអ្នកស្រីលាលែងពីតំណែង។
នៅឆ្នាំ២០១២ អ្នកស្រីក៏បានក្រុមហ៊ុនផលិតផល Security Software មួយទៀតជាមួយនឹងដៃគូម្នាក់ទៀត ហើយនៅខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុននេះបានបាត់មុខទៅវិញក្រោមរូបភាពចម្រូងចម្រាស់គឺ លក់ទៅឱ្យក្រុមហ៊ុនផ្សេង ខណៈខ្លះទៀតថាឈប់ប្រតិបត្តិការដោយខ្លួនឯង និងខ្លះទៀតថាមានក្រុមហ៊ុនផ្សេងទិញយកតែក្រុមហ៊ុនសកម្មតែប៉ុណ្ណោះ។ ទោះបីជាមានរឿងបែបហ្នឹងកើតឡើងក៏មែនពិត តែក្នុងអំឡុងពេលដឹកនាំក្រុមហ៊ុនរបស់លោកស្រីក៏ដូចជានៅពេលបច្ចុប្បន្ននេះ គេបានចាត់ទុកលោកស្រីថា ជាសហគ្រិនដ៏ជោគជ័យមួយរូបនៅក្នុងវិស័យបច្ចេកវិទ្យា។
តើលោកស្រីមានទស្សនបែបណាចំពោះសិល្បៈធ្វើអាជីវកម្ម? លោកស្រីបានលើកឡើងពីតួនាទីស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យាដូចនេះថា៖«នៅពេលដែលយើងមានបុគ្គលិកជាស្ត្រីជាច្រើនចូលធ្វើការ សមិទ្ធផលនៅក្នុងក្រុមហ៊ុនរបស់យើងក៏បោះជំហានទៅមុខបានល្អប្រសើរច្រើនទៅតាមនោះដែរ»។ អ្នកស្រីបានបន្ថែមថា៖« បើក្រុមហ៊ុនមួយមើលរំលងសមត្ថភាពស្ត្រី ក្រុមហ៊ុននោះក៏មើលរំលងភាពជោគជ័យរបស់ខ្លួនដែរ»។
ងាកមកមើលភាពជាសហគ្រិនវិញលោកស្រី Long បានលើកឡើងថា បើសហគ្រិនម្នាក់ចង់ឈានជើងប្រឡូកក្នុងវិស័យអាជីវកម្ម សហគ្រិននោះត្រូវតែគ្រប់គ្រង និង ប្រកាន់គោលការណ៍របស់ខ្លួនឲ្យបានជាដាច់ខាតមិនងាយធ្លាក់ក្នុងអន្ទាក់នៃការសើចចំអកឡកឡើយរបស់អ្នកដទៃ។ «សូមកុំគិតថាអ្នកមិនអាចធ្វើអ្វីបានដោយសារតែអ្នកណាម្នាក់មកនិយាយថា អ្នកមិនអាចធ្វើបានឲ្យសោះ។ នេះជាជម្រើសរបស់អ្នកថាតើត្រូវតែធ្វើវាឬយ៉ាងណា និង ត្រូវចាំថា អ្នកមិនត្រូវធ្វើការងារអ្វីមួយនោះឡើយបើអ្នកមិនពេញចិត្តការងារនោះ»។ អ្នកស្រីបានបន្តទៀតថា៖« ទោះបីជាអ្នកពូកែលើអ្វីមួយក៏ដោយ បើអ្នកមិនស្រលាញ់ ក៏មិនចាំបាច់ធ្វើវានោះដែរ»។
បន្ទាប់ពីបានលក់ចោលក្រុមហ៊ុនចាស់ នៅពេលបច្ចុប្បន្ននេះ លោកស្រីបានបង្កើតក្រុមហ៊ុនថ្មីមួយទៀតដែលមានឈ្មោះថា DataGravity ដែលផ្តល់ប្រព័ន្ធផ្ទុកទិន្នន័យ Software សម្រាប់វិភាគទិន្នន័យក្នុងហាងទំនិញជាមួយនឹងដើមទុន ៤២ លានដុល្លារដែលជាទឹកប្រាក់របស់លោកស្រី និង ដៃគូវិនិយោគផ្សេងទៀត។ ជាមួយនឹងមហិច្ឆតាមិនចេះបោះបង់ លោកស្រីបានបញ្ជាក់ជាចុងក្រោយថា ភាពជាសហគ្រិនមិនខ្លាចការបរាជ័យជាដាច់ខាត និង ត្រូវតែហ៊ានប្រឈមមុខរាល់បញ្ហាទាំងនោះ។ « សហគ្រិនភាគច្រើនបានបរាជ័យ ហើយអាជីវកម្មលើវិស័យបច្ចេកវិទ្យាក៏ជាវិស័យមួយដែលមានការប្រកួតប្រជែងខ្ពស់ផងដែរ។ គ្មានរូបមន្តជោគជ័យណាមួយសម្រាប់ឲ្យអ្នកដើរនោះឡើយ តែបើអ្នកចង់ជោគជ័យ អ្នកត្រូវតែទទួលយកការបរាជ័យនោះដោយក្តីរីករាយ»៕