អាហារទាំង ៤យ៉ាងដែលអ្នកគួរទទួលទានដើម្បីសុខភាពបេះដូងរបស់លោកអ្នក
ជំងឺបេះដូង គឺជាជំងឺដ៏ពេញនិយមមួយដែលបានសម្លាប់ជីវិតមនុស្សអស់ជាច្រើននៅជុំវិញពិភពលោក។ ការមិនហាត់ប្រាណ ជក់បារី និងឧស្សាហ៍មានបញ្ហាស្ត្រេសច្រើន មិនត្រឹមតែបង្កើនឱកាសពីការកើតជំងឺបេះដូងនោះទេ តែតាមរយៈរបបអាហារដូចជាការទទួលទានអាហារដែលមានអាស៊ីដខ្លាញ់ខ្ពស់ កូឡេស្តេរ៉ុលខ្ពស់ និងសូដ្យូមឬអំបិល សុទ្ធតែនាំមកនូវលទ្ធផលមិនល្អចំពោះសុខភាពបេះដូង។ ខាងក្រោមនេះគឺជាអាហារទាំង៤យ៉ាងដែលអ្នកគួរទទួលទានដើម្បីសុខភាពបេះដូងរបស់អ្នក៖
១) គ្រាប់ធញ្ញជាតិ៖ គ្រាប់អាល់មន គ្រាប់កៅឡាក់ សណ្ដែកដី ទាំងនេះសុទ្ធតែគ្រាប់ធញ្ញជាតិដែលត្រូវបានគេរកឃើញថាល្អចំពោះសុខភាពបេះដូងរបស់អ្នក។ ពួកវាសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន សារធាតុរ៉ែ វីតាមីន និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយហានិភ័យពីជំងឺបេះដូងបាន។
២) ត្រីដែលមានសមាសធាតុផ្សំពីអាស៊ីដអូមេហ្កា៣ខ្ពស់៖ អ្នកជំងឺដែលកំពុងតែប្រឈមមុខនឹងហានិភ័យពីជំងឺបេះដូង ឬកំពុងតែមានជំងឺបេះដូង ជាញឹកញាប់តែងទទួលបានការណែនាំឲ្យបង្កើនការទទួលយកជាតិអូមេហ្កា៣តាមរយៈការទទួលទានត្រី។ នេះក៏ដោយសារតែត្រីអាចផ្ដល់អូមេហ្កា៣ដែលអាចកាត់បន្ថយហានិភ័យពីភាពមិនប្រក្រតីនៃចង្វាក់បេះដូង ហើយវាថែមទាំងជាប្រភពអាហារដ៏ល្អសម្រាប់ទទួលយកជាតិអូមេហ្កា៣និងប្រូតេអ៊ីន និងមានអាស៊ីដខ្លាញ់ឆ្អែតទាប។ ត្រីដែលសម្បូរជាតិអូមេហ្កា៣មានដូចជាត្រីសាលមុន ត្រីធូណា ត្រីសាឌីនជាដើម។
៣) សូកូឡាខ្មៅ៖ វិទ្យាសាស្ត្រមានការជឿជាក់ថា សូកូឡាខ្មៅមានអត្ថប្រយោជន៍ក្នុងការជួយការពារពីជំងឺត្បៀតសរសៃឈាម ដែលកើតឡើងនៅពេលមានមេរោគបាក់តេរីផ្ដុំគ្នានៅក្នុងសរសៃឈាម ដែលអាចបង្កើនហានិភ័យពីជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបាន។
៤) ផ្កាខាត់ណាប្រូកូលីនិងទំពាំងបារាំង(Asparagus)៖ មានការសិក្សាមួយចំនួនបានរកឃើញថា ការទទួលទានផ្កាខាត់ណាប្រូកូលីស្ងោរឬចំហុយ អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនិងការពារពីជំងឺបេះដូង។ ចំណែកឯទំពាំងបារាំងវិញ គឺជាប្រភពធម្មជាតិសម្រាប់ទទួលបាននូវជាតិអាស៊ីដហ្វូលិក ដែលសមាសធាតុនេះអាចជួយការពារពីការប្រមូលផ្ដុំរបស់អាស៊ីដអាមីណូម្យ៉ាងឈ្មោះថា homocysteine នៅក្នុងរាងកាយ។ កម្រិតនៃអាស៊ីដអាមីណូមួយនេះច្រើនពេក ត្រូវបានគេរកឃើញថាមានទំនាក់ទំនងជាមួយនឹងការកើនឡើងនូវហានិភ័យពីជំងឺបេះដូងដូចជា ជំងឺត្បៀតសរសៃឈាមនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល៕
ដោយ៖ ស្រីពៅ សូមអាន៖ អាហារ ៣ប្រភេទដែលអាចកាត់បន្ថយអ្នកពីហានិភ័យជំងឺបេះដូង ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំពេទ្យបាន