មេរៀនជីវិតទាំង ៩របស់ខុង ជឺ អ្នកប្រាជ្ញចិន ផ្លាស់ប្ដូរជីវិតអ្នក​



ខុង ជឺ គឺជាទស្សនៈវិទូ គ្រូបង្រៀន និងជាអ្នកនយោបាយដ៏អស្ចារ្យ និងល្បីល្បាញម្នាក់ក្នុងប្រទេសចិន។ ការបង្រៀនរបស់លោកផ្ដោតទៅលើការបង្កើតជាគំរូដល់គ្រួសារ និងការបង្កើតនូវស្ដង់ដារនៃការអប់រំ។ ក្រោយពីការស្លាប់របស់លោក លោកខុង ជឺបានក្លាយជាទស្សនៈវិទូនៃចក្រភពចិន ដែលមានឥទ្ធិពលខ្លាំងក្លាកំឡុងរាជកាលហាន ថាង និងសុង។ ថ្ងៃនេះ BizKhmer សូមលើកយកនូវមេរៀនជីវិតទាំង ៩ របស់ខុង ជឺមកចែកជូនមិត្តអ្នកអានដើម្បីយកទៅពិចារណា ដែលដកស្រង់ពី Dailypositive៖

១) រឿងល្អទាមទារពេលវេលា៖ «ងាយស្រួលនឹងស្អប់ ប៉ុន្តែពិបាកនឹងស្រលាញ់។ រឿងល្អពិបាកនឹងសម្រេចបាន ប៉ុន្តែរឿងអាក្រក់ងាយនឹងកើតឡើង។» កុំព្យាយាមគិតរឿងអវិជ្ជមានពេក។ អ្នកគួរតែរៀនបើកគំនិតពីព្រោះថាប្រសិនអ្នកមានគំនិតវិជ្ជមាន អ្នកនឹងអាចគិតឃើញនូវដំណោះស្រាយនូវរាល់បញ្ហាដែលចាក់ស្រេះទាំងឡាយ។ អ្នកគួរតែរៀនអត់ធ្មត់ក្នុងការរង់ចាំអ្វីមួយកើតឡើង ឬពេលអ្នកព្យាយាមសម្រេចគោលដៅរបស់អ្នក។

២) ជ្រើសរើសមិត្ត៖ «កុំសេពគប់មិត្តដែលមិនប្រសើរជាងអ្នក។» មនុស្សដែលនៅជុំវិញអ្នកគឺមានសារៈសំខាន់ខ្លាំងណាស់ទៅលើការអភិវឌ្ឍខ្លួនរបស់អ្នក។ មនុស្សទាំងនោះជាអ្នកមានឥទ្ធិពលទៅលើភាពរីករាយ និងជាអ្នកជួយអ្នកក្នុងការធ្វើការសម្រេចចិត្តផងដែរ។ កុំសេពគប់មិត្តដែលមិនស្មោះត្រង់ពីព្រោះពួកគេតែងតែផ្ញើខ្លួនដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ អ្នកគួរតែសេពគប់មនុស្សដែលធ្វើឲ្យអ្នកក្លាយជាមនុស្សពូកែ និងជួយលើកទឹកចិត្តអ្នកឲ្យខិតខំប្រឹងប្រែងទើបប្រពៃ។

៣) កុំឆាប់បោះបង់៖ «មិនថាអ្នកដើរយឺតប៉ុណ្ណានោះទេ តែសូមអ្នកកុំឈប់»។ ប្រសិនបើអ្នកហត់ អស់កម្លាំង រៀនសម្រាកលំហែកាយ លំហែអារម្មណ៍ខ្លះទៅ។ ការតស៊ូគឺជាអ្វីដែលអ្នកត្រូវការចាំបាច់បំផុតពេលដែលអ្នកកំពុងតែបន្ដដំណើរដើម្បីសម្រេចគោលដៅ។ អ្នកត្រូវតែបន្តដំណើរទៅមុខ ហើយប្រសិនបើអ្នកត្រូវការជំនួយ អ្នកអាចសុំពីមនុស្សដែលនៅក្បែរអ្នក។ កុំស្ទាក់ស្ទើរក្នុងការសួរមិត្តជិតស្និតរបស់អ្នក គ្រូរបស់អ្នក ឬក៏សមាជិកគ្រួសាររបស់អ្នក ពីព្រោះថាពួកគេអាចនឹងមានគំនិតល្អជាងអ្នក។

៤) អតីតកាលគឺជាអតីតកាល៖ «ការធ្វើខុសគ្មានអ្វីគួរឲ្យខ្លាច ប៉ុន្តែអ្នកត្រូវចងចាំវា។» មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ធ្វើខុស ប៉ុន្តែប្រសិនបើអ្នកនៅតែគិតខ្វល់ខ្វាយពីកំហុសទាំងនោះច្រើនពេក នោះអ្នកនឹងមិនអាចមានសេចក្ដីពេញចិត្តនឹងរឿងល្អៗនៅចំពោះមុខអ្នកបាននោះទេ។ ប្រសិនបើអ្នកធ្វើខុស អ្នកត្រូវរៀនទទួលកំហុស ហើយរៀនសូត្រពីកំហុសទាំងនោះ។ កុំខ្វាយខ្វល់ច្រើនពេក។

៥) ធ្វើឲ្យអស់ពីសមត្ថភាព៖ «ពេលអ្នកធ្វើដំណើរ ចូរនាំបេះដូងរបស់អ្នកទៅផង។» ប្រសិនបើអ្នកធ្វើអ្វីមួយដែលអ្នកមិនពេញចិត្ត និងគ្មានចំណង់ធ្វើវា អ្នកនឹងបញ្ឈប់ហើយទៅដេកជាមិនខាន។ ផ្ដោតគោលដៅរបស់អ្នកទៅលើការងារ ទំនាក់ទំនង ឬការកំសាន្តជាដើម។ អាកប្បកិរិយាខ្ជះខ្ជាយមិនល្អនោះទេ ប្រសិនបើអ្នកចង់សម្រេចកិច្ចការធំ។ អ្នកត្រូវធ្វើអ្វីដែលអ្នកចូលចិត្ត ហើយធ្វើវាឲ្យអស់ពីបេះដូង អស់ពីសមត្ថភាព។

៦) គ្រប់គ្រងអារម្មណ៍៖ «ប្រសិនបើកំហឹងរបស់អ្នកផ្ទុះឡើង ចូរអ្នកគិតពីលទ្ធផលបន្ទាប់។» មនុស្សភាគច្រើនចូលចិត្តនិយាយឬធ្វើអ្វីមួយតាមតែកំហឹងមួយឆាវ ហើយក្រោយមកទើបសោកស្ដាយនូវទង្វើរដែលខ្លួនបានប្រព្រឹត្តិ។ ពេលអ្នកមានអារម្មណ៍ខឹងនឹងនរណាម្នាក់ ចូរអ្នកគិតអំពីលទ្ធផលបន្ដិចសិន។ រាល់ជំលោះទាំងអស់នឹងស្ងប់ស្ងាត់ប្រសិនបើអ្នកគិតតែបន្ថិច។ ៧) ប្ដូរយុទ្ធសាស្រ្ត៖ «ពេលអ្នកដឹងថាគោលដៅរបស់អ្នកនឹងមិនអាចសម្រេចបានទេ កុំប្ដូរគោលដៅរបស់អ្នកឲ្យសោះ តែប្ដូរយុទ្ធសាស្រ្តរបស់អ្នកវិញ។» ប្រសិនបើអ្នកមិនអាចស្វែងរកដំណោះស្រាយក្នុងបញ្ហារបស់អ្នកបានទេ អ្នកត្រូវតែព្យាយាមប្រើប្រាស់វិធីសាស្ត្រគ្រប់បែបយ៉ាងដោយធ្វើយ៉ាងណាទាល់តែអ្នកអាចរកដំណោះស្រាយឃើញ។ កុំព្យាយាមប្ដូរគោលដៅរបស់អ្នក តែប្ដូរយុទ្ធសាស្រ្តវិញ។

៨) មនុស្សទាំងអស់សុទ្ធតែជាគ្រូរបស់អ្នក៖ «ប្រសិនបើខ្ញុំដើរជាមួយមនុស្សពីរនាក់ ពួកគេទាំងពីរគឺជាគ្រូរបស់ខ្ញុំ។ ខ្ញុំនឹងរើសយកចំណុចល្អរបស់គេ ហើយរកចំណុចមិនល្អរបស់គេមកកែប្រែខ្លួនខ្ញុំ។» អ្នកអាចរៀនពីជីវិតរបស់មនុស្សគ្រប់គ្នាដែលអ្នកជួបក្នុងជីវិតរបស់អ្នក។ បទពិសោធន៍ជីវិត​ ការឈឺចាប់ ភាពជោគជ័យ គឺជាមេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អ្នកដើម្បីរៀនសូត្រ។

៩) រៀបចំខ្លួន៖ «ការរំពឹងទុកក្នុងជីវិតគឺពឹងផ្អែកលើភាពហ្មត់ចត់ ហើយដើម្បីឲ្យការងារមួយឲ្យល្អអ្នកត្រូវតែរៀបគម្រោងរបស់អ្នកសិន។» អ្នកគួរតែរៀបចំវិធីសាស្រ្តដើម្បីសម្រេចគោលដៅរបស់អ្នក មុននឹងអ្នកចាប់ផ្ដើមធ្វើដំណើរទៅរកវា។ អ្នកត្រូវរៀបគម្រោងឲ្យបានល្អ។ ពេលដែលអ្នករៀបចំរួចរាល់ស្រេចបាច់ហើយ អ្នកនឹងគ្រប់គ្រងរឿងទាំងអស់នោះបានកាន់តែប្រសើរ៕ ចុចអាន៖ គតិបណ្ឌិតទាំង១០របស់អ្នកប្រាជ្ញចិន ខុងជឺ

ដោយ៖ លង់ វណ្ណៈ

X
5s