កំណត់គោលដៅ និងដើម្បីសម្រេចគោលដៅ ប្រើគោលការណ៍ SMART!
គោលការណ៍ស្មាត SMART គឺជាមូលដ្ឋានគ្រឹះដើម្បីសម្រេចគោលដៅ ដែលបង្កើតឡើងដំបូងដោយលោក George T Doran ដែលត្រូវបានគេឃើញនៅលើក្រដាសមួយសន្លឹកដែលលោកបានសរសេរក្នុងឆ្នាំ ១៩៨១ ហើយគោលការណ៍នេះត្រូវបានគេប្រើប្រាស់ចាប់តាំងពីពេលនោះមក។ ដូចនេះ BizKhmer សូមលើកយកនូវគោលការណ៍ S.M.A.R.T ដើម្បីមកចែករំលែកដល់មិត្តអ្នកអានដើម្បីយកទៅអនុវត្ត ដែលដកស្រង់ពី Lifehack៖
១) ជាក់លាក់ (Specific)៖ ក្នុងគោលការណ៍នេះ អ្វីដែលអ្នកត្រូវសួរនោះគឺ តើអ្វីដែលអ្នកចង់សម្រេចបានពិតប្រាកដ? ពេលអ្នកមានគោលដៅច្បាស់លាស់ ជាក់លាក់ អ្នកនឹងអាចសម្រេចវាបានយ៉ាងឆាប់។ ឧទាហរណ៍៖ អ្នកមានគោលដៅចង់សម្រកទម្ងន់។ នេះមិនមែនជាអ្វីដែលជាក់លាក់ ច្បាស់លាស់នោះទេ។ អ្នកត្រូវតែដាក់គោលដៅរបស់អ្នកឲ្យមានភាពជាក់លាក់ជាងនេះបន្តិច ដូចជា អ្នកញុំចង់សម្រកទម្ងន់ឲ្យបាន៥គីឡូក្រាមមុនខែធ្នូ ឆ្នាំ២០១៨។ នេះគឺជាភាពជាក់លាក់ដែលអ្នកបានកំណត់។
២) ដែលអាចវាស់វែងបាន (Measurable)៖ ពេលដែលអ្នកមានគោលដៅច្បាស់លាស់ ជាក់លាក់ហើយ អ្នកត្រូវចេះវាស់វែងវា។ ឧទាហរណ៍៖ អ្នកចង់សម្រកទម្ងន់ឲ្យបាន ៥គីឡូមុនខែធ្នូក្នុងឆ្នាំ ២០១៨នេះ អ្វីដែលអ្នកត្រូវធ្វើនោះគឺថ្លឹងគីឡូរបស់អ្នកក្នុងថ្ងៃនេះ ហើយតាមដានទម្ងន់របស់អ្នកជាប្រចាំដើម្បីឲ្យដឹងពីភាពរីកចម្រើន។
៣) ដែលអាចសម្រេចបាន(Attainable/Achievable) ឬ ដែលទទួលខុសត្រូវ (Assignable)៖ នរណាជាអ្នកទទួលខុសត្រូវដើម្បីធ្វើឲ្យគោលដៅមួយនេះសម្រេច? ឧទារហណ៍ថា អ្នកចង់សម្រកទម្ងន់ ដូចនេះអ្នកគឺជាអ្នកទទួលខុសត្រូវលើការសម្រកទម្ងន់របស់អ្នក។ ដូចនេះអ្នកត្រូវមានទំនួលខុសត្រូវយ៉ាងពេញទំហឹងលើការសម្រកទម្ងន់របស់អ្នក។ ប្រសិនបើអ្នកមិនអាចសម្រចគោលដៅរបស់អ្នកបាន នោះវាជាកំហុសរបស់អ្នក តែមិនមែនជាកំហុសរបស់អ្នកដទៃនោះទេ។ នេះក្នុងបរិបទនៃ Assignable។ មួយវិញទៀត អាចនិយាយបានម្យ៉ាងទៀតថា គម្រោងរបស់អ្នកអាចសម្រេចទៅបានឬអត់? ឧបមារថា អ្នកដាក់ផែនការលក់ក្នុងមួយឆ្នាំឲ្យបាន១លានដុល្លារខណៈដែលក្រុមអ្នកមានសមាជិកពីរបីនាក់ ហើយម៉ាកយីហោរបស់អ្នកមិនទាន់មានអ្នកស្គាល់នៅឡើយ ដូច្នេះគម្រោង ឬគោលដៅរបស់អ្នកអាចសម្រេចបានឬអត់?
៤) ប្រាកដនិយម (Realistic)៖ ដើម្បីសម្រេចគោលដៅរបស់អ្នក អ្នកត្រូវតែធ្វើអ្វីមួយដែលពិតប្រាកដ។ ប្រសិនបើអ្នកចង់សម្រកទម្ងន់ ៥គីឡូក្នុងរយៈពេលមួយសប្ដាហ៍ នោះអ្នកកំពុងតែកំណត់ខ្លួនអ្នកឲ្យបរាជ័យហើយ ពីព្រោះវាជារឿងដែលមិនអាចទៅរួច។ ការសម្រកទម្ងន់ ៥គីឡូក្នុងរយៈពេល ៣ខែគឺសមជាងរយៈពេលមួយសប្ដាហ៍។ ដូចនេះ អ្នកត្រូវតែកំណត់ដោយភាពពិតប្រាកដ។
៥) ពេលវេលា (Time-related)៖ អ្នកត្រូវការពេលវេលាមួយកំណត់ជាក់លាក់ដើម្បីសម្រេចគោលដៅរបស់អ្នក។ ឧទារហណ៍៖ អ្នកចង់សម្រកទម្ងន់ឲ្យបាន ៥គីឡូមុនខែធ្នូក្នុងឆ្នាំ ២០១៨។ អញ្ចឹង មុនខែធ្នូក្នុងឆ្នាំ២០១៨ គឺជាពេលវេលាដែលអ្នកកំណត់ដើម្បីទៅដល់គោលដៅ។ ដូចនេះ អ្នកត្រូវប្រាកដថាអ្នកមានពេលវេលាកំណត់ណាមួយជាក់លាក់ដែលអ្នកចង់សម្រេចគោលដៅ៕ ចុចអាន៖ គោលការណ៍ទាំង ៧របស់សត្វឥន្ទ្រី ជាកម្លាំងចិត្តដែលជំរុញអ្នកឲ្យកាន់តែមានភាពមុះមុតក្នុងជីវិត
ដោយ៖ លង់ វណ្ណៈ