ទម្លាប់ចំនួន ៣នៅក្នុងជីវិតសម័យទំនើប ផ្ដល់ផលប៉ះពាល់អវិជ្ជមានចំពោះអ្នក
ជីវិតសម័យទំនើបដែលយើងកំពុងរស់នៅបច្ចុប្បន្ននេះ ថ្វីបើបាននាំមកនូវភាពងាយស្រួលជាច្រើនតាមរយៈបច្ចេកវិទ្យាជឿនលឿនក៏ពិតមែន តែការរស់នៅបែបនេះក៏បាននាំមកនូវផលប៉ះពាល់ជាច្រើនសម្រាប់មនុស្ស។ ខាងក្រោមនេះគឺជាទម្លាប់ចំនួន៣នៅក្នុងជីវិតសម័យទំនើប ដែលជះឥទ្ធិពលមិនល្អចំពោះអ្នក៖
១) ទទួលទានអាហារមិនមានសុខភាពល្អ៖ ដោយសារតែរបៀបនៃការរស់នៅក្នុងសម័យបច្ចុប្បន្ននេះ ប្រកបដោយភាពមមាញឹកជាខ្លាំង វាបានធ្វើឲ្យមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់ទៅលើអាហារប្រចាំថ្ងៃរបស់ខ្លួនប៉ុន្មាននោះទេ ដែលជាហេតុនាំឲ្យពួកគេមានការធ្វេសប្រហែសទៅលើអាហារដែលពួកគេទទួលទាន។ ពួកគេច្រើនតែទិញអាហារស្រាប់ៗនៅខាងក្រៅ ដូចជាអាហារfast food អាហារច្រកកំប៉ុង អាហារបំពងខ្លាញ់ជាដើម ដែលភាគច្រើននៃអាហារទាំងនោះសម្បូរជាតិស្ករនិងអាស៊ីដខ្លាញ់ឆ្អែត ដែលមានផលប៉ះពាល់ចំពោះសុខភាពជាខ្លាំង។
២) គេងមិនបានគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់មិនត្រឹមតែនាំឲ្យអ្នកអស់កម្លាំងថាមពលរាងកាយ ហើយគិតអ្វីមិនសូវស្វាហាប់ប៉ុណ្ណោះទេ តែបើយោងតាមអង្គការសុខភាពពិភពលោក WHO បានរកឃើញថា ការគេងមិនបានគ្រប់គ្រាន់ងាយនឹងកើតជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលប្រហាក់ប្រហែលគ្នាទៅនឹងការជក់បារីជាប្រចាំដែរ។
៣) អង្គុយច្រើនម៉ោង៖ ការអង្គុយច្រើនម៉ោងអាចធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺជាច្រើនដូចជា ជំងឺមហារីកថ្លើម ការកើនឡើងនៃកម្រិតសម្ពាធឈាមនិងកម្រិតជាតិស្ករក្នុងឈាម និងការកើនឡើងជាតិកូឡេស្តេរ៉ុល និងជំងឺធាត់។ ការប្រព្រឹត្តការងារក្នុងពេលបច្ចុប្បន្នទាមទារការអង្គុយរាប់ម៉ោងនៅមុខកុំព្យូទ័រ តែទោះយ៉ាងណាអ្នកគួរតែឆ្លៀតពេលឆ្លាស់ឥរិយាបថទៅឈរឬដើរឲ្យបានច្រើន និងធ្វើលំហាត់ប្រាណផងដែរ៕
ដោយ៖ ស្រីពៅ សូមអាន៖ តើមានការផ្លាស់ប្ដូរអ្វីខ្លះកើតឡើង នៅពេលអ្នករត់ហាត់ប្រាណនៅព្រឹកព្រលឹមមុនពេលទៅធ្វើការ ?